រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញសម្ភារឧបករណ៍ រថយន្ត និងជួលបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី យកមកគ្រប់គ្រងជាបន្តនៅចំពោះមុខជាបណ្ដោះអាសន្នសិន មុននឹងផ្តល់សិទ្ធឱ្យក្រុមហ៊ុនមួយចំនួនផ្សេងទៀតចូលរួមដេញថ្លៃក្នុងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញជាបន្តទៀតនៅពេលខាងមុខ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីប្រគលសញ្ញាបត្រដល់និស្សិតមកពីសាកលវិទ្យាល័យបៀលប្រាយកាលពីព្រឹកមិញនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមហ៊ុន ស៊ិនទ្រី រដ្ឋាភិបាលបានចុះកិច្ចសន្យាតាំងពីសំរាមនៅមានកម្រិតប្រមាណ 300-500តោនក្នុង 1ថ្ងៃ ហើយទំហំក្រុងភ្នំពេញមានត្រឹមតែជាង 300គីឡូម៉ែត្រការ៉េប៉ុណ្ណោះ តែបច្ចុប្បន្ននេះសំរាមបានកើនឡើងដល់ជាង 3,000តោនក្នុង 1ថ្ងៃ ខណៈផ្ទៃដីរាជធានីភ្នំពេញបានកើនឡើងដល់ជាង 600គីឡូម៉ែត្រការ៉េ ហេតុនេះបើទុកឱ្យក្រុមហ៊ុនស៊ិនទ្រីគ្រប់គ្រងតែម្នាក់ឯងប្រាកដជាទៅមិនរួចទេ។ បន្តិចទៀតនេះ រដ្ឋាភិបាលនឹងបែងចែកជាតំបន់ ដោយតម្រូវឱ្យមានក្រុមហ៊ុនពី3 ទៅ 4ក្រុមហ៊ុនធ្វើការដេញថ្លៃប្រមូលសំរាម ដោយមិនអនុញ្ញាតឱ្យមានតែក្រុមហ៊ុន ស៊ិនទ្រី តែមួយគត់ដូចមុនទៀតនោះទេ ព្រោះប្រសិនបើទុកតែ1 ដូច្នេះ កាលណាក្រុមហ៊ុន ស៊ិនទ្រី មិនធ្វើការ នោះសំរាមនឹងស្ទះពេញទីក្រុងភ្នំពេញមិនខាន៕