សិស្សពូកែ និងសិស្សជាច្រើនរូបផ្សេងទៀតបានទទួលបណ្ណសរសើរ និងអាហារូបករណ៍ពីសាលា Kent Ridge នៅក្នុងថ្ងៃបើកបវេសនកាលថ្មីកាលពីដើមខែវិច្ឆិកានេះ។
លោក ង៉ោ ប៉េងទី នាយកសាលាអន្តរជាតិ Kent Ridge បានលើកឡើងថា សាលា Kent Ridge ជាគ្រឹះស្ថានអប់រំដែលតែងតែលើកទឹកចិត្តដល់សិស្សពូកែៗដែលមានសមត្ថភាព ឱ្យទទួលបានឱកាសសិក្សា ដោយក្នុងនោះមានសិស្សពូកែមួយចំនួនទទួលបានអាហារូបករណ៍ទាំងស្រុងពីសាលា និងសិស្សពូកែខ្លះទៀតទទួលបានអាហារូបករណ៍ក្នុងភាគរយមួយចំនួន ហើយបង់ថវិកាខ្លះ ទៅតាមសមត្ថភាពនៃការខិតខំប្រឹងប្រែងជាក់ស្តែងក្នុងការសិក្សា។ សាលាមិនសំដៅខ្លាំងពេកលើប្រាក់ចំណេញនោះទេ តែអ្វីដែលជាចក្ខុវិស័យសំខាន់របស់សាលា គឺព្យាយាមបង្ហាត់បង្រៀនសិស្សានុសិស្សឱ្យចូលរួមការងារសង្គមទាំងក្នុង និងក្រៅប្រទេសដើម្បីឱ្យពួកគាត់ក្លាយជាអ្នកដឹកនាំជំនាន់ថ្មី។
លោក ង៉ោ ប៉េងទី មានប្រសាសន៍ថា៖ «ជាគោលការណ៍សាលាបានបង្កើតសមាគមជាច្រើន ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបានសិក្សាពីការអនុវត្តតួនាទីជាក់ស្តែង ដូចជាសិស្សខ្លះធ្វើជាប្រធានសមាគមសិស្ស សិស្សខ្លះធ្វើជាអ្នកទទួលខុសត្រូវការងារបណ្ណាល័យ សិស្សខ្លះធ្វើជាប្រធានថ្នាក់ និងអ្នកខ្លះទៀតចូលរួមធ្វើជាអ្នករៀបចំកម្មវិធីនានាជាដើម។ ការធ្វើបែបនេះ នឹងធ្វើឱ្យសិស្សបានអនុវត្តការងារពិតប្រាកដ ដោះស្រាយបញ្ហាពិតប្រាកដ ស្របពេលដែលគាត់ខិតខំប្រឹងប្រែងរៀនសូត្របន្ថែមដើម្បីអភិវឌ្ឍសមត្ថភាពឱ្យក្លាយជាធនធានមនុស្សដ៏មានសក្តានុពលនាថ្ងៃអនាគត»។
លោកនាយកបានបន្ថែមថា សាលារៀនអន្តរជាតិ Kent Ridge បានចាប់ផ្តើមបើកដំបូងនៅក្នុងឆ្នាំ2014 ដោយក្នុងនោះសាលាបានចម្រាញ់យកសិស្សពូកែចំនួនត្រឹមតែ 12នាក់ប៉ុណ្ណោះ រហូតមកដល់បច្ចុប្បន្ននេះសាលាបានបណ្តុះបណ្តាលសិស្សពូកែៗបានរហូតដល់ 173នាក់ហើយ។ ស្របពេលជាមួយគ្នានេះដែរ សាលាក៏បានបង្កើតភាពជាដៃគូជាមួយស្ថាប័នប្រកួតប្រជែងជាច្រើននៅកម្ពុជា និងមានដៃគូជាមួយសាលារដ្ឋនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យសិស្សនៅកម្ពុជា និងសិង្ហបុរី មានទំនាក់ទំនងល្អ ហើយតែងតែរៀបចំកម្មវិធីប្រកួតតស៊ូមតិ (debate) រួមគ្នាជារៀងរាល់ឆ្នាំទៀតផង៕