នៅក្នុងសតវត្សរ៍ទី21 នេះ ស្ថាប័នអប់រំទាំងអស់លើពិភពលោកចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងរបៀបនៃការអប់រំរបស់ខ្លួន ដើម្បីឆ្លើយតបជាមួយនឹងទីផ្សារការងារជាក់ស្តែង និងលក្ខណសម្បត្តិដែលពិភពលោកត្រូវការ។
នៅកម្ពុជា ដើម្បីឆ្លើយតបជាមួយនឹងរបត់ថ្មីរបស់ពិភពលោកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតឡើងនូវកម្មវិធីដ៏មានសារៈសំខាន់មួយដើម្បីផ្តល់ជូននូវការអប់រំឱ្យស្របតាមតម្រូវការរបស់ពិភពលោកក្នុងសតវត្សរ៍ទី21 ឬក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 តាមរយៈការបង្កើតសាលាជំនាន់ថ្មីដោយបញ្ចូលនូវប្រព័ន្ធអប់រំ និងវិធីសាស្ត្របង្រៀនថ្មីៗជាច្រើន។ ងាកមកវិស័យឯកជនវិញ សាលារៀនដែលជាបណ្តាញនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏បានផ្តល់នូវជម្រើសប្លែកថ្មីមួយទៀតដែលឆ្លើយតបផងដែរជាមួយនឹងបរិបទពិភពលោកនាយុគសម័យថ្មីនេះ ដោយបញ្ចូលកម្មវិធីសំខាន់ៗជាច្រើនលើកម្មវិធីគោលរបស់ក្រសួងអប់រំ។
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា បណ្តាញសាលា-រៀនរបស់យើងព្យាយាមគ្រប់លទ្ធភាពក្នុងការធ្វើបច្ចុប្បន្នភាពលើការបណ្តុះបណ្តាល ដើម្បីអភិវឌ្ឍសិស្សានុសិស្សទាំងអស់ឱ្យមានសមត្ថភាពឆ្លើយតបជាមួយនឹងរបត់ចំណេះដឹងរបស់ពិភពលោកបច្ចុប្បន្ន។
ក្រៅពីការបណ្តុះបណ្តាលដោយយកចិត្តទុកដាក់លើកម្មវិធីសិក្សាគោលស្របតាមក្រសួងអប់រំ យុវជន និងកីឡា យើងបានបញ្ចូលនូវកម្មវិធី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមួយគ្រូប្រកបដោយសមត្ថភាព និងមានបន្ទប់ពិសោធន៍សម្បូរបែបដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សរបស់យើងបានពិសោធ និងយល់កាន់តែស៊ីជម្រៅពីមេរៀននីមួយៗ សំដៅជំរុញនវានុវត្តន៍ និងភាពច្បាស់លាស់លើផ្នែកវិទ្យាសាស្ត្រ។ បន្ថែមពីលើនេះ យើងក៏បានដាក់ឱ្យដំណើរការកម្មវិធីបច្ចេកវិទ្យាសំខាន់ៗដើម្បីជំរុញឱ្យសិស្សរបស់យើងទទួលបាននូវចំណេះដឹងជាមូលដ្ឋានគ្រឹះសំខាន់ៗដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែមានសក្តានុពលនៅថ្ងៃអនាគត។ ក្រៅពីការបង្រៀនពីកម្មវិធីកុំព្យូទូ័រជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ យើងបានបង្កើតនូវក្លិបអ្នកវិទ្យាសាស្ត្រវ័យក្មេង ដែលផ្តល់នូវមជ្ឈមណ្ឌលសិក្សាកុំព្យូទ័រ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលឱ្យសិស្សចេះសរសេរកូដជាមួយនឹងអ្នកជំនាញ។ បន្ថែមពីលើនេះ យើងក៏ទំនុកបម្រុងសិស្សរបស់យើងផងដែរ ប្រសិនបើពួកគេបង្កើតបាននូវសមិទ្ធផលវិទ្យាសាស្ត្រ ឬបច្ចេកវិទ្យាថ្មីៗសម្រាប់ជាប្រយោជន៍ដល់សង្គម។
លោក ប៉ិច បូឡែន បានមានប្រសាសន៍ថា៖ “លើសពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តាញសាលារៀនរបស់យើង បានដាក់បញ្ចូលនូវកម្មវិធីអប់រំហិរញ្ញវត្ថុពីប្រទេសសិង្ហបុរី ដែលមានឈ្មោះថា Money Tree ដើម្បីឱ្យសិស្សានុសិស្សបានយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុ និងសហគ្រិនភាព ស្របជាមួយនឹងគោលដៅសំខាន់ដែលក្រសួងអប់រំ និងធនាគារជាតិ ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាលសិស្សឱ្យមានគំនិតសន្សំ និងគ្រប់គ្រងហិរញ្ញវត្ថុដូច្នោះដែរ។ កម្មវិធីដែលយើងទិញយកមកនេះ ជាកម្មវិធីដែលត្រូវបានគេប្រើប្រើប្រាស់នៅសាលារៀនជាច្រើននៅបរទេស”។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ដោយសារតែពិភពលោកមានការវិវឌ្ឍលឿន យើងបានបន្ថែមនូវកម្មវិធីល្អៗជាច្រើនផ្សេងទៀតដើម្បីផ្តល់ឱ្យសិស្សរបស់យើងនូវជម្រើសប្លែកថ្មីមួយក្នុងការអប់រំ ដូចជាសេវាប្រឹក្សាយោបល់អប់រំ រួមទាំងកម្មវិធីទម្លាប់ល្អទាំង 7 យ៉ាងរបស់បុគ្គលមានប្រសិទ្ធភាពខ្ពស់ដែលយើងបានទិញសិទ្ធពីអាមេរិកដើម្បីបណ្តុះបណ្តាលអត្តចរិត និងផ្នត់គំនិតសិស្សរបស់យើងឱ្យមានជំនាញសម្រាប់សតវត្សរ៍ទី21 ដែលសង្គមកំពុងត្រូវការនៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0នេះ។ ជាមួយគ្នានេះដែរ ថ្មីៗនេះយើងបានដាក់ឱ្យប្រើប្រាស់កម្មវិធី VR (virtual reality) និងកម្មវិធី AR (argument reality) ដើម្បីឱ្យសិស្សានុសិស្សរបស់យើងទទួលបានបទពិសោធបច្ចេកវិទ្យាចុងក្រោយបំផុតដូចស្ថាប័នអប់រំធំៗលើពិភពលោក។
យើងខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីផ្តល់នូវជម្រើសថ្មីមួយក្នុងការអប់រំសម្រាប់អាណាព្យាបាល និងសិស្សានុសិស្សដែលជាអនាគតធនធានមនុស្សដ៏សំខាន់ក្នុងសង្គមឱ្យក្លាយជាមនុស្សខ្លាំង និងមានសមត្ថភាពសម្រាប់ប្រកួតប្រជែងទាំងក្នុងទីផ្សារការងារជាតិ និងអន្តរជាតិ៕