យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី25 ខែតុលា ឆ្នាំ2019 នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្នុងឆ្នាំ2020 ខាងមុខនេះ ប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបានដំឡើង។
នេះបង្ហាញឱ្យឃើញថា ជាមួយនឹងការមិនយកពន្ធលើប្រាក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ និងកម្មករនិយោជិតដែលស្ថិតក្នុងកម្រិតប្រាក់បៀវត្សរ៍អប្បបរមា និងគោលនយោបាយមិនយកពន្ធលើដីកសិកម្មរបស់កសិករហើយនោះ រាជរដ្ឋាភិបាលកម្ពុជានឹងធ្វើការដំឡើងប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ2020 ខាងមុខ។
នៅក្នុងនោះដែរ សម្រាប់បៀវត្សរ៍មន្ត្រីរាជការស៊ីវិលនឹងត្រូវបានដំឡើងពីប្រមាណ 1,100,100រៀលនៅឆ្នាំ2019 ដល់ប្រមាណ 1,142,500រៀល នៅខែមករា ឆ្នាំ2020 ហើយចាប់ពីខែមេសា ឆ្នាំ2020 នឹងត្រូវដំឡើងដល់ប្រមាណ 1,172,500រៀល។ បៀវត្សរ៍គ្រូបង្រៀន និងគ្រូពេទ្យ នឹងត្រូវបានដំឡើងពីប្រមាណ 1,200,100រៀលនៅឆ្នាំ2019 ដល់ប្រមាណ 1,242,500រៀល នៅខែមករា ឆ្នាំ2020 ហើយចាប់ពីខែមេសា ឆ្នាំ2020 នឹងត្រូវដំឡើងដល់ប្រមាណ 1,272,500រៀល។
បៀវត្សរ៍យោធិន(ពលទោ)នឹងត្រូវបានដំឡើងពីប្រមាណ 1,055,900រៀលនៅឆ្នាំ2019 ដល់ប្រមាណ 1,093,500រៀលនៅខែមករា ឆ្នាំ2020 (មិនគិតបញ្ចូលរបបអង្ករ) ហើយចាប់ពីខែមេសា ឆ្នាំ2020 នឹងត្រូវដំឡើងដល់ប្រមាណ 1,123,500រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ 1,181,977រៀល។ លើសពីនេះ ប្រាក់បំណាច់មន្ត្រីជាប់កិច្ចសន្យាក៏នឹងត្រូវដំឡើងពី 650,000រៀល នៅឆ្នាំ2019 ដល់ចំនួន 670,000រៀលនៅឆ្នាំ2020 ផងដែរ។
ទន្ទឹមនេះ បៀវត្សរ៍នគរបាលជាតិ(ពលបាលត្រី)នឹងត្រូវបានដំឡើងពីប្រមាណ 1,184,577រៀល(គិតបញ្ចូលរបបអង្ករ) នៅឆ្នាំ 2019 ទៅប្រមាណ 1,226,977រៀល(គិតបញ្ចូលរបបអង្ករ)នៅខែមករា ឆ្នាំ2020 ហើយចាប់ពីខែមេសា ឆ្នាំ2020 នឹងត្រូវឡើងដល់ប្រមាណ 1,256,977រៀល(គិតបញ្ចូលរបបអង្ករ)។
ចំពោះប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ក៏ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្ត្រីភូមិ នឹងត្រូវបានដំឡើងក្នុងឆ្នាំ2020 នេះដែរ ដែលក្នុងនោះរួមមាន ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានចំនួន 1,440,000រៀល។ ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងទទួលបានចំនួន 1,135,000រៀល។
ប្រាក់បំណាច់ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានចំនួន 1,155,000រៀល។ ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងទទួលបានចំនួន 910,000រៀល។ ប្រាក់បំណាច់មេឃុំ ចៅសង្កាត់ នឹងទទួលបានចំនួន 1,110,000រៀល។ ប្រាក់បំណាច់ជំទប់ទី1 ទី2 ចៅសង្កាត់រងទី1 ទី2 នឹងត្រូវបានដំឡើងពី 850,000រៀលនៅឆ្នាំ2019 ដល់ 780,000រៀល នៅឆ្នាំ2020។ ប្រាក់បំណាច់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី 740,000រៀលនៅឆ្នាំ2019 ដល់ 760,000រៀល នៅឆ្នាំ2020។
សម្រាប់ប្រាក់បំណាច់មេភូមិ នឹងត្រូវបានដំឡើងពី 400,000រៀលនៅឆ្នាំ2019 ដល់ 430,000រៀល នៅឆ្នាំ2020។ ប្រាក់បំណាច់អនុប្រធានភូមិ នឹងត្រូវបានដំឡើងពី 280,000រៀលនៅឆ្នាំ2019 ដល់ 310,000រៀលនៅឆ្នាំ2020។ ប្រាក់បំណាច់សមាជិកភូមិនឹងត្រូវបានដំឡើងពី 250,000រៀលនៅឆ្នាំ2019 ដល់280,000រៀលនៅឆ្នាំ2020៕