ផ្សារហ៊ុនកម្ពុជា(ផ្សារមូលបត្រកម្ពុជា ឬ CSX) បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុននានាកាន់តែច្រើនក្នុងការចុះបញ្ជី ដែលធ្វើឱ្យសកម្មភាពជួញដូរភាគហ៊ុនក្នុងរយៈពេល 9ខែ ឆ្នាំ2019 កាន់តែសកម្មឡើង ចាប់តាំងពីផ្សារនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ2012។
ការជួញដូរនៅក្នុងរយៈពេល 9ខែ ឆ្នាំ2019 បានបង្ហាញនូវកំណើនដោយមូលធនូបនីយកម្មទីផ្សារបានកើនឡើងជាង 40% បើធៀបនឹងត្រីមាសទី2 ដែលនេះគឺជាតួលេខខ្ពស់បំផុតចាប់តាំងផ្សារហ៊ុនបើកដំណើរការមក។ នេះបើយោងតាមទិន្នន័យពីផ្សារមូលបត្រកម្ពុជា។
ទិន្នន័យដែលទទួលបានពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានបង្ហាញថា នៅក្នុងរយៈពេល 9ខែឆ្នាំ2019 មូលធនូបនីយកម្មទីផ្សារបានកើនដល់ 800លានដុល្លារកើនឡើងជាង 40%ពីចំនួន 570លានដុល្លារកាលពីត្រីមាសទី2 ឆ្នាំ 2019។ ចំណែកសន្ទស្សន៍ផ្សារហ៊ុនបានកើនឡើងដល់ 869 ពិន្ទុដែលជាតួលេខខ្ពស់បំផុតក្នុងរយៈកាល 6ឆ្នាំចុងក្រោយនេះ។
យោងតាមការគណនាមូលធនូបនីយកម្មទីផ្សារជាតម្លៃក្រុមហ៊ុនចុះបញ្ជីក្នុងទីផ្សារទាំងអស់បូកបញ្ចូលគ្នា គិតតាមតម្លៃទីផ្សារដោយតម្លៃក្រុមហ៊ុននីមួយៗ គឺគេយកថ្លៃភាគហ៊ុន គុណចំនួនភាគហ៊ុនចុះបញ្ជី។ ទិន្នន័យបានបញ្ជាក់ឱ្យដឹងទៀតថា ចំនួនគណនីថ្មីដែលបើកក្នុងរយៈពេល 9ខែមានចំនួន 725 ដោយគិតត្រឹមចុងត្រីមាសទី3 គណនីជួញដូរមានចំនួនសរុប 22,196។ ការជួញដូរជាមធ្យមក្នុងរយៈពេល9ខែ គិតជាទឹកប្រាក់មានតម្លៃប្រមាណ 27.121ដុល្លារ ស្មើនឹង12,539 ភាគហ៊ុនក្នុង 1ថ្ងៃ។ ការជួញដូរដែលមានលក្ខណៈវិនិយោគិនឯកត្តបុគ្គលមានប្រហែល 94%។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX បានមានប្រសាសន៍ឱ្យដឹងថា៖ “គោលនយោបាយបែងចែកភាគលាភកាន់តែប្រសើរ ការបង្កើនទំនុកចិត្តរបស់វិនិយោគិនមកលើទីផ្សារ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ CSX និងភាគីពាក់ព័ន្ធក្នុងការសម្រួលបទប្បញ្ញត្តិនីតិវិធី និងការធ្វើសកម្មភាពផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក ក៏ជាកត្តាចម្បងក្នុងការជំរុញទីផ្សារដែរ”។
លោកស្រីបន្តថា៖ “ដោយហេតុនេះហើយ ទើបសកម្មភាពប្រតិបត្តិការរបស់ផ្សារហ៊ុនកម្ពុជាក្នុងរយៈពេល 9ខែ ឆ្នាំ2019 មានភាពល្អប្រសើរយ៉ាងខ្លាំងចាប់តាំងពីរយៈពេល 6ឆ្នាំនៃការចាប់ផ្តើមដំ-ណើរការផ្សារហ៊ុន។ ភាពល្អប្រសើរ របស់ផ្សារមូលបត្រកម្ពុជានៅពេលនេះ គឺមកពីកត្តាសំខាន់ៗមួយចំនួនដូចជា ការបន្ថែមម៉ោងជួញដូរ កំណើនសេដ្ឋកិច្ចកម្ពុជា និងកំណើនប្រាក់ចំណេញរបស់ក្រុមហ៊ុនចុះបញ្ជីផងដែរ”។
លោកស្រីបន្តថា ជាមួយនឹងភាពល្អប្រសើរនេះបានធ្វើឱ្យចំនួនគណនីជួញដូរបច្ចុប្បន្នមានចំនួន 22,196 ដោយកើនឡើង 35% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងរៀបចំខ្លួនចុះបញ្ជីក្នុងផ្សារហ៊ុនដើម្បីទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធ 50%លើពន្ធប្រាក់ចំណេញ។ នេះបើតាមការបញ្ជាក់របស់លោកស្រី សុផានីតា។
លោកស្រីបានថ្លែងបន្តថា៖ “ខ្ញុំមានសុទិដ្ឋិនិយមចំពោះទីផ្សារក៏ដូចជាវិស័យនេះទាំងមូល។ ខ្ញុំរំពឹងថា ប្រសិនបើក្រុមហ៊ុនថ្មីដែលត្រៀមចុះបញ្ជីអាចដំណើរការចប់រួចរាល់តាមការគ្រោងទុក ហើយភាគហ៊ុនទាំងអស់នឹងនៅតែបន្តផ្តល់អត្រាចំណេញមួយដ៏ទាក់ទាញនោះនឹងមានការចូលរួមកាន់តែច្រើនបន្ថែមទៀតពីសំណាក់វិនិយោគិន”។
ទិន្នន័យពី CSX បានឱ្យដឹងទៀតថា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនទាំង 5 ដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាគិតត្រឹមដំណាច់ត្រីមាសទី2 ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2018 គឺតម្លៃភាគហ៊ុនរបស់៖ 1-កំពង់ផែស្វយ័តខេត្តព្រះសីហនុ (PAS) កើនឡើង 270% ពី 6400រៀល មក 23,650 រៀល។ 2-កំពង់ផែស្វយ័តភ្នំពេញ(PPAP) កើនឡើងជិត 100% ពី 6400រៀល មក 12,780រៀល។ 3-រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កើនឡើង 93% ពី 3180រៀល មក 6,160រៀល។ 4-ហ្គ្រេនធ្វីន អុីនធើណេសូណល(GTI) កើនឡើង 44% ពី 3050រៀល មក 4,400រៀល។ 5-ភ្នំពេញអេសអុីហ្សេត (PPSP) បានធ្លាក់ចុះ 2% ពី 2800រៀល មក 2,740រៀល គិតត្រឹមត្រីមាសទី3 ឆ្នាំ2019។
នាយកប្រតិបត្តិក្រុមហ៊ុន RHB Indochina Securities Plc ដែលជាក្រុមហ៊ុនធានាទិញមូលបត្របានថ្លែងប្រាប់ថា៖“ដោយសារទីផ្សាររបស់យើងនៅតូច ដូច្នេះនៅពេលដែលមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគក៏អាចនឹងធ្វើឱ្យមានឥទ្ធិពលធ្វើឱ្យផ្សារកើនឡើងដែរ។ មានន័យថា នៅពេលដែលអ្នកលក់មានចំនួនតិច និងអ្នកចង់ទិញមានច្រើន ក៏វាងាយធ្វើឱ្យទីផ្សារមានការកើនឡើងដែរ ហើយកំណើនដ៏ខ្ពស់នៃតម្លៃភាគហ៊ុនរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែក្រុងភ្នំពេញ គឺជាធាតុដ៏សំខាន់មួយក្នុងការធ្វើឱ្យផ្សារមូលបត្រកម្ពុជា មានសម្ទុះខ្លាំងក្នុងរយៈពេល 9ខែ ឆ្នាំ2019នេះ”៕