“សង់ផ្ទះតម្រូវចិត្តអ្នករស់នៅ ធ្វើគ្រែតម្រូវចិត្តអ្នកគេង” ពាក្យបុរាណមួយនេះត្រូវបានមនុស្សទូទៅទទួលស្គាល់ថា វាជារឿងពិតជាក់ស្តែងបំផុត ដែលត្រូវបានគេលើកមកដំណាល និងអនុវត្តតាមតាំងពីដើមរហូតរៀងមកដល់ពេលបច្ចុប្បន្ននេះ។ ជាការពិតណាស់ផ្ទះបានផ្តល់ជាទីជម្រកជ្រកកោនយ៉ាងសុខសាន្តជាប្រចាំ។ ដូច្នេះ នៅពេលចូលទៅរស់នៅក្នុងផ្ទះ យើងតែងប្រាថ្នាចង់បានសេចក្តីសុខ និងមានក្តីចម្រុងចម្រើនប្រកបដោយភាពសុខ-ដុមរមនា និងសុភមង្គល។ ជាមួយគ្នានេះ បន្ទប់គេងក៏ជាចំណុចមួយដែលលោកអ្នកត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំប្រកបដោយសោភ័ណ្ឌភាព ជាពិសេសសម្រាប់គូស្វាមីភរិយាថ្មោងថ្មីដែលទើបតែបញ្ចប់កម្មវិធីរៀបអាពាហ៍ពិពាហ៍ កសាងសង្គមគ្រួសារថ្មីដោយក្តីរីករាយ និងមានស្ថិតស្ថេរជាអមតៈ។ ដើម្បីទទួលបាននូវសេចក្ដីសុខ មានភាពរីករាយនៅក្នុងជីវិតគ្រួសារ និងកសាងនូវគ្រួសារប្រកបដោយភាពកក់ក្ដៅ ពោរពេញទៅដោយសុភមង្គលល្អប្រសើរ មិនមែនមានត្រឹមតែសេចក្ដីស្រឡាញ់ស្មោះស្ម័គ្រតែមួយមុខគ្រប់ហើយនោះឡើយ តែវាត្រូវការចូលរួមជាចាំបាច់នូវកត្តាជីវហារ ទីលំនៅឋាន ព្រមទាំងកត្តាសេដ្ឋកិច្ចផងដែរ។ ដោយឡែកសម្រាប់កត្តាលំនៅដ្ឋាន ជាពិសេសបន្ទប់សម្រាប់ចូលនិន្ទ្រាតែម្ដង ក៏គួរតែចេះរៀបចំតុបតែងលម្អបន្ថែមបន្តិចទើបជាការប្រពៃ និងនាំសំណាងជោគជ័យសិរីសួស្ដីដល់ក្រុមគ្រួសារថែមទៀត។
តើបន្ទប់នាំជោគសំណាងគឺអ្វីទៅ?
បន្ទប់នាំជោគសំណាង និងនាំមង្គល គឺជាបន្ទប់ដែលសម្រាប់អាស្រ័យរស់នៅ ហើយមានតែសេចក្តីសុខសេចក្តីចម្រើនលូតលាស់ទៅមុខ។ បន្ទប់បែបនោះ គួរតែបែរមុខចេញទៅរកទិសផ្នែកខាងមុខផ្ទះ ពោលគឺទ្វារបន្ទប់ស្ថិតនៅក្នុងផ្លូវតែមួយនៃទ្វារផ្លូវចូលផ្ទះតែម្តង។ ជាមួយគ្នានេះ លោកអ្នកក៏អាចជ្រើសរើសនូវរូបភាពបែបធម្មជាតិ មានពណ៌ស្រស់ស្អាតបែបស្រទន់ដាក់តាំងបន្ថែមនៅលើផ្ទៃជញ្ជាំងអមផ្លូវដើរ ឬបើមានដាក់តាំងរូបភាពអនុស្សាវរីយ៍គ្រួសារមួយផ្ទាំងធំល្មមសមនឹងផ្ទៃជញ្ជាំងក៏កាន់តែប្រសើរ។ ដោយឡែកនៅក្នុងបន្ទប់គេង ក៏គួរមានតុតូចមួយសម្រាប់អង្គុយមើលសៀវភៅ ជាមួយថូផ្កាស្រស់ស្អាតតូចល្មម ដើម្បីបង្កើនភាពស្រស់ស្អាតនៅក្នុងបន្ទប់ និងមានក្លិនក្រអូបនៃផ្កាស្រស់ ដែលកាន់តែធ្វើឱ្យអារម្មណ៍លោកអ្នកកាន់តែរីករាយស្រស់ថ្លា មានភាពផ្អែមល្ហែមជាមួយដៃគូជីវិតមិនអាចបំភ្លេចបានរាល់រាត្រី។
របៀបបញ្ចៀសលក្ខណៈបន្ទប់មិននាំជោគសំណាង
-ទ្វារផ្ទះមិនគួរឱ្យស្ថិតនៅទល់មុខគ្នាជាមួយបន្ទប់ម្ខាងទៀត។
-កុំជ្រើសរើសបន្ទប់សម្រាប់ស្នាក់នៅ ដែលនៅចុងខាងក្រោយនៃផ្ទះ។
-ពេលបើកទ្វារចូលផ្ទះ មិនគួរឃើញបន្ទប់ទឹកនៅផ្នែកខាងមុខបន្ទប់ដេក។
-បន្ទប់បាយ ឬធ្នើរធ្វើម្ហូប មិនគួរនៅជាប់បន្ទប់គេង។ ក្រៅពីនេះ មិនត្រូវឱ្យទ្វារបន្ទប់ទឹក បែរមុខជល់គ្នាជាមួយទ្វារបន្ទប់ដេក ឬចុងជើងគ្រែគេងនោះទេ។
-ទីតាំងរបស់ឆ្នាំង ឬឆ្នាំងខ្ទះ មិនគួរនៅជិតជាមួយក្បាលម៉ាស៊ីនទឹកនោះទេ។
-បន្ទប់គេងមិនអាចអត់មានបង្អួចនោះទេ។
-កន្លែងធ្វើម្ហូបមិនគួរនៅចំត្រង់់បន្ទប់ទឹក។
-គួរចៀសវាងដាក់អាងទឹក ឬធុងទឹកនៅពីលើបន្ទប់គេង។
-បើកទ្វារចូលបន្ទប់ មិនគួរឃើញគ្រែជ្រងោៗទេ ត្រូវរកវាំងននមកបិទបាំងខ្លះទើបល្អ។
បន្ទប់ដែលគ្មានជោគសំណាង
មនុស្សជាច្រើនតែងចូលចិត្តជ្រើសរើសបន្ទប់គេងនៅត្រង់កន្លែងមើលទៅស្ងប់ស្ងាត់សម្រាប់ការរស់នៅរបស់ខ្លួន ដូចជាទីតាំងដែលគ្មានមនុស្សដើរឆ្លងកាត់ច្រើននាំរំខានអារម្មណ៍។ ប៉ុន្តែ ទោះបីយ៉ាងណា បន្ទប់ដែលនៅចុងខាងក្រោយនៃផ្ទះ ជាបន្ទប់ដែលមិនបាននាំជោគលាភសំណាងអ្វីឡើយ ហើយបើអាស្រ័យរស់នៅ តែងមានឧបសគ្គ និងអពមង្គលចូលមកយាយីច្រើនមិនខាន។ បើបន្ទប់គេងរបស់អ្នកស្ថិតនៅចុងខាងក្រោយនៃផ្ទះ ហើយចង់បំបាត់រាល់ឧបទ្រពទចង្រៃនេះចេញខ្លះ អ្នកគួរធ្វើបង្អួចធំមួយនៅត្រង់ជញ្ជាំងនោះ ដើម្បីបំបាត់ភាពមិនល្អបានមួយកម្រិតដែរ តែមិនច្រើននោះឡើយ ៕