ក្រោយប្រកាសបង្ហាញមុខនៅលើទីផ្សារបរទេសកាលពីខែមុននោះ ទូរស័ព្ទ Samsung Galaxy J5 pro និង Galaxy J7 pro រូបរាងថ្មី និងមានបំពាក់បច្ចេកវិទ្យាទំនើបជាងមុនបានបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជាយើងហើយជាមួយនឹងតម្លៃដ៏សមរម្យបំផុត។
ទូរស័ព្ទទាំង 2 ស៊េរីមានតួខ្លួនផលិតចេញពីលោហៈមានគុណភាពខ្ពស់ កាមេរ៉ាអាចថតរូបបានច្បាស់ល្អ និងមានភ្ជាប់នូវបច្ចេកវិទ្យាសុវត្ថិភាពដោយស្គែនម្រាមដៃបង្កប់ក្រោមប៊ូតុង Home ដែលស្ថិតនៅក្រោមអេក្រង់ ហើយដំណើរការដោយប្រព័ន្ធប្រតិបត្តិការAndroid 7.0 Nougat ជាមួយនឹងជម្រើស 3 ពណ៌គឺ ខ្មៅ ខៀវទឹកប្រាក់ និងពណ៌មាស។ ក្នុងនោះវាក៏មានមុខងារការពារជម្រាបទឹក IP54 Certified ដែលអាចការពារទឹកបានក្នុងកម្រិតល្មមៗ ដូចជាទឹកភ្លៀង និងការធ្លាក់ចូលទឹកបន្តិបន្ទួចជាដើម។
លោក Seungho Choi នាយកគ្រប់គ្រងសាខា Samsung ថៃ បានឱ្យដឹងថា វត្តមានរបស់ស្មាតហ្វូននេះ ក្រុមហ៊ុនចង់ផ្ដល់ជូនអ្នកប្រើប្រាស់កម្ពុជានូវបច្ចេកវិទ្យាថ្មីៗចុងក្រោយលើទូរស័ព្ទដែលមានតម្លៃសមរម្យ រូបរាងបែបទាន់សម័យ។ ទូរស័ព្ទ Galaxy J5 Pro មានរូបរាងស្អាតតូចច្រទ្បឹង ប្រើនូវអេក្រង់ HD Super AMOLEDទំហំ 5.2អ៊ីញ អាចបង្ហាញរូបភាព 720 x 1080 pixels និងមានកម្រិតPixel Density282ppi។
លោកថ្លែងថា ៖ «ខ្ញុំមានការជឿជាក់ថា ការរចនាដ៏ស្រស់ស្អាត រួមជាមួយបច្ចេកវិទ្យាកាមេរ៉ាដ៏ទំនើប និងលក្ខណៈពិសេសរបស់ Galaxy ស៊េរី J នឹងបន្តទាក់ទាញអតិថិជនចាស់ និងថ្មីឱ្យនៅតែប្រើប្រាស់ស្មាតហ្វូនទំនើបដែលបានរចនាទ្បើងដ៏ល្អឥតខ្ចោះ និងមានតម្លៃសមរម្យនេះទៀតជាមិនខាន»។
J5 Pro មានកាមេរ៉ាមុខ និងក្រោយទំហំ 13 MP ដូចគ្នា អាចថតរូបបានច្បាស់ទោះជាស្ថិតក្នុងទីតាំងស្ទើរពន្លឺក៏ដោយ ខណៈស្មាតហ្វូនមួយនេះមានកម្រិត Aperture f/1.7 ហើយកាមេរ៉ាមុខមានភ្ជាប់នូវភ្លើង LED Flash និងមានAperturef/1.9។ ចំពោះសមត្ថភាពម៉ាស៊ីនទូរស័ព្ទនេះវិញមាន Ram ទំហំ 2 GB ទំហំផ្ទុកទិន្នន័យ 16GB ប្រើ CPU ប្រភេទ Octa-core ល្បឿន 1.6 GHz Cortex-A53 និងមាន GPU Mali-T830MP2 រួមនឹងថាមពលថ្ម 3000mAh។
ដោយឡែកទូរស័ព្ទ Galaxy J7 Pro មានទំហំអេក្រង់ 5.5 អ៊ីញ ប្រភេទ HD Super AMOLED1080x1920 pixels និងមានកម្រិតPixel Density401ppi។ វាក៏មាន Ram ទំហំ 3GB ទំហំផ្ទុកទិន្នន័យ 64GB ប្រើ CPU ប្រភេទ Octa-core ល្បឿន 1.6 GHz Cortex-A53 និងមាន GPU Mali-T830MP2 រួមនឹងថាមពលថ្ម 3600mAh អាចសាកបានតាមរន្ធដោត USB Type-C ។
លោកនាយកគ្រប់គ្រងបានបន្ថែមទៀតថា ស្មាតហ្វូន Galaxy ស៊េរី J ថ្មីនេះ ក្រុមហ៊ុនរំពឹងថា នឹងរួមចំណែកដល់ការលក់ក្នុងត្រីមាសទី 3 ដែលផ្តោតសំខាន់លើអ្នកប្រើប្រាស់ស្មាតហ្វូនដែលមានបំណងចង់បង្កើនសមត្ថភាពស្មាតហ្វូនរបស់ខ្លួន ខណៈពេលពួកគាត់ធ្វើការសម្រចចិត្តដ៏ល្អបំផុតរវាងសេចក្តីត្រូវការ និងការចំណាយជាក់ស្តែង។ ទូរស័ព្ទ Galaxy J5 Pro មានតម្លៃ 279 ដុល្លារ និង Galaxy J7 Pro មានតម្លៃ 329 ដុល្លារ៕