សណ្តែកទ្រើងជាបន្លែ 1ប្រភេទដែលកសិករកម្ពុជានិយមដាំ និងបរិភោគក្នុងជីវិតរស់នៅប្រចាំថ្ងៃដោយសារដំណាំសណ្តែកគួរអាចឆ្នៃជាបន្លែ អន្លក់ ហូបឆៅ ជ្រក់ និងឆា ស្លក៏បាន។ លើសពីនេះសណ្តែកកួរជាបន្លែដែលសម្បូរណ៍ទៅដោយជីវជាតិ និងសារធាតុចិញ្ចឹមជាច្រើនមុខ ដែលជួយទ្រទ្រង់សារពាង្គកាយមនុស្ស។
ដោយមើលឃើញពីគុណប្រយោជន៍ និងតម្រូវការសណ្តែកកួរនៅលើទីផ្សារ សហគមន៍កសិកម្ម “ស្វាយមានជ័យស្ត្រីសាមគ្គី” នៅភូមិក្រសាំងពុល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បាននាំគ្នាចាប់អារម្មណ៍ដាំដំណាំសណ្តែកកួរនៅលើផ្ទៃដីដាំដុះចំនួន 2ហិកតា(ក្នុងផ្ទៃដីសរុប 8ហិកតា) រួមជាមួយនឹងដំណាំរួមផ្សំផ្សេងទៀតគឺ ជីរ ត្រសក់ សណ្តែកកួរ ម្រះ និងត្រឡាច។
អ្នកស្រី ស៊ុន ស្រីពៅ ជាប្រធានសហគមន៍បានផ្តល់បទសម្ភាសអំពីការដាំដំណាំសណ្តែកកួរ ប្រាប់កាសែត ឡារ៉ែន ពាណិជ្ជថា៖ “គ្រួសារខ្ញុំ និងសហគមន៍ចាប់ផ្តើមប្រកបរបរដាំសណ្តែកកួរនេះរយៈពេល 10ឆ្នាំមកហើយ ដែលមានកសិករទាំងអស់ 18ក្រុម ស្មើនឹង 93គ្រួសារ ដាំដុះលើផ្ទៃដីប្រមាណ 8ហិកតាដែលមានដំណាំរួមផ្សំជាច្រើនមុខ”។
អ្នកស្រី បានបញ្ជាក់ឱ្យដឹងថា ដំណាំសណ្ដែកទ្រើង ឬសណ្ដែកកួរ គឺជាប្រភេទដំណាំដែលកសិករនិយមចូលចិត្តដាំដុះ ជាបន្លែដែលចូលចិត្តត្រជាក់ និងត្រូវការទឹកច្រើនគួរសម ដូច្នេះហើយទើបរដូវដែលស័ក្តិសមក្នុងការដាំបំផុត គឺរដូវរំហើយ ពីខែតុលា ដល់ខែកុម្ភៈ។
អ្នកស្រីបានឱ្យដឹងទៀតថា សណ្តែកទ្រើងអាចដុះលូតលាស់លើដីច្រើនប្រភេទដូចជា ដីក្រហមតាមតំបន់ភ្នំ ដីខ្មៅតំបន់ខ្ពង់រាប ដីល្បាប់តាមមាត់ទន្លេ និងដីល្បាយខ្សាច់ ហើយវាក៏អាចដុះលូតលាស់លើដីល្បាយខ្សាច់បានដែរ គ្រាន់តែបានទិន្នផលទាប។ ដំណាំប្រភេទនេះត្រូវរាប់បញ្ចូលទៅក្នុងក្រុមដំណាំដែលធន់ទ្រាំនឹងដីអាស៊ីត និងដីប្រៃ PH។
អ្នកស្រីបានបញ្ជាក់ថា ចំពោះវិធីដាំមិនមានអ្វីស្មុគស្មាញនោះទេ ដូច្នេះមុននឹងដាំគេត្រូវការរៀបចំដីជាមុនសិន ដោយត្រូវភ្ជួរដីឱ្យបានជម្រៅចាប់ពី 25-30សង់ទីម៉ែត្រ ហើយហាលទុកចោលរយៈពេលចាប់ពី 7-10ថ្ងៃ និងត្រូវភ្ជួរដីឱ្យបានយ៉ាងហោចណាស់ពី 2-3 ដងដែរ មុននឹងធ្វើការដាំដុះដំណាំសណ្ដែកទ្រើង ឬសណ្ដែកកួរនេះ។
ចំពោះការប្រើប្រាស់ជី គេត្រូវដាក់ជីមុននឹងដាក់ដាំ ឬទ្រាប់បាតដី គេដាក់ជីលាមកសត្វចាប់ពី 10-15តោន/ 1ហិកតា ដោយបាចទៅលើរងហើយរាស់លុបពេលរៀបចំដី(លើករង)។ បន្ទាប់ពីដាក់ជីហើយត្រូវស្រោចទឹកឱ្យជោគ។ សណ្តែកកួរត្រូវការទឹកជាប្រចាំ ប៉ុន្តែមិនត្រូវការទឹកដក់លើចម្ការឡើយ។ ការស្រោចដោយប៉ោតចំពួយផ្កាឈូករៀងរាល់ថ្ងៃ ព្រឹក-ល្ងាច គឺជាការល្អបំផុត។ ចំពោះការបញ្ចូលទឹក គេត្រូវបញ្ចូល 2ដងក្នុង 1អាទិត្យទៅតាមសភាពដី និងអាកាសធាតុ។ ស្ថិតនៅក្នុងសីតុណ្ហភាពចន្លោះពី 24-28អង្សាសេដើមសណ្ដែកនឹងដុះពន្លកចេញត្រួយ ហើយសីតុណ្ហភាពល្អបំផុតដែលវានឹងចេញផ្កា-ផ្លែ គឺចន្លោះពី 24-26អង្សាសេ ប៉ុន្តែអាចកើនលើសពីនេះបានរហូតដល់ 28.5អង្សាសេ។
សណ្តែកកួរត្រូវការទឹកកាន់តែច្រើនឡើងចាប់ពីវាមានអាយុ 30ថ្ងៃឡើងទៅ ព្រោះដំណាក់កាលនេះសណ្តែកចាប់ផ្តើមចេញផ្កាជាបណ្តើរៗ រហូតដល់ការប្រមូលផល។ យើងអាចប្រមូលផលបាន ចាប់ពីសណ្ដែកអាយុបាន 1ខែ បូក10-15ថ្ងៃឡើងទៅ អាស្រ័យទៅតាមពូជ។ គេអាចប្រមូលផលបានចាប់ពី 15-18 ដងក្នុង 1រដូវការដាំដុះ។ ទិន្នផលគិតជាមធ្យមប្រហែលពី 16-18តោន ក្នុងផ្ទៃដី1ហិកតា។ នេះបើតាមអ្នកស្រីប្រធានសហគមន៍បានបញ្ជាក់។
អ្នកស្រី ពៅ បានឱ្យដឹងទៀតថា៖“ចម្ការសណ្តែកកួរដែលសហគមន៍ខ្ញុំមាននៅលើផ្ទៃដី 2ហិកតានេះ គឺដាំក្នុងលក្ខណៈវិលជុំ ធ្វើឱ្យទទួលបានផលជាប្រចាំជាមធ្យម 200- 250គីឡូក្រាមក្នុង1ថ្ងៃដែលពេលខ្លះអាចដល់ 500គីឡូក្រាម។ ប៉ុន្តែសណ្តែកកួររបស់សហគមន៍ខ្ញុំដាំ មានលក្ខណៈខុសពីសណ្តែកកួរនៅលើទីផ្សារបន្តិចត្រង់ថា វាមានរសជាតិផ្អែម ឆ្ងាញ់ផ្លែស្រស់ តឹងណែន ស្វិតមានទឹក ដែលធ្វើឱ្យអតិថិជនជាប់ចិត្ត ចូលចិត្តទិញបរិភោគច្រើន ដណ្តើមគ្នាទិញលើទីផ្សាដោយសារខ្ញុំមិនប្រើគីមី។ ជាបន្លែសុវត្ថិភាព ដាំតាមធម្មជាតិ និងតាមការណែនាំពីមន្ត្រីជំនាញកសិកម្មខេត្ត”។
អ្នកស្រីបានបញ្ជាក់ថា៖“ការរកទីផ្សារលក់ចេញ គឺសណ្តែកររបស់សហគមន៍ខ្ញុំ មិនមានការលំបាកនោះទេ ដោយបច្ចុប្បន្នសហគមន៍កសិកម្ម ស្វាយ-មានជ័យស្ត្រីសាមគ្គី បានធ្វើកិច្ចសន្យាជាមួយវិស័យឯកជនមួយចំនួនដូចជាក្រុមហ៊ុន KOC REMIX ដែលបានប្រមូលទិញ និងចែកចាយ ទៅទីផ្សារ និងបានផ្គត់ផ្គង់ចែកចាយទៅ EAC (បណ្តាញរបស់ KOC) អង្គការស៊ីដាក ទីផ្សារនៅភ្នំពេញ និងទីផ្សារឧដុង្គ”។
ដោយឡែករឿងតម្លៃនៅលើទីផ្សារវិញ អ្នកស្រីប្រធានសហគមន៍បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖ “សណ្តែកួររបស់ខ្ញុំអាចលក់បានតម្លៃ 2,000រៀល ទៅ2,500រៀលក្នុង 1គីឡូក្រាម បើគិតតម្លៃសរុប 2500៛ X 250គ.ក= 625,000រៀលក្នុង1ថ្ងៃ។
អ្នកស្រី ស៊ុន ស្រីពៅ បានប្រាប់កាសែតឡារ៉ែនពាណិជ្ជ ទៀតថា៖“សម្រាប់សហគមន៍ខ្ញុំ បានធ្វើការពង្រីកការដាំដុះបន្លែសណ្តែកកួរបន្ថែមទៀតហើយ ទោះបីដៃគូសហការរបស់សហគមន៍ ពុំទាន់មានការបញ្ជាទិញបន្ថែមក៏ដោយ។ ម្យ៉ាងទៀតសហគមន៍ខ្ញុំក៏បានដាំដំណាំនេះក្នុងលក្ខណៈវិលជុំ ដែលអាចធ្វើឱ្យសហគមន៍យើងប្រមូលផលបានជាប្រចាំ នៅលើផ្ទៃដីដំណាំដែលយើងមាន យើងក៏អាចបូករួមផ្សំជាមួយបន្លែដទៃទៀត យើងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបាន ដោយរួមជាមួយនឹងសហគមន៍ផ្សេងទៀតដែលគេមានដំណាំនេះដែរ តែតម្រូវការកាន់តែច្រើន យើងក៏ចង់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់”៕