កីឡាកររត់ប្រណាំងជម្រើសជាតិកម្ពុជា ង៉ែត ភារ័ត្ន ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ជួលមួយ ដែលជារបស់មិត្តស្រីខ្លួន ស្ថិតនៅក្នុងសង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាវេលាម៉ោង10 និង 30នាទីយប់ ថ្ងៃទី30 ខែតុលា ឆ្នាំ2019 ម្សិលមិញ ឯមូលហេតុនៃការស្លាប់នេះ ត្រូវបានគេសន្និដ្ឋានថា ដោយសារមានវិបត្តិផ្លូវចិត្ត។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលធ្វើអត្តឃាត ជនរងគ្រោះឈ្មោះ ង៉ែត ភារ័ត្ន ភេទប្រុស អាយុ 26ឆ្នាំ ដែលមានមុខរបរជាគ្រូបង្រៀនហ្វឹកហាត់ជំនាញផ្នែកកីឡារត់ប្រណាំង និងជាកីឡាករត់ប្រណាំងជម្រើសជាតិកម្ពុជា បានផឹកគ្រឿងស្រវឹងអស់ជាច្រើនកំប៉ុង មុននឹងឈានដល់ការចងកសម្លាប់ខ្លួននេះ។ ចំពោះមូលហេតុពិតប្រាកដនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស៊ីបអង្កេតជាបន្ត។
គួរបញ្ជាក់ដែរថា កីឡាកររូបនេះ គឺជាកីឡាកររត់ប្រណាំងជម្រើសជាតិកម្ពុជាដ៏ល្បីមួយរូប ដោយរូបគេធ្លាប់តំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកចំនួន 2លើក ដោយក្នុងនោះរូបគេក៏ធ្លាប់រត់ប្រណាំងជាមួយនឹងស្តេចល្បឿនពិភពលោកសញ្ជាតិចាម៉ៃកា Usain Bolt ទៀតផង៕