លោក Jarkko Turunen អនុប្រធានផ្នែកទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក Asia Pacific Department (APD) និងជាក្រុមការងារបេសកកម្ម ArticleIV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF (International Monetary Fund) បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីរបាយការណ៍របស់លោកនៅពេលបេសកកម្មបានបញ្ចប់ ដោយលោកបានលើកឡើងថា សង្គ្រាមពាណិជ្ជកម្មបានផ្តល់ផល វិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ចកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃការនាំចេញ ជាពិសេសទៅសហរដ្ឋអាមេរិក និងលំហូរទុនវិនិយោគពីបរទេស។
ទន្ទឹមនឹងការបង្ហាញសញ្ញាវិជ្ជមាន ក្រុមការងារបេសកកម្ម ArticleIV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)ក៏បានឱ្យដឹងដែរថា ក្នុងឆ្នាំ2020 សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងថមថយបន្តិច ដោយសារការថយចុះកំណើននៃសេដ្ឋកិច្ចសកល និងតំបន់ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដោយសារការកើនឡើងភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងការកើនឡើងនៃគោលនយោបាយគាំពារនិយម (Protectionism)។
ក្រុមបេសកកម្មរបស់ IMF មកកាន់រាជធានីភ្នំពេញក៏បានមើលឃើញនូវការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីការព្យួរកិច្ចព្រម-ព្រៀង EBA ដែលអាចនឹងកើតឡើង និងអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចរយៈពេលខ្លី។
លោក Turunen មានប្រសាសន៍ថា៖“បរិយាកាសម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពការលូតលាស់ រឹងមាំ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលកំពុងបន្តបានរួមចំណែកដល់វឌ្ឍនភាពគួរឱ្យកត់សម្គាល់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជានឹងប្រឈមនឹងភាពមិនប្រាកដប្រជា រាប់បញ្ចូលទាំងភាពតានតឹងខាងពាណិជ្ជកម្ម និងការផ្អាកសក្តានុពលនៃការចូលទៅកាន់ទីផ្សារអនុគ្រោះ ក្រោមគម្រោងអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (the Everything-but-arms ឬEBA) ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា”។
ហានិភ័យធ្លាក់ចុះផ្សេងទៀត រួមមានការធ្លាក់ចុះពីការកើនឡើងនៃការគាំពារនិយមពាណិជ្ជកម្មសកលដែលអាចរារាំងការនាំចេញនិងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន។ របាយការណ៍ IMFក៏បានមើលឃើញពីហានិភ័យដែលបណ្តាលមកពីភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុកើនឡើង។ បើនិយាយពីជំហរសារពើពន្ធវិញ IMF ជឿជាក់ថា ខ្លួននឹងនៅតែមានអតិរេកនៅឆ្នាំនេះ។
លោក Turunen ក៏បានគូសបញ្ជាក់ផងដែរថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំជាមួយនឹងកំណើនប្រមាណ 7%នៅឆ្នាំនេះ ដោយសារកំណើនការនាំចេញ និងសកម្មភាពវិស័យសំណង់ ខណៈអតិផរណានៅថេរក្នុងអត្រា 2.5%។
ក្នុងរយៈពេលមធ្យម កំណើនត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមបន្ថែមទៀត ខណៈវដ្តអចលនទ្រព្យ និងឥណទានមានភាពចាស់ទុំ។ កំណើននៃការនាំចេញ ក៏ត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមផងដែរ ដែលនាំឱ្យមានឱនភាពគណនីចរន្តកើនឡើងដល់ប្រមាណ 13.5%នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ។
លោក Turunen មានប្រសាសន៍ថា៖ “លទ្ធផលនៃប្រាក់ចំណូលនៅតែបន្ត ហើយដោយ សារការ-ខិតខំប្រឹងប្រែងផ្នែករដ្ឋបាលយ៉ាងខ្លាំង ប្រាក់ចំណូលពន្ធបានឈានដល់ជិត 19%នៃ GDP ក្នុងឆ្នាំ2018 ។ ជាលទ្ធផលសមតុល្យសារពើពន្ធឆ្នាំ2018 បង្ហាញពីអតិរេកជិត 1%នៃGDP”។
ដូចគ្នានឹងធនាគារពិភពលោកដែរ IMFមើលឃើញថា បំណុលសាធារណៈនៅតែទាបនៅឡើយគឺ 28.6% ហើយប្រទេសនេះត្រូវបានគេរំពឹងថា នឹងនៅតែមានហានិភ័យទាបនៃភាពតានតឹងបំណុល បើទោះបីជាមានការកើនឡើង ទាំងការទូទាត់បំណុល និងភាពជាដៃគូសាធារណៈ-ឯកជន (PPPs)ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្ដី។
ទោះយ៉ាងណា លោក Turunen បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែង បន្ថែមទៀតនៃគោលនយោបាយ ដើម្បីដោះស្រាយភាពងាយរងគ្រោះក្នុងវិស័យហិរញ្ញវត្ថុដែលកើនឡើង។ លោកបានមានប្រសាសន៍ថា៖ “វិធានការអាទិភាព រួមមានការអនុវត្តគោលនយោបាយ គោលដៅ ដូចជាទំហំហានិភ័យខ្ពស់ និងតម្រូវការវិធានធនសម្រាប់ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ ក៏ដូចជាការណែនាំអំពីការកំណត់ប្រាក់កម្ចី គិតជាតម្លៃសរុបដើម្បីដោះស្រាយហានិភ័យពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ”។
ដោយមើលទៅមុខ ការអនុវត្តដ៏រឹងមាំនៃយុទ្ធសាស្ត្រជំរុញចំណូលថ្មី (2019-2023) ត្រូវបាន រំពឹងថា នឹងជួយទ្រទ្រង់កំណើនប្រាក់ចំណូលតាមរយៈគោលនយោបាយពន្ធ និងកំណែទម្រង់រដ្ឋបាលចំណូល។ លោក Turunen បានមានប្រសាសន៍ថា៖“ការចំណាយបន្ថែម គួរតែបន្តឆ្ពោះទៅរកការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាទិភាព ក៏ដូចជាការចំណាយលើវិស័យសុខាភិបាល និងការអប់រំនៅពេលនេះ ធានាបាននូវប្រសិទ្ធភាពនៃការចំណាយ”។
មូលនិធិរូបិយវត្ថុអន្តរជាតិបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ាត្រឹមត្រូវក្នុងការធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រួមទាំងការគ្រប់គ្រងប្រមូលចំណូល ជាពិសេសកិច្ចខិតខំប្រឹងប្រែងផ្នែករដ្ឋបាលសារពើពន្ធ និងការកែទម្រង់ផ្អែកតាមយុទ្ធសាស្ត្រកៀរគរចំណូល 2019-2023 សំដៅដោះស្រាយបញ្ហាប្រឈមនិងបញ្ចៀសរាល់ហានិភ័យដែលអាចកើតឡើងជាយថាហេតុ តាមរយៈការដាក់ចេញនូវកញ្ចប់ថវិកាចំណាយបន្ថែមក្នុងឆ្នាំ2020 ដើម្បីគាំទ្រដល់ការបង្កើតការងារ ការអភិវឌ្ឍធនធានមនុស្ស និងបង្កើនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។
ទន្ទឹមនេះ វិធានការទាំងនេះ ក៏បានផ្តោតលើការលើកកម្ពស់ការប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ស្របពេលជាមួយគ្នានេះដែរ IMF ក៏បានលើកទឹកចិត្ត និងជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាពន្លឿនការអនុវត្តវិធានការកំណែទម្រង់ទាំងនេះ សំដៅសម្រេចបានសមិទ្ធផលប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា៖ “តាមការវាយតម្លៃរបស់ IMF ទោះបីកំណើនសេដ្ឋកិច្ចសកលមានការថមថយក្តី សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ2019 នៅតែសម្រេចបាននូវកំណើនរឹងមាំ ក្នុងរង្វង់អត្រា 7% ដែលត្រូវបានគាំទ្រដោយការបន្តកំណើនខ្ពស់នៃការនាំចេញ និងវិស័យសំណង់ ខណៈដែលអតិផរណា ត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាបប្រមាណ 2.5%។ ទន្ទឹមនេះស្ថានភាពហិរញ្ញវត្ថុសាធារណៈ នៅបន្តស្ថិតក្នុងភាពល្អប្រសើរ ស្របពេលដែលបំណុលសាធារណៈ ស្ថិតក្នុងកម្រិតហានិភ័យទាប ដែលអាចគ្រប់គ្រងបាន”។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបេសកកម្ម Article IV នៃ IMF ក្នុងការវាយតម្លៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងដាក់ចេញនូវអនុសាសន៍គោលនយោបាយ និងការបន្តផ្តល់ជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្ត្រីកម្ពុជាឱ្យកាន់តែមានជំនាញ និងចំណេះដឹងប្រសើរជាងមុន ជាពិសេសការផ្តល់ជំនួយបច្ចេកទេសលើការចងក្រងស្ថិតិជារួមរបស់រាជរដ្ឋាភិបាល ដែលមានសារៈសំខាន់សម្រាប់ការ-វិភាគ វាយតម្លៃ និងរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាព៕