«សេដ្ឋកិច្ចឌីជីថលបាននិងកំពុងធ្វើឱ្យរបៀបរបបធ្វើការងារមានភាពផ្លាស់ប្តូរជាច្រើននៅតាមបណ្តារោងចក្រឧស្សាហកម្ម និងសេវាកម្មនានា ដូចជាសេវាកម្មហិរញ្ញវត្ថុ សេវាកម្មសុខភាព ផលិតកម្ម សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្ត មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង»។
ខាងលើនេះ គឺជាប្រសាសន៍របស់ឯកឧត្ដមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ដែលបានថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយដែលធ្វើឡើងនៅខេត្តសៀមរាប ស្តីពីគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតនៃទេសចរណ៍ក្នុងស្រុក “Visit Cambodia” និងការអនុវត្តការចុះបញ្ជីស្នាក់នៅរបស់ភ្ញៀវទេសចរតាមអនឡាញសម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ កាលពីថ្ងៃទី4 ខែវិច្ឆិកា ឆ្នាំ2019។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា៖« តាមរយៈប្រព័ន្ធផ្សព្វផ្សាយ យើងក៏បានចូលរួមអប់រំដល់ប្រជាជនកម្ពុជាឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍ដ៏មានតម្លៃនៃវិស័យទេសចរណ៍ ពោលគឺ អត្ថប្រយោជន៍នេះមិនត្រឹមតែបានផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏បានទៅដល់ភ្ញៀវទេសចរដទៃទៀត តាមរយៈការទទួលបានបទពិសោធ ការទទួលស្វាគមន៍ ជាពិសេសការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនមូលដ្ឋានកាន់តែប្រសើរឡើង»។
ផ្អែកលើស្មារតីនេះ វិស័យទេសចរណ៍ក៏ត្រូវធ្វើការសិក្សា និងពង្រីកបន្ថែមនូវទីផ្សារទេសចរណ៍ឱ្យកាន់តែទូលាយឡើង តាមរយៈការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ដែលមានគុណភាព និងទាក់ទាញ ជាពិសេសជំរុញការផ្សព្វផ្សាយទេសចរណ៍តាមរយៈប្រព័ន្ធឌីជីថល ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការស្វែងរកព័ត៌មានអំពីគោលដៅទេសចរណ៍នានានៅកម្ពុជាឱ្យកាន់តែប្រសើរ។
ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យផ្នែកឯកជនដែលជាប្រតិបត្តិករទេសចរណ៍ចូលរួមផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃពិសេសណាមួយក្នុងគោលបំណងពង្រឹង និងពង្រីកសក្តានុពលទេសចរណ៍នៅខេត្តសៀមរាបឱ្យបានល្អប្រសើរ និងបង្កើនកំណើនភ្ញៀវទេសចរទៅកម្សាន្តឱ្យបានកាន់តែច្រើនថែមទៀត។
ក្នុងន័យនេះ គឺធ្វើយ៉ាងណាជំរុញការស្វែងរកគោលដៅ និងសេវាកម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរណ៍ទៅកាន់ខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អរបស់កម្ពុជា។
ម៉្យាងវិញទៀត ត្រូវបង្កើតនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសតាមរយៈកម្មវិធីនានា ឬការបញ្ចុះតម្លៃពិសេសទៅលើសេវាកម្មរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលដល់ការជ្រើសរើសគោលដៅ ក៏ដូចជាកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវទេសចរដែរ៕