បើតាមការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់ថៃ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ AFF បានប្រកាសថាប្រទេសនៅក្នុងតំបន់អាស៊ាន ចំនួន5 បានសម្រេចព្រួតដៃគ្នាឈរឈ្មោះធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA WORLD CUP នៅឆ្នាំ2034។
ប្រទេសទាំង 5នោះមាន ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលសុទ្ធតែជាប្រទេសខ្លាំង ក៏ដូចជាមានហេដ្ឋារចនាសម្ព័ន្ធខាងបាល់ទាត់ខ្លាំងក្លានៅតំបន់អាស៊ាន ដោយមិនមានឈ្មោះប្រទេសកម្ពុជានៅក្នុងបញ្ជីឈ្មោះបេក្ខភាពនេះទេ។
គួរបញ្ជាក់ដែរថា ក្រោយពីមានការផ្តួចផ្តើមគំនិតពីសហព័ន្ធកីឡាបាល់ទាត់ថៃ និងពិភាក្សាគ្នាក្នុងជំនួបកិច្ចប្រជុំអាស៊ានកាលពីពេលកន្លងទៅ គម្រោងនៃការឈរឈ្មោះធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA WORLD CUP នៅឆ្នាំ2034 បានដំណើរការជាបន្តបន្ទាប់រហូតលេចចេញជារូបរាង ដោយក្នុងនោះកម្ពុជាដែលជាសមាជិកអាស៊ានដែរនោះក៏បានគាំទ្រគម្រោងមួយនេះដែរ៕