នៅពេលនេះគឺជាចុងរដូវភ្លៀង ធាតុអាកាសក៏នៅតែបន្តប្រែប្រួលមិនទៀង ធ្វើឱ្យលោកឪពុកអ្នកម្ដាយចាប់ផ្ដើមមានកង្វល់ពាក់ព័ន្ធនឹងសុខភាពរបស់កូនតូច រួមទាំងជំងឺផ្សេងទៀតផង ហើយជំងឺដ៏ល្បីល្បាញប្រចាំរដូវភ្លៀង ក៏ប្រហែលជាគេចមិនផុតពី “ជំងឺគ្រុនផ្ដាសាយ” យ៉ាងពិតប្រាកដ។ លោកឪពុកអ្នកម្ដាយទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ហេតុអីបានជាកូនក្មេងតូចៗងាយកើតជំងឺគ្រុនផ្ដាសាយម្លេ៉ះ?ហើយបើកើតហើយ តើត្រូវធ្វើយ៉ាងណាស្រួល?…កុំអាលភ័យបារម្ភអី… មុនអ្វីទាំងអស់ យើងនាំគ្នាមកមើលពីមូលហេតុទាំងអស់គ្នាសិនថា ហេតុអីបានកូនតូចងាយកើតជំងឺគ្រុនផ្ដាសាយក្នុងរដូវភ្លៀងម្ល៉េះ?
មូលហេតុចម្បងៗដែលធ្វើឱ្យកូនតូចកើតរោគគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀងជំងឺគ្រុនផ្ដាសាយ ភាគច្រើនមានមូលហេតុមកពីការឆ្លងមេរោគវីរុស ដែលអាចសាយភាយ និងចម្លងទៅមនុស្សជុំវិញខ្លួនដោយឆ្លងកាត់ប្រព័ន្ធដកដង្ហើម ការកណ្ដាស់ ការក្អក សំបោរ ទឹកមាត់ ការប៉ះពាល់វត្ថុដែលមានមេរោគគ្រុនផ្ដាសាយ។ ច្រើនប្រទះឃើញនៅលើក្មេងដែលមានប្រព័ន្ធប្រឆាំងជំងឺខ្សោយ ជាពិសេសក្មេងអាយុតិចជាង6ឆ្នាំ ហើយរឹតតែជាទារកផង រឹតតែកើតការឆ្លងបានងាយទៅទៀត ហើយថែមទាំងក្នុងអំឡុងរដូវភ្លៀង អាកាសធាតុប្រែប្រួលញឹកញាប់ បន្តិចក្ដៅ បន្តិចត្រជាក់ផងនោះ រឹតតែធ្វើឱ្យក្មេងៗកើតជំងឺគ្រុនផ្ដាសាយបានយ៉ាងងាយទៅតាមហ្នឹងដែរ..តែលោកឪពុកអ្នកម្ដាយកុំអាលទៅកង្វល់ព្រួយធ្វើអ្វី ព្រោះថា យើងអាចការពារជំងឺគ្រុនផ្ដាសាយឱ្យកូនៗបាន តាមចំណុចៗដូចខាងក្រោមនេះ :
វិធីការពារកូនតូចឱ្យចៀសឆ្ងាយពីជំងឺគ្រុនផ្ដាសាយក្នុងអំឡុងរដូវភ្លៀង មិនពិបាកឡើយ ចូរធ្វើតាមដូចតទៅនេះ ៖
– នាំកូនៗហាត់ប្រាណ ឬកម្រើកដៃជើង ធ្វើចលនារាងកាយឱ្យបានជាប់ជាប្រចាំ ដើម្បីសាងភាពកក់ក្ដៅដល់រាងកាយ ធ្វើឱ្យមានប្រព័ន្ធប្រឆាំងជំងឺដែលរឹតតែល្អឡើង។
– ទទួលទានអាហារឱ្យបានគ្រប់5ប្រភេទក្រុម ដោយសង្កត់ធ្ងន់លើការញ៉ាំបន្លែ និងផ្លែឈើឱ្យបានច្រើន ជាពិសេសផ្លែឈើដែលមានវីតាមីន C ខ្ពស់ ដើម្បីឱ្យកូនមានប្រព័ន្ធប្រឆាំងជំងឺខ្លាំងក្នុងការតតាំងនឹងជំងឺគ្រុនផ្ដាសាយ។– ចំពោះទារក គួរឱ្យបៅទឹកដោះម្ដាយ ព្រោះទឹកដោះម្ដាយមានប្រព័ន្ធប្រឆាំងជំងឺដ៏ល្អ។
– សម្រាកឱ្យបានគ្រប់គ្រាន់។ លោកឪពុកអ្នកម្ដាយត្រូវនាំកូនចូលគេងឱ្យបានទៀងពេល និងគេងឱ្យបានគ្រប់គ្រាន់តាមវ័យ។
– អំឡុងពេលដែលអាកាសធាតុប្រែប្រួលញឹកញាប់ មានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ គួរចៀសវាងការនាំកូនចេញទៅក្រៅផ្ទះ ព្រោះបើកូនត្រូវលម្អងទឹកភ្លៀង ក៏អាចធ្វើឱ្យកូនកើតជំងឺគ្រុនផ្ដាសាយបានដូចគ្នាដែរ និងកុំភ្លេចត្រៀមឆ័ត្រ និងអាវភ្លៀងផង បើចាំបាច់ត្រូវនាំកូនចេញទៅក្រៅដោយខានមិនបាន។
– បើកូនទទឹកទឹកភ្លៀង សម្លៀកបំពាក់ទទឹក ឬសើម ចូរប្រញាប់ផ្លាស់ចេញ និងប្រញាប់នាំទៅងូតទឹក ព្រោះខណៈពេលនៅហាលភ្លៀង រាងកាយនឹងផ្លាស់ប្ដូរសីតុណ្ហភាពយ៉ាងឆាប់រហ័ស ទើបចាំបាច់ត្រូវងូតទឹកដើម្បីសម្រួលសីតុណ្ហភាពដល់រាងកាយ។
– ចៀសវាងការនាំកូនទៅជិតអ្នកដែលកើតជំងឺគ្រុនផ្ដាសាយ រួមទាំងត្រូវលាងដៃឱ្យកូនគ្រប់ពេលមុនទទួលទានអាហារដើម្បីការពារមេរោគ។បើលោកឪពុកអ្នកម្ដាយការពារហើយ ធ្វើគ្រប់យ៉ាងហើយ តែកូននៅតែកើតជំងឺគ្រុនផ្ដាសាយ ក៏មិនបាច់ទៅកង្វល់អ្វីដែរ ព្រោះទោះជាកូនគ្រុនក្ដៅខ្លួន មានហៀរសំបោរ កណ្ដាស់ញឹកញាប់ ដកដង្ហើមមិនស្រួលក៏ដោយ ក៏លោកឪពុកអ្នកម្ដាយនៅតែអាចមើលថែទាំកូន ជួយសម្រាលអាការទាំងនោះបានដោយការប្រើវត្ថុជំនួយការល្អដូចខាងក្រោមនេះបានដែរ :
-ឱ្យកូនគេងសម្រាកឱ្យបានច្រើន កុំរំខាន ឬបញ្ចេញសំឡេងខ្លាំងៗខណៈកូនកំពុងគេងសម្រាក។
-ឱ្យកូនញ៉ាំទឹកដោះគោ ញ៉ាំអាហារទន់ៗ ដូចជា បបរ ឬទឹកស៊ុបជាដើម ព្រោះអំឡុងពេលហ្នឹង កូនអាចមានអាការឈឺករួមជាមួយផង ទើបធ្វើឱ្យពិបាកក្នុងការលេបអាហាររឹងៗ ក្រៅពីនេះ គួរឱ្យកូនញ៉ាំទឹកឱ្យបានញឹកញាប់ ដើម្បីកុំឱ្យមានស្លេស្ម៍ស្អិត។-បើកូនក្ដៅខ្លួន 37.5 – 38អង្សា ចូរសម្រាលអាការនេះដោយការយកក្រណាត់សើមមកជូតខ្លួនកូន តែបើកូនក្ដៅខ្លួនខ្លាំងចាប់ពី38អង្សាឡើង ចូរឱ្យកូនញ៉ាំថ្នាំបញ្ចុះកម្ដៅ(ប៉ារ៉ាសេតាម៉ុល)រៀងរាល់4ម៉ោងម្ដង។
-បើកូនមានអាការក្អក កណ្ដាស់ តឹងច្រមុះ ចូរឱ្យកូនញ៉ាំថ្នាំបំបាត់សំបោរ និងថ្នាំបំបាត់ក្អកសម្រាប់ក្មេងតូច។ហើយបើកូននៅតែក្ដៅខ្លួនមិនបាត់ ដាក់ថ្នាំ និងមើលថែទាំ ហើយនៅតែមិនបានធូរស្រាលនោះ ចូរប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ឬទៅមន្ទីរពេទ្យ ដើម្បីពិនិត្យរកមូលហេតុពិតប្រាកដរបស់ជំងឺ និងសភាវជ្រៀតជ្រែកពីជំងឺផ្សេងទៀត៕