ពិធីរៀបអាពាហ៍ពិពាហ៍ដ៏មានន័យត្រូវបានបញ្ចប់ ពេលវេលាដែលត្រូវគិតដល់ទីតាំងក្រេបទឹកឃ្មុំដ៏រ៉ូមែនទិក ក៏ត្រូវចូលមកដល់ដែរ។ សម័យបច្ចុប្បន្ននេះ ការធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំអាចចាត់ទុកថា ជារឿងដែលមានភាពសំខាន់មួយដែរ ព្រោះថាសម្រាប់គូស្នេហ៍ដែលទើបតែរៀបការរួចថ្មោងថ្មីដូចជាអ្នកទាំងពីរ ការធ្វើដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំ គឺប្រៀបដូចជា ការជួយបង្កើននូវការចងចាំអនុស្សាវរីយ៍ដ៏រីករាយ បន្ថែមជាមួយនឹងភាពផ្អែមល្ហែមដ៏សែនមានន័យមិនអាចបំភ្លេចបានដល់ជីវិតគូ។ “គិតចេះតែគិតហើយ ប៉ុន្តែដូចមិនទាន់ច្បាស់ក្នុងចិត្តសោះថា នឹងទៅក្រេបទឹកឃ្មុំនៅឯណាល្អ?” នេះគឺជាប្រយោគមួយដែលស្ថិតនៅក្នុងចិត្តគូស្វាមីភរិយាមួយចំនួនមែនដែរទេ? បើដូច្នេះចូរសាកមកទទួលយកទីតាំងមួយចំនួនដែល ឡារ៉ែន ចង់ណែនាំជូនដូចខាងក្រោមនេះ៖
តំបន់កម្សាន្តលើកោះ : អាចនិយាយបានថា ជាទីតាំងល្អលេខមួយហើយសម្រាប់អ្នកដែលចង់ស្វែងរកទីតាំងក្រេបចន្ទទឹកឃ្មុំលំដាប់ល្អដាច់គេនោះ។ ជាដំណើរកម្សាន្តក្រេបទឹកឃ្មុំដែលមានលក្ខណៈផ្ទាល់ខ្លួនខ្លាំងជាងគេបំផុត បើប្រៀបធៀបទៅនឹងការធ្វើដំណើរកម្សាន្តនៅទីតាំងផ្សេងៗទៀត តែក៏អាចនឹងត្រូវចំណាយអស់ច្រើនជាងគេដែរ ប៉ុន្តែអ្វីដែលអ្នកទទួលបានពីតំបន់កម្សាន្តនៅលើកោះនោះ ក៏ស្ទើរតែរកមិនឃើញភាពខ្វះចន្លោះទាល់តែសោះដែរ។ សម្រាប់ទីតាំងពិសេសបែបនេះអ្នកអាចនឹកគិតដល់តំបន់មួយចំនួនដូចជា កោះម៉ាល់ឌីវ កោះឡាំងកាវី កោះតាហីទី កោះបាលី និងកោះសាមុយជាដើម តែបើអ្នកគិតថាមិនចង់ទៅដល់បរទេសទេនោះ អ្នកអាចគិតដល់កោះមួយចំនួននៅក្នុងប្រទេសយើងក៏បាន គឺអាចផ្តល់នូវភាពរ៉ូមែនទិកដែលមិនអាចបំភ្លេចបានសម្រាប់រាត្រីចន្ទទឹកឃ្មុំរបស់អ្នកដូចគ្នា។
តំបន់មាត់សមុទ្រ : ខ្យល់ត្រជាក់បក់ផាត់នាំយកក្លិនដ៏ប្រហើរនៃទឹកសមុទ្រ រួមជាមួយនឹងសំឡេងរលកបោកច្រាំងទាំងថ្ងៃទាំងយប់ឥតឈប់ឈរ រួមជាមួយនឹងសម្រស់ដ៏ស្រស់ត្រកាលនៃសមុទ្រនឹងជួយធ្វើឱ្យភាពផ្អែមល្ហែមនៃគូស្វាមីភរិយាថ្មោងថ្មីកាន់តែមានភាពស៊ីជម្រៅឡើងមួយកម្រិតទៀត។
តំបន់ភ្នំ : នៅតាមតំបន់ភ្នំជាកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធល្អ មានភាពត្រជាក់ស្រួល ស្ងប់ស្អាត់ មានទេសភាពពណ៌បៃតងស្រស់ មានសំឡេងសត្វរ៉ៃ និងសំឡេងទឹកជ្រោះជាតន្ត្រីកំដរគូស្នេហ៍ដែលស្រឡាញ់ចូលចិត្តធម្មជាតិ និងសម្រាប់គូស្នេហ៍ដែលភាពស្ងប់ស្ងាត់ឱ្យកាន់តែរ៉ូមែនទិក មានសេចក្តីសុខ និងមានភាពរីករាយកាន់តែច្រើនឡើង។ ប្រសិនបើអ្នកមិនចង់ទៅណាឆ្ងាយរហូតដល់ឆ្លងប្រទេសទេនោះ ចូរស្វែងរកទីតាំងពិសេសៗនៅក្នុងប្រទេសយើងក៏បានដែរ ហើយទីតាំងក្នុងប្រទេសដែលនិយាយនោះ វាគ្មានអ្វីក្រៅពីតំបន់សមុទ្រ (ដូចជា ក្រុងព្រះសីហនុ និងក្រុងកែប) ឬតំបន់កោះ (ដូចជា កោះសង្សារ កោះឫស្សី និងកោះរ៉ុងសន្លឹមជាដើម) និងតំបន់ភ្នំ (ដូចជា ភ្នំបូកគោ និងឧទ្យានជាតិគីរីរម្យជាដើម)៕