កាលពីពេលកន្លងទៅនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានពិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន 3ម៉ឺន 5ពាន់ដុល្លារ ដោយ 2ម៉ឺនដុល្លារត្រូវព្យួរទុកសិន ករណីក្នុងអំឡុងពេល 2ឆ្នាំ បើមានកំហុសកើតឡើងម្តងទៀត AFC នឹងដកហូត 2ម៉ឺនដុល្លារនោះតែម្ដង។ កម្ពុជាក៏មានសិទ្ធិប្តឹងតវ៉ាដែរ ក្នុងអំឡុងពេល 30ថ្ងៃក្រោយចេញលិខិតពិន័យនេះ។
ចំពោះមូលហេតុនៃការពិន័យ គឺដោយសារតែសហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានកំហុសក្នុងការបញ្ចូលក្រុមណាហ្គាវើលដ៏ ទៅក្នុងពានរង្វាន់ AFC CUP 2019 នៅពេលដែលក្រុមមួយនេះគ្រងជើងឯកលីកកំពូលកម្ពុជាកាលពីឆ្នាំ2018 ទាំងក្រុមមួយនេះមិនបានបំពេញគ្រប់លក្ខខណ្ឌត្រូវការរបស់ AFC។
ក្រៅពីកម្ពុជា សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញលិខិតពិន័យរបស់ខ្លួនដែលក្នុងនោះ ក៏មានប្រទេស ឡាវ និងនេប៉ាល់ផងដែរ ដោយប្រទេសទាំង2 នេះបានរងពិន័យពីបទផ្តល់អាជ្ញាប័ណ្ណមិនត្រឹមត្រូវដល់ក្លិបក្នុងស្រុកឡើងមកលេងពានរង្វាន់ AFC CUP 2019៕