ក្រោយពីក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទជាច្រើនចាប់ផ្ដើមមានស្មាតហ្វូនស្ទើរតែគ្មានគែមអេក្រង់ និង Home Button ចេញនៅលើផ្នែកខាងមុខរួចមកនោះ ថ្មីៗនេះមានព័ត៌មានបែកធ្លាយមកថា Sony ក៏កំពុងត្រៀមនឹងបង្ហាញសមិទ្ធផលថ្មីមួយនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA នៅចុងឆ្នាំនេះ ដែលវាប្លែកពីទូរស័ព្ទជំនាន់មុនៗ ហើយអាចឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងទៀតផង។
យោងតាមបណ្តាញសង្គមដ៏ធំបំផុតរបស់ចិន Weibo បានចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុននេះ កំពុងត្រៀមបង្ហាញស្មាតហ្វូនស៊េរីថ្មីមួយដែលស្ទើរតែគ្មាន Bezel-Less អេក្រង់ទំហំ 6 អ៊ីញប្រភេទ LCD ជាមួយនឹងកម្រិត Aspect Ratio 18:9 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ IFA ចុងឆ្នាំនេះ។
Sony ក៏ធ្លាប់មានស្មាតហ្វូនមានគែមឆ្វេង/ស្ដាំ ស្ដើងជាច្រើនម៉ូដែលមកហើយដែរ ដែលរួមមាន Xperia XZ Premium, Xzs, XA1 និង XA1 Ultra គ្រាន់តែស្មាតហ្វូនទាំងនេះ នៅមានសល់គែមនៅផ្នែកលើ និងផ្នែកក្រោមច្រើនប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើព័ត៌មានខាងលើក្លាយជាការពិតមែន Sony នឹងក្លាយជាក្រុមហ៊ុនថ្មីមួយទៀតបន្ទាប់ពី Xiaomi និង Sharp ដែលប្រកាសចេញស្មាតហ្វូន និងអេក្រង់គ្មានគែមដ៏ស្ដើងគួរឱ្យចាប់អារម្មណ៍សម្រាប់សម័យបច្ចេកវិទ្យាក្នុងឆ្នាំ 2017 នេះមិនខាន៕