នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៩ នេះ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥បានរៀបចំក្រុងពាលីរឿង«និស្ស័យខ្លុយស្នេហ៍» មានការចូលរួមសម្តែងដោយលោក មុំ សុធារ៉ា តារាកំពុងមានប្រជាប្រិយភាព, តារាស្រីរះថ្មីកញ្ញា ម៉ូនី និតា, តារាជើងចាស់លោក សំអ៊ែល តារាវុធ, លោក សុខ សុធន, កញ្ញា វ៉ាន់ លីលី, លោក ឆាលី, កញ្ញា ស្រីរត្ន័, កញ្ញា ដាណា, លោករិទ្ឋីនី, នង សុខលី, ម៉េង សាវុទ្ឋ, សុភា, លោកវិរៈ តារា, កុមារី ណាណា,កញ្ញា គឹមហួ ព្រមទាំងតារាល្បីៗជាច្រើនរូបទៀត។
ជាមួយគ្នានេះដែរ លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធី ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានថ្លែងបញ្ជាក់ថា ទោះបីជាកន្លងមកទូរទស្សន៍ កងយុទ្ធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានយកទិញសិទ្ធថតភាពយន្ត និងឆ្អឹងរឿងពីប្រទេសថៃ មកផលិតក៏ពិតមែន ប៉ុន្តែយើងមានការកែសម្រួល ទាំងប្លង់ថត សាច់រឿង បច្ចេកទេស តួសម្ដែង និងឥរិយាបទនានា ឱ្យមានលក្ខណៈជាខ្មែរសុទ្ធសាធ ទើបយើងផលិតឡើង។ ម្យ៉ាងវិញទៀត ប៉ុស្តិ៍លេខ៥ ត្រូវការភាពយន្តខ្មែរច្រើន ដើម្បីដាក់បញ្ចាំងរៀងរាល់ថ្ងៃ បំពេញតម្រូវការអ្នកទស្សនា ទោះក្នុងទូរទស្សន៍នេះ មានកម្មវិធីសំបូរបែបច្រើនទៀតក្ដី។ លោកបន្តថា រាល់ភាពយន្តដែលយើងមកថត គឺយើងបានទិញសិទ្ធត្រឹមត្រូវ ហើយផលិតករ ក៏បានរៀបចំឡើងយ៉ាងសម្រិតសម្រាំងថ្មី ឱ្យក្លាយជាចំណីអារម្មណ៍មួយប្លែកភ្នែក ពោលគឺមិនដូចគ្នាទាំងស្រុងនោះទេ មានតែចំណុចបន្តិចបន្ទួតប៉ុណ្ណោះ ដែលអ្នករិះគន់លើកយកមក ដោយមិនបានពិនិត្យមើល លើសាច់រឿងទាំងមូល។ យ៉ាងណាមិញ ដើម្បីលើស្ទួយភាពយន្តខ្មែរឲ្យរីកចម្រើន យើងនៅតែបន្តដើរលើគោលការណ៍នេះ បន្តទៀត។
សូមជម្រាបបញ្ជាក់ថា មួយឆ្នាំទៅមួយឆ្នាំ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ រមែងរំលេចស្នាដៃភាពយន្តភាគខ្មែរជាច្រើន ទាំងបុរាណ និងសម័យទទួលបានភាពពេញនិយម ពិសេសអ្នកនៅតាមបណ្តាខេត្តមួយចំនួន។ ទាំងនេះហាក់ដូចជាការលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យរស់រានបន្តទៀត មិនថាផលិតករ តារាសម្តែង ក្រុមបច្ចេកទេស គឺទទួលបានការងារធ្វើជាហូរហែ៕