ពលកម្មជំនាញ ជាផ្នែកយ៉ាងសំខាន់មួយមិនអាចខ្វះបានក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា នាពេលអនាគត ព្រោះគ្រប់ផ្នែកទាំងអស់ ទាំងរដ្ឋ និងឯកជន សុទ្ធតែត្រូវការអ្នកជំនាញដើម្បីបំពេញការងារ និងអភិវឌ្ឍឱ្យមានភាពរីកចម្រើន។
ថ្លែងនៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យឱ្យអនុវត្តជាផ្លូវការ នូវមូលនិធិអភិវឌ្ឍន៍ជំនាញ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កម្ពុជាមានភាពចាំបាច់ក្នុងការពង្រឹងការប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីអាចទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច រយៈពេលវែង ព្រោះប្រសិនបើមិនមានកំណើនសេដ្ឋកិច្ចទេ។ ទិសដៅយុទ្ធសាស្ត្រសំខាន់ទៅថ្ងៃអនាគតក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង គឺកម្ពុជាត្រូវការអភិវឌ្ឍកម្លាំងជំនាញជាចាំបាច់។ បច្ចុប្បន្ន ការចូលរួមរបស់កម្លាំងពលកម្ម គឺអស់លម្ហទៅហើយ ដូចនេះការរុញកំណើនទៅថ្ងៃមុខ គឺយើងគ្មានជម្រើសអ្វីផ្សេងក្រៅពីកត្តាផលិតភាពការងារ និងការបង្កើនការវិនិយោគ ជំនាញ និងបច្ចេកវិទ្យា ព្រមទាំងការបង្កើតក្បាលម៉ាស៊ីនថ្មី និងធ្វើទំនើបកម្មក្បាលម៉ាស៊ីនចាស់ដែលមានស្រាប់នោះទេ។ ដើម្បីបង្កើនផលិតភាពការងារទាមទារនូវការអភិវឌ្ឍជំនាញ ហើយយើងមិនអាចបង្កើតក្បាលម៉ាស៊ីនថ្មី និងប្រើប្រាស់បច្ចេកវិទ្យា បាននោះទេប្រសិនបើគ្មានជំនាញ។ ដូចនេះ ជំនាញដើរតួនាទីធំធេងណាស់ក្នុងការកសាងក្បាលម៉ាស៊ីនសេដ្ឋកិច្ច ដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាការទាក់ទាញឧស្សាហកម្មថ្មីតាមរយៈការវិនិយោគក្រៅប្រទេសជាដើម។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍជំនាញតាមរយៈយន្តការក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្កើតវិទ្យាល័យចំណេះទូទៅ និងជំនាញបច្ចេកទេស និងតាមរយៈក្រសួងការងារវិជ្ជាជីវៈដែលមានអគារបំពាក់ដោយសម្ភារបរិក្ខារពិសោធន៍ និងការដំឡើងប្រាក់បៀវត្សរ៍គ្រូបណ្តុះបណ្តាល រួមទាំងការបង្កើនថ្លៃឯកតាបណ្តុះបណ្តាល និងការផ្តល់អាហារូបករណ៍ជាដើម ដើម្បីទាក់ទាញសិស្សឱ្យចូលសិក្សាជំនាញ”។
ឯកឧត្តម បានបន្ថែមថា ទោះបីជាមានការខិតខំប្រឹងប្រែងប៉ុនណាក៏ដោយក៏យើងនៅមានបញ្ហាប្រឈមមួយចំនួនផងដែរក្នុងការអភិវឌ្ឍជំនាញនៅកម្ពុជា។ បញ្ហាដែលកើតមានឡើងច្រើនគឺភាពមិនស៊ីគ្នានៃជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ពិសេសការអភិវឌ្ឍវិស័យឧស្សាហកម្ម និងគុណភាពនៃជំនាញនៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារនៅឡើយ