ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន 649លានយ៉េនជប៉ុន ស្មើនឹង 5.77លានដុល្លារអាមេរិកដើម្បីអភិវឌ្ឍធនធានមនុស្សនៅឆ្នាំនេះ និងឆ្នាំខាងមុខ។
ពិធីផ្តល់ជំនួយខាងលើបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ដោយមានការចុះហត្ថលេខារួមគ្នារវាងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងឯកឧត្តម horinouchiHidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា។ ជំនួយជប៉ុននាពេលនេះគឺក្នុងគោលបំណង 1.ហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ 2.5លានដុល្លារសម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (3ឆ្នាំរំកិល) សម្រាប់ឆ្នាំសិក្សា 2017 និង 2. ហិរញ្ញប្បទានឥតសំណងក្នុងទឹកប្រាក់ចំនួន 3.27លានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់ឆ្នាំសិក្សា 2018។
ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា នៅឆ្នាំ2000 និស្សិតកម្ពុជារាប់រយនាក់បានទទួល អត្ថប្រយោជន៍ពីគម្រោងនេះដើម្បីបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមក្នុងជំនាញទំនាក់ ទំនងអន្តរជាតិ សេដ្ឋកិច្ច ការអភិវឌ្ឍ ការអភិវឌ្ឍច្បាប់ និងតុលាការ ក្នុងចំណោមជំនាញផ្សេងទៀតជាច្រើន។ រហូតមកទល់ឆ្នាំ2016 និស្សិតកម្ពុជាចំនួន 275នាក់បានបញ្ចប់ការសិក្សាពីកម្មវិធីអាហារូបករណ៍នេះ និងបានបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា៕