ការតាំងពិព័រណ៍អចលនទ្រព្យធំជាងគេបង្អស់នៅកម្ពុជា នៅណាហ្គាវើលកាលពីថ្ងៃទី4-5 ខែតុលាឆ្នាំ2019 កន្លងទៅបានប្រមូលផ្តុំមនុស្សរាប់ពាន់នាក់ ទាំងអ្នកចូលរួមទស្សនា អ្នកទិញអចលនទ្រព្យ អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងក៏ជាវេទិកាមួយដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលដៅសំខាន់បំផុត គឺការនាំយកអ្នកទិញមកជួបផ្ទាល់ជាមួយអ្នកលក់ និងការទទួលយកចំណេះដឹងព័ត៌មានវិស័យអចលនទ្រព្យពីអ្នកជំនាញអចលនទ្រព្យ និងអ្នកច្បាប់ជាង 20នាក់ដែលមានបទពិសោធក្នុងវិស័យនេះដែលធ្វើបទបង្ហាញអំពីប្រធានបទនានាជុំវិញទីផ្សារ និងនិន្នាការបច្ចុប្បន្ននិងអនាគតនៃវិស័យអចលនទ្រព្យ។
លោក Andrew Chong វិនិយោគិនហុងកុង និងជានាយកប្រតិបត្តិក្រុមហ៊ុន Prestige Homes បានបង្ហាញពីសក្ដានុពល និងភាពរីកចម្រើនលើវិស័យអចលនវត្ថុនៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យកំពុងតែមាន ការរីកចម្រើនយ៉ាងខ្លាំង ដូច្នេះបានជាក្រុមហ៊ុនរបស់យើងសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា។
កត្តាដែលនាំឱ្យក្រុមហ៊ុនទាក់ទាញអតិថិជនបានច្រើន គឺដោយសារអតិថិជនបានផ្ដល់នូវភាពជឿជាក់ខ្លាំងជាមួយក្រុមហ៊ុនដែលមានចំណេះជំនាញជាក់លាក់ ច្បាស់លាស់លើវិស័យអចលនវត្ថុនេះ ដូចជាសេវា៖ ទិញ លក់ ជួលអចលនទ្រព្យ រួមមានជួលខុនដូ Apartment ដី បុរី ផ្ទះល្វែង អគារពាណិជ្ជកម្ម សណ្ឋាគារ ភោជនីយដ្ឋាន និងមានបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មវាយតម្លៃអចលនទ្រព្យជាដើម។ នេះបើតាមលោក Andrew Chong បានបញ្ជាក់។
លោក Andrew Chong ថ្លែងឱ្យដឹងថា៖ “ដើម្បីវិនិយោគការលក់គម្រោងអចលនទ្រព្យនៅកម្ពុជានេះ ក្រុមហ៊ុន Prestige Homes បានពាំនាំនូវបទពិសោធជាយូរឆ្នាំមកពង្រីក និងធ្វើឱ្យវិស័យនេះកាន់តែល្អប្រសើរ និងវិវឌ្ឍន៍ឥតឈប់ឈរ។ បើវិស័យអចលនទ្រព្យមិនល្អនោះ ក៏គ្មានក្រុមហ៊ុនផ្សេងៗណាចូលរួមច្រើនបែបនេះដែរ”។
លោក Marc Townsend ប្រធានក្រុមហ៊ុន CBREកម្ពុជា ដែលជាវាគ្មិនម្នាក់នៅក្នុងសិក្ខាសាលាដែរនោះបានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះត្រូវបានរៀបចំយ៉ាងល្អ និងមានអ្នកចូលរួមច្រើន ហើយក្រុមហ៊ុន CBRE កម្ពុជានឹងវិលត្រឡប់មកវិញនៅឆ្នាំក្រោយហើយគម្រោងអចលនទ្រព្យជាច្រើនរបស់យើងត្រូវបានលក់ដាច់ភ្លាមៗនៅក្នុងពិព័រណ៍ផ្ទាល់”។
លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អចលនទ្រព្យមួយនេះជាការតាំងបង្ហាញដ៏ធំបំផុតប្រចាំឆ្នាំសម្រាប់កម្ពុជានៅឆ្នាំនេះ។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ យើងពិតជាទទួលបានជោគជ័យបំផុតក្នុងការលក់អចលនទ្រព្យ។
លោកបន្តថា៖“ខណៈនេះយើងកំពុងធ្វើការបូកសរុបលទ្ធផលចុងក្រោយ យើងបានប្រាកដច្បាស់ថា ចំនួនអ្នកចូលរួម គឺមានការកើនឡើងទ្វេដង បើប្រៀបធៀបជាមួយព្រឹត្តិការណ៍កាលពីឆ្នាំមុន ហើយវាបានបំបែកកំណត់ត្រានៃការលក់អចលនទ្រព្យដែលមានចំនួន 30លានដុល្លារកាលពីពិព័រណ៍ឆ្នាំ2018 និងតាមរយៈព័ត៌មានបឋមរបស់យើងបានបង្ហាញថា ចំនួននៃការលក់អចលនទ្រព្យ ក្នុងអំឡុងពេលពិព័រណ៍នោះ គឺមានចំនួនលើសពី 40លានដុល្លារហើយ”។
លោក Li Yan Jin អ្នកគ្រប់គ្រងផែនការរបស់ក្រុមហ៊ុន Prince Huan Yu Real បានឱ្យដឹងថា ក្រុមហ៊ុន Prince Huan Yu Real Estate (Cambodia) Group បានលក់អចលនទ្រព្យរបស់ខ្លួនមានចំនួនច្រើនជាង 70យូនីតដែលមានតម្លៃសរុបជាង 15លានដុល្លារ។
លោក Li បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកបានលក់ការិយាល័យសរុបចំនួន 48យូនីតនៃគម្រោងPrince Huan Yu Center នៅឯទីក្រុងភ្នំពេញ និងខុនដូចំនួន 24យូនីតនៃគម្រោង Prince Golden Bay នៅខេត្តព្រះសីហនុ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏ទទួលបានអ្នកចាប់អារម្មណ៍ទិញគម្រោងរបស់ខ្លួនចំនួន 168នាក់ ដែលក្នុងនោះមាន 68នាក់ជាប្រជាជនកម្ពុជា។ចំណែកក្រុមហ៊ុន Morgan Group វិញបានលក់ខុនដូចំនួន 50យូនីតនៃគម្រោង Morgan EnMaisonដែលការលក់នេះមានតម្លៃសរុបប្រហែល 7.5លានដុល្លារ ក្នុងនោះខុនដូ 17យូនីតត្រូវបានទិញដោយប្រជាជនកម្ពុជា។ ឯគម្រោង Toul Kork Lane ក៏យើងបានលក់ចំនួន2 ដែរ ដែលមានតម្លៃជិត 13ម៉ឺនដុល្លារ។នេះបើតាមការបញ្ជាក់ដោយលោក Yao Chao អ្នកគ្រប់គ្រងផែនការរបស់ Morgan Group។
ទាក់ទិននឹងការអភិវឌ្ឍវិញ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានបញ្ជាក់បន្ថែមថា ចំពោះការវិនិយោគខាងអចលនទ្រព្យនៅខេត្តព្រះសីហនុវិញ ការចាកចេញរបស់ចិន ក្រោយរដ្ឋាភិបាលប្រកាសបិទហ្គេមអនឡាញ វានឹងមិនធ្វើឱ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅក្នុងខេត្តនេះទេ តែផ្ទុយទៅវិញ អ្នកវិនិយោគគួរតែបង្កើនការវិនិយោគវិស័យអចលនទ្រព្យបន្ថែមទៀត តែផ្ដោតទៅលើវិស័យទេសចរណ៍ជំនួសវិញ ដោយសារតែខេត្តនេះជាខេត្តដែលមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate បានធ្វើបទបង្ហាញចែករំលែកអំពីការវិវឌ្ឍនៃទីផ្សារអចលនទ្រព្យ និន្នាការ ទិសដៅវិនិយោគ និងការព្យាករពីតំបន់វិនិយោគសក្តានុពលនៅជុំវិញទីក្រុងភ្នំពេញនាពេលអនាគត។ ត្រូវស្វែង-យល់ពីគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលថា តើនឹងឆ្ពោះទៅទិសណា និងមានលំហូរប្រជាជនរស់នៅឬទេ? មានគម្រោងអភិវឌ្ឍន៍ធំៗដូចជា គម្រោងបុរីគម្រោងសំណង់អគារពាណិជ្ជកម្ម ឬគម្រោងក្លាយជាតំបន់ឧស្សាហកម្មជាដើម។
លោកបានឱ្យដឹងថា អចលនទ្រព្យនៅតាមបណ្តោយផ្លូវជាតិលេខ41 និងផ្លូវជាតិលេខ51 ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនៃភាគខាងលិចទីក្រុងភ្នំពេញមានសក្តានុពល និងមានសម្ទុះរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយសារកំណើនរោងចក្រសហគ្រាស ឃ្លាំង និងប្រជាពលរដ្ឋទៅសម្រុកទៅរស់នៅទីនោះច្រើន និងហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។
លោកបញ្ជាក់ថា៖“ផ្លូវជាតិលេខ51 មានតម្លៃថ្លៃជាង ដោយសារតែមានរោងចក្រឧស្សាហកម្មច្រើន មានប្រជាជនរស់នៅច្រើន និងជាផ្លូវសេដ្ឋកិច្ចចន្លោះផ្លូវជាតិលេខ4 និងលេខ5។ សម្រាប់ផ្លូវជាតិ41 វិញ ចេញពីផ្លូវជាតិលេខ4 ទៅកាន់ខេត្តកំពតគឺមានប្រវែងវែងដែលធ្វើឱ្យតម្លៃដីនៅចន្លោះនោះមានទីផ្សារ មានតម្លៃខ្ពស់ ឬមានតម្លៃទាបទៅតាមប្រភេទនិងទំហំដី”។
លោក សន សៀប ក៏បានឱ្យដឹងដែរថា៖“ អចលនទ្រព្យនៅតាមបណ្តោយផ្លូវទាំងពីរនេះ នៅតែមានសម្ទុះរីកចម្រើនខ្លាំង និងមានសក្តានុពលខ្ពស់ ដោយសារនៅតាមបណ្តោយផ្លូវ51 នេះ គោរពបាននូវគោលការណ៍អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដោយបានជំរុញរោងចក្រសហគ្រាសធំៗជាច្រើន មកបោះទីតាំងតាមបណ្តោយផ្លូវ 1នេះ។ សម្រាប់ផ្លូវជាតិលេខ41វិញ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ដឹក-ជញ្ជូនទំនិញផ្សេងៗទៅកាន់កំពង់ផែខេត្តកំពត ដែលធ្វើឱ្យទីផ្សារអចលនទ្រព្យកាន់តែមានសម្ទុះ និងមានតម្លៃខ្ពស់”។
វិនិយោគិនបរទេសលោក Raymond Chio ប្រធានក្រុមហ៊ុន Prestrige Homes Cambodia ក៏បានអះអាងដែរថា ទីផ្សារអចលនទ្រព្យនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញកំពុងមានការីកចម្រើនយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារតែមានគម្រោងវិនិយោគធំៗជាច្រើនបាននិងកំពុងអភិវឌ្ឍន៍នៅតំបន់នេះ។
លោក Raymond បន្តថា៖“អចលនទ្រព្យនៅទីក្រុងភ្នំពេញ គឺជាចំណុចកណ្តាល និងសក្តានុពលខ្ពស់ដែលអ្នកវិនិយោគមកពីគ្រប់ទិសទីបាន និងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង”។ លោកបន្តថា “វិស័យអចលនទ្រព្យនៅទិសទាំង4 នៃទីក្រុងភ្នំពេញ មានទិសខាងលិច ខាងកើត ខាងជើង និងខាងត្បូងបាននិងកំពុងរីកចម្រើន តែសម្រាប់វិស័យអចលនទ្រព្យនៅទិសខាងត្បូងបាននឹងកំពុងមានការរីកចម្រើនខ្លាំងជាបណ្តាទិសទាំងនោះ”៕