តាមពិតយើងមិនចង់ណែនាំឱ្យលោកអ្នកទទួលទានជាតិគ្រឿងស្រវឹងច្រើនពេកនោះទេ ព្រោះគ្រឿងស្រវឹងងាយនឹងធ្វើឱ្យខូចសុខភាព និងប្រព័ន្ធការចងចាំខ្លាំងណាស់។ ប៉ុន្តែប្រសិនបើអ្នកយកចិត្តទុកដាក់ពីការថែទាំសុខភាព ហើយត្រូវទទួលទានគ្រឿងស្រវឹងខណៈមានពិធីជប់លៀង ពិធីមង្គលការនានានោះ អ្នកគួរតែដឹងពីអាហារ និងបរិមាណជាតិស្រវឹងដែលត្រូវទទួលទាន ដែលមិនបំផ្លាញដល់សុខភាព។ មានអាហារមួយចំនួនដែលត្រូវបានអ្នកជំនាញសុខភាពអះអាងថា ទទួលទានលាយជាមួយគ្រឿងស្រវឹង នឹងបណ្ដាលឱ្យអ្នកខូចថ្លើម ហើយចុះខ្សោយអង់ទីករការពារជំងឺ។ នៅក្នុងថ្ងៃនេះ ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនប្រិយមិត្តអ្នកអានអំពីអាហារគួរចៀសវាងខណៈពេលទទួលទានគ្រឿងស្រវឹង។
1. អាហារមានរសជាតិប្រៃ
អាហារមានរសជាតិប្រៃដូចជា គ្រឿងក្លែម ;ប្រភេទបុក គឺធ្វើឱ្យរាងកាយរបស់អ្នកទទួលនូវសូដ្យូមច្រើន។ ធាតុសូដ្យូមធ្វើឱ្យអ្នកស្រេកទឹក ;នោះវាអាចធ្វើឱ្យអ្នកទទួលទានគ្រឿងស្រវឹងក្នុងបរិមាណច្រើនឡើងដោយអចេតនា។ ដើម្បីកែប្រែបញ្ហានេះ អ្នកគួរតែកុំប្រើអំបិលជាមួយគ្រឿងក្លែម ហើយគួរតែប្រើបន្លែលាយជាមួយឱ្យបានច្រើនជាងសាច់ទើបល្អ។
2. អាហារមានរសជាតិជូរ
គ្រឿងក្លែមដែលប្រើផ្លែក្រូចដូចជា ភ្លា ទឹកត្រីបុក និងជ្រក់ជាដើមនោះ បើទទួលទានជាមួយគ្រឿងស្រវឹង ឬជាតិអាកុល អាចបណ្ដាលឱ្យកើតជំងឺសន្លាក់ហ្កោត។ ជំងឺនេះមិនត្រឹមតែវាយប្រហារចំពោះសន្លាក់នោះទេ វាក៏ធ្វើឱ្យឆ្អឹងរបស់មនុស្សយើងងាយពុកថែមទៀតផង។ ប្រសិនបើអ្នកមានជំងឺប្រចាំកាយ អ្នកគួរតែចៀសវាងពីការទទួលទានបែបនេះ ព្រោះថា មានហានិភ័យខ្ពស់ចំពោះសុខភាពខ្លាំងណាស់។
3. នំប៉័ង
ក្នុងករណីដែលទទួលទានស្រាបៀរជាមួយនំប៉័ង នោះអ្នកត្រូវដឹងថា នំបុ័ង និងស្រាបៀរត្រូវបានផលិតចេញពីដំបែទាំងពីរ។ អាហារដែលធ្វើអំពីដំបែអាចបណ្តាលឱ្យហើមពោះ ឬរំលាយអាហារមិនបានល្អ។ អ្នកអាចនឹងកើតអាការ ចុកឆ្អល់ រាកមួល តឹងណែនក្នុងពោះ និងមានខ្យល់ក្នុងពោះវៀនធំជាដើម។
4. ភេសជ្ជៈគ្មានជាតិស្ករ
ភេសជ្ជៈគ្មានរូបមន្តជាតិស្ករដែលមនុស្សជាច្រើនប្រើជាគ្រឿងលាយជាមួយស្រាក្រឡុក ក៏មានគ្រោះថ្នាក់ដែល ខណៈដែលអ្នកទទួលទានស្រាលើសកម្រិតកំណត់។ គ្រឿងទាំងពីរនេះផ្សំចូលគ្នាបង្កើតបានជា កាបូននៅក្នុងឈាម ដែលធ្វើឱ្យសរសៃឈាមរួមត្បៀត ហើយប្រព័ន្ធលំហូរឈាមទៅកាន់បេះដូងក៏កាន់តែយឺតផងដែរ។ ហានិភ័យនោះគឺ អ្នកនឹងប្រឈមមុខជាមួយជំងឺលើសឈាម និងជំងឺបេះដូងជាដើម។
5. អាហារមានជាតិខ្លាញ់ខ្ពស់
ជាការពិតណាស់ ប្រសិនបើអ្នកទទួលទានស្រាក្លែមជាមួយអាហារបំពងស្រួយៗ ឬអាហារមានជាតិខ្លាញ់ច្រើន វាអាចបណ្ដាលឱ្យរាងកាយរបស់អ្នកផលិតអង់ស៊ីមដែលលើកកម្ពស់ដល់ការស្រូបយកជាតិខ្លាញ់។ ដូច្នេះប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹង យកល្អកុំទទួលអាហារមួយប្រភេទនេះឱ្យសោះ វានឹងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ហើយធ្វើឱ្យខូចថ្លើមថែមទៀត។
6. ការ៉ុត
មានមនុស្សជាច្រើនជឿជាក់ថា ការទទួលទានទឹកការ៉ុតធ្វើឱ្យត្រជាក់ដល់ថ្លើម សួត និងល្អសម្រាប់ក្រពះ។ តែទោះជាយ៉ាងណាតាមការសិក្សាជាច្រើនបង្ហាញថា ជាតិ Carotene នៅក្នុងការ៉ុតពេលដែលបញ្ចូលជាមួយនឹងគ្រឿងស្រវឹងនឹងផលិតទៅជាជាតិពុល ដែលបង្កគ្រោះថ្នាក់ ហើយជាតិពុលនឹងកើនឡើងទ្វេដងប្រសិនបើវាទទួលរងនូវសម្ពាធគ្រឿងស្រវឹងច្រើន។
7. ប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកអាស៊ីត Tannic អាចបង្កើតនៅក្នុងក្រពះបណ្តោលឱ្យស្ទះពោះវៀន ពិបាករំលាយនៅអំឡុងពេលទទួលទានស្រាបៀរ និងស្រាចូលទៅជាមួយគ្នា។ ហេតុនេះហើយពេលដែលអ្នកទទួលទានគ្រឿងស្រវឹង អ្នកគួរតែទទួលទានអាហារនេះឱ្យមានដែនកំណត់ ដើម្បីធានាសុវត្ថិភាពដល់ប្រព័ន្ធរំលាយអាហារ។
8. សាច់គោ
សាច់គោផ្តល់នូវសារធាតុចិញ្ចឹមកម្រិតខ្ពស់សម្រាប់រាងកាយ ខណៈដែលស្រាមានសារធាតុក្តៅ នៅពេលដែលរបស់ទាំងពីរមុខនេះ បញ្ចូលគ្នានាំឱ្យមានបញ្ហាទល់លាមក ភ្នែកក្រហម… ព្រមទាំងមានផលប៉ះពាល់មួយចំនួនទៀតដល់សុខភាពផងដែរ។
9. បារី
បុរសជាច្រើន បានចូលចិត្តទទួលទានគ្រឿងស្រវឹងបណ្តើរ ជក់បារីបណ្តើរ ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ការសេពគ្រឿងស្រវឹងរួមផ្សំជាមួយនឹងការជក់បារី មិនត្រឹមតែប៉ះពាល់ដល់ថ្លើមប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យកើតជំងឺមហារីកបំពង់កថែមទៀត។ អាស្រ័យហេតុនេះដើម្បីកុំឱ្យមានបញ្ហាដល់សុខភាពកាន់តែធ្ងន់ធ្ងរ អ្នកគួរតែចៀសវាងឱ្យបាន៕