លោកអៀង ចេនឡា ជាតារាសិល្បៈដែលបានឈរជើងលើអាជីពនេះអស់រយៈពេលជាង10ឆ្នាំមកហើយ ប៉ុន្ដែលោកទើបតែអាចធ្វើឱ្យមហាជនចាប់អារម្មណ៍ និងស្គាល់រូបលោកច្បាស់ក្រោយពីមានឱកាសបានសម្ដែងក្នុងរឿង«ភពផែនដែនស្នេហ៍»ដែលចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍MY TV។
ការពិត ដំបូងឡើយលោកអៀង ចេនឡា មិនមែនជាតារាសម្ដែងទេ រយៈពេលជាង10ឆ្នាំមកនេះលោកបានប្រើពេលវេលាជាមួយការច្រៀងដោយគ្មានផលិតកម្ម។ តែក្រោយពីលោកចង់បន្ថែមអាជីព ក៏ដូចជាតម្រូវការរកប្រាក់ចំណូលបន្ថែមដើម្បីផ្គត់ផ្គត់ជីវភាពគ្រួសារ គ្រាដែលឪពុកលោកជាអ្នករត់ម៉ូតូឌុបជួបឧប្បត្តិហេតុរហូតពិការដើរលែងរួច លោកក៏សម្រេចចិត្ដថតភាពយន្ដតែម្តង។
លោកអៀង ចេនឡា បញ្ជាក់ថា នៅឆ្នាំ2014លោកទទួលបានឱកាសសម្ដែងនៅក្នុងរឿង«ភពផែនដែនស្នេហ៍» តែមួយប៉ុណ្ណោះ ដោយកាលនោះលោកសម្ដែងជាតួអង្គឧកញ៉ាដែលបង្ហាញពីខ្សែជីវិតពិតរបស់ឧកញ៉ាម្នាក់ ហើយចាប់ពីពេលនោះមកលោកហាក់មានរាសីឡើងចាប់ផ្ដើមទទួលបានការងារសម្ដែងយ៉ាងច្រើនជាបន្ដបន្ទាប់។ លោកបន្ដថា ចូលមកដល់ឆ្នាំ2016 កេរ្ដិ៍ឈ្មោះក្នុងការសម្ដែងត្រូវបានស្ទុះឡើងយ៉ាងខ្លាំងរហូតដល់លោកអាចទទួលបានការសម្ដែងរឿងភាគក្នុងមួយឆ្នាំដល់ទៅ10រឿង ដែលក្នុងនោះមានរឿងល្បីៗដូចជា«កំលោះក្ដាមប្រៃកញ្ញាស្ពៃជ្រក់» និង«ចិត្ដស្អប់បង្កប់ស្នេហ៍ជាដើម»។
តារាសិល្បៈពហុជំនាញរូបនេះបញ្ជាក់ថា៖«ខ្ញុំតែងតែគិតថា ភាពដដែលៗជាសត្រូវនៃសិល្បៈ ដូច្នេះហើយទើបខ្ញុំខិតខំបង្កើតទេពកោសល្យថ្មីៗសម្រាប់ខ្លួនឯងជាច្រើនដើម្បីបំពេញតាមតម្រូវការទីផ្សារ វាក៏ជាមូលហេតុមួយដែរដែលធ្វើឱ្យខ្ញុំអាចមានទីផ្សារការងារយ៉ាងល្អដូចបច្ចុប្បន្ន»។ លោកបន្ដថា យ៊ីអ៊ុន និងភ័ព្វសំណាងក៏គួបផ្សំជាមួយដែរ ព្រោះបើនិយាយដល់ការថតភាពយន្ត10រឿងក្នុងមួយឆ្នាំ មានតារាសិល្បៈជាច្រើនគិតថា ច្រើនណាស់ និងពិបាកបែងចែកពេលវេលា ហើយក៏មានអ្នកខ្លះសួរលោកដែរថា តើធ្វើម៉េចបានទៅរួច? តែផ្ទុយទៅវិញសម្រាប់រូបលោកអាចធ្វើបានល្អរួចទៅហើយ។ មិនមែនតែការសម្ដែងមួយមុខនោះទេ គឺមានការងារជាច្រើនទៀតដែលលោកទទួលបាន ដូចជាច្រៀងនៅតាមកម្មវិធីធំៗ ថតរឿងខ្លីនានា និងថតស្ប៉តឱ្យក្រុមហ៊ុននានាទៀតផង។
លោកអៀង ចេនឡា ប្រាប់ទៀតថា៖ «ការពិតដូចទេវតាជួយខ្ញុំអ៊ីចឹង ពោលគឺចាប់ពីមានឈ្មោះក្នុងទីផ្សារសិល្បៈមក គឺរវល់ជាប់ ពេលខ្លះគិតថា បានសម្រាកមួយថ្ងៃ គឺថ្ងៃនោះហើយដែលត្រូវគេហៅទៅថតស្ប៉ត ឬធ្វើការងារផ្សេងៗ ពោលគឺវាចេះតែទៅស្រួលរហូត»។ ទោះជាយ៉ាងណាលោកអះអាងថា បើទោះជាមានទេវតាជួយក៏ដោយ តែយើងក៏ត្រូវជួយខ្លួនឯងដែរ។ ឧទាហរណ៍ថា បើយើងទទួលបានការងារល្អៗច្រើនហើយ តែយើងមិនចេះគោរពពេលវេលា មិនស្រឡាញ់ការងារ ធ្វើឱ្យអ្នករួមការងារជាមួយយើងគាត់លំបាក ក៏ទេវតាមិនអាចជួយបន្ដទៀតបានដែរ។ ជាងនេះទៅទៀត លោកបន្ដថា ការគោរព និងដឹងគុណចំពោះឪពុកម្ដាយបានធ្វើឱ្យលោកមានកម្លាំងចិត្ដ ធ្វើអ្វីៗចេះតែបានជោគជ័យជាបន្ដបន្ទាប់។
គួរបញ្ជាក់ថា លោកអៀង ចេនឡា ក្រៅពីលោកកំពុងទទួលបានទីផ្សារសម្ដែងភាពយន្ដហើយ លោកនៅអាចច្រៀងភ្លេងការ កាត់សក់ ច្រៀងចម្រៀងសម័យ និងកំប្លែងបានទៀតផង៕