សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសអំពីការផ្លាស់ប្តូរកាលបរិច្ឆេទលក់សំបុត្រ សម្រាប់ទស្សនាការប្រកួត AFC U-19 Championship 2020 Qualifiers, East Zone, ពូល G ដែលកាលពីពេលកន្លងទៅសហព័ន្ធបានប្រកាសថា នឹងចាប់ផ្តើមលក់នៅថ្ងៃទី28 ខែវិច្ឆិកា។
ចំពោះកាលបរិច្ឆេទលក់សំបុត្រថ្មីនេះ នឹងលើកពេលពីថ្ងៃទី28 ខែវិច្ឆិកា ឆ្នាំ2019 ទៅថ្ងៃទី31 ខែវិច្ឆិកា ឆ្នាំ2019 វិញ ដោយសារមានការកែសម្រួលរចនាប័ទ្មឌីហ្សាញសំបុត្រតាមការស្នើសុំពីគណៈកម្មការរៀបចំការប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដើម្បីឱ្យត្រូវតាមស្តង់ដាអន្តរជាតិ។
គួររំឭកដែរថា ការប្រកួតវគ្គជម្រុះ AFC U-19 Championship 2020 ប្រចាំពូល G ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រទេសមកចូលរួមចំនួន5 រួមមានម្ចាស់ផ្ទះកម្ពុជា ថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះម៉ារីណាខាងជើង៕