កាលពីល្ងាចថ្ងៃទី២២ តុលា ក្នុងឆ្នាំ២០១៩ ផលិតកម្មមហាហង្សរៀបចំពិធីទទួលលោក យស បូវណ្ណៈ នាបរិវេណផ្សារទំនើបអ៊ីអន២ ស៊ឹងតែស្មើនឹងពិធីបើកសម្ពោធរឿងជាថ្មីហើយ បើទោះជាមានការចំណាយមិនតិច។ យ៉ាងណាមិញ គេមើលឃើញថា តារាសម្ដែងជើងចាស់រូបនេះកាន់តែរំភើបចិត្ត នៅពេលមានអ្នកគាំទ្រប្រាប់ថាភាពយន្តរឿង”លោកឪពុក” ដែលលោកបានថត ទទួលបានការគាំទ្រខ្លាំង ហើយបើទោះជាដាក់បញ្ចាំងច្រើនថ្ងៃ ក៏នៅតែមានអ្នកទស្សនាពេញសាល។
លោក យស បូវណ្ណៈ បានប្រាប់ឡារ៉ែនថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមានទស្សនាភាពយន្តដែលលោកបានសម្ដែង និងមានទាំងការស្វាគមន៍លើសពីការស្មានពីសំណាក់ផលិតករមហាហង្ស ដើម្បីលើកមុខលើកមាត់របស់លោកឱ្យមហាជនចាប់អារម្មណ៍។ ក្នុងនោះលោកក៏សោកស្ដាយណាស់ដែរ ដែលសុំច្បាប់បានតែ២សប្ដាហ៍ ហើយមិនអាចទទួលថតរឿងបាន នៅពេលមានការទាក់ទងពីផលិតកម្មមហាហង្ស និងផលិតករផ្សេងទៀត តាំងពីមុនលោកចុះមក។ លោកទទូចឱ្យទស្សនាភាពយន្តនេះឱ្យបានច្រើន ដើម្បីដឹងពីការលះបង់របស់ឪពុក និងដូចជាគាំទ្រស្នាដៃរបស់លោក។
សូមបញ្ជាក់ដែរថា ពិធីដែលមានលោក យស បូវណ្ណៈ បង្ហាញខ្លួននោះ ក្រៅពីមានការរៀបចំជាផ្ទាំងរូបថតរបស់លោក អោយសាធារណជនចាប់អារម្មណ៍នៅជាន់រោងកុន ក៏មានវត្តមានតារាល្បីចូលរួមទៅស្វាគមន៍ និងរាក់ទាក់ លោក យស បូវណ្ណៈ ប្រកបដោយភាពកក់ក្ដៅផងដែរ។ ក្នុងពិធីទាំងមូលត្រូវគេរៀបចំតុភ្ញៀវ កន្លែងថតរូបអមដោយភ្លើងពណ៌ និងមានអ្នកសារព័ត៌មានច្រូងច្រាង ធ្វើឱ្យលោក យស បូវណ្ណៈ មានកិត្តិយសតែម្ដង មុនពេលលោក និងភ្ញៀវកិត្តិយសកុះករ ចូលទស្សនារឿង៕