ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងក្នុងការជំរុញឱ្យមានគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងការរៀបចំរដ្ឋាភិបាលឌីជីថល ស្របពេលដែលបម្រែបម្រូលបច្ចេកវិទ្យា និងរបត់បដិវត្តន៍ឧស្សាហកម្មទី4 បានបង្កើនឥទ្ធិពលយ៉ាងឆាប់រហ័សនៅលើពិភពលោក។
សេដ្ឋកិច្ចឌីជីថល ជាផ្នែកយ៉ាងសំខាន់ក្នុងការជំរុញឱ្យប្រទេសនីមួយៗដើរទាន់របត់បច្ចេកវិទ្យាដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័សផ្នែកពាណិជ្ជកម្ម និងចង្វាក់ផលិតកម្ម។ វិធីសាស្ត្រធ្វើពាណិជ្ជកម្មកាន់តែមានលក្ខណៈប្រកួតប្រជែងខ្លាំង ព្រោះមនុស្សលើពិភពលោកកាន់តែខិតជិតគ្នាឡើងពី 1ថ្ងៃទៅ 1ថ្ងៃ តាមរយៈការទំនាក់ទំនងលើបណ្តាញឌីជីថលដែលទាមទារឱ្យសហគ្រិនទាំងអស់ចាំបាច់ត្រូវបញ្ចូលប្រព័ន្ធឌីជីថលក្នុងចង្វាក់ផលិតកម្ម។ ប្រសិនបើមិនប្រើប្រាស់ប្រព័ន្ធឌីជីថលទេនោះ អាជីវកម្មនឹងប្រឈមជាមួយបញ្ហា ជាពិសេស គឺតម្លៃនៃការផលិតខ្ពស់ ហើយរយៈពេលផលិតក៏យូរ ដែលលំបាកក្នុងការប្រកួតប្រជែងជាមួយបណ្តាសហគ្រាសដទៃដែលប្រើប្រាស់បច្ចេកវិទ្យា។
ស្របពេលជាមួយគ្នាដែរ ងាកមកខាងរដ្ឋាភិបាលវិញ គឺចាំបាច់ត្រូវរៀបចំលក្ខណសម្បត្តិផងដែរដើម្បីសម្រួលដល់នីតិវិធី និងតម្លាភាពនៃការអនុវត្តលើគ្រប់ទម្រង់ និងសេវាដើម្បីជួយសម្រួលដល់ភាគីពាក់ព័ន្ធនឹងសេដ្ឋកិច្ច ដើម្បីធានាថា ការអនុវត្តនូវចង្វាក់ផលិតកម្មរបស់ពួកគេអាចមានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់។
ចំពោះការបម្រើសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង និងតំបន់នានាវិញក៏ទាមទារឱ្យមានការសម្រួលដល់ការរស់នៅ និងការទំនាក់ទំនងដោយប្រព័ន្ធឌីជីថល ព្រោះប្រទេសមួយចំនួនលើពិភពលោកចាប់ផ្តើមដើរដល់ដំណាក់កាលនៃការប្រើប្រាស់ប្រព័ន្ធ IOT (Internet Of Things) គ្រប់យ៉ាងក្លាយជាប្រព័ន្ធស្វ័យប្រវត្តិ។
ដំណាក់កាលនេះ ត្រូវបានគេមើលឃើញថា នឹងអាចផ្លាស់ប្តូរចរន្តនៃការរស់នៅ និងការធ្វើអាជីវកម្មកាន់តែប្រសើរឡើង។ តែទោះជាយ៉ាងនេះក្តី កត្តាប្រឈមក៏មានច្រើនផងដែរចំពោះប្រទេសនានាលើពិភពលោក ព្រោះឧបករណ៍កាន់តែទំនើប ក៏ត្រូវការមនុស្សកាន់តែខ្លាំងដើម្បីគ្រប់គ្រង និងប្រើប្រាស់ផងដែរ។ ប្រសិនបើប្រជាជន ឬអ្នកជំនាញមិនទាន់ទទួលបាននូវចំណេះដឹងច្បាស់លាស់ពីការប្រើប្រាស់បច្ចេកវិទ្យាទេនោះ ទោះបីជាបច្ចេកវិទ្យាទំនើបប៉ុណ្ណា ក៏មិនអាចធ្វើឱ្យសង្គមទទួលជោគជ័យបានដែរ ហើយអ្នកទទួលផល គឺអ្នកជំនាញមកពីខាងក្រៅដែលមានសមត្ថភាពក្នុងការច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នោះ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា៖ “ដើម្បីឱ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំបែបឌីជីថល”។
ឯកឧត្តមបានបញ្ជាក់ថា ការអប់រំបែបឌីជីថល ឬអក្ខរកម្មឌីជីថលក្នុងបរិបទកម្ពុជាឧស្សាហកម្ម4.0 មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជាក្នុងការកែប្រែខ្លួនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល និងរដ្ឋាភិបាលឌីជីថល ព្រោះផ្នែកទាំងអស់នេះត្រូវការអ្នកជំនាញជាច្រើនដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។ ដើម្បីធ្វើឱ្យការអប់រំបែបឌីជីថល ធ្វើឡើងបានកាន់តែប្រសើរ ក្រសួងអប់រំបានធ្វើការងារជាច្រើនដើម្បីបញ្ជ្រាបការបណ្តុះបណ្តាលនៅគ្រប់កម្រិត និងនៅតំបន់នានានៅក្នុងប្រទេសកម្ពុជា។ ក្រសួងអប់រំយុវជន និងកីឡាបានបង្កើតឱ្យមានសាលាជំនាន់ថ្មីដែលបញ្ចូលនូវកម្មវិធីសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការបណ្តុះបណ្តាលការសរសេរកូដ រួមទាំងកម្មវិធីសិក្សាដែលជាជំនាញទន់ជាច្រើនទៀតដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងសតវត្សរ៍ទី21។ បន្ថែមពីលើនេះ ក្រសួងក៏បានរៀបចំរៀបចំមូលដ្ឋានគ្រឹះសម្រាប់ការអប់រំ ដោយឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យា ដោយការធ្វើកំណែទម្រង់សាលារៀន និងកំណែទម្រង់ការបណ្តុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធទាំងអស់មានសមត្ថភាពខ្ពស់ផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្តទៅដល់សិស្សានុសិស្សដែលជាធនធានមនុស្សជំនាន់ថ្មីរបស់យើង។
ទោះជាយ៉ាងនេះក្តី ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយុវជនជំនាន់ថ្មី ក្រៅពីការប្រឹងប្រែងរៀនសូត្រផ្នែកបច្ចេកវិទ្យា ក៏បានជំរុញឱ្យពួកគេសិក្សាផ្នែកដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ និងជំនាញទន់ សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនបានត្រៀមខ្លួន ដើម្បីទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល។
គួរបញ្ជាក់ផងដែរថា ស្ថាប័នអប់រំនានានៅកម្ពុជា បច្ចុប្បន្ននេះទាំងកម្រិតមធ្យមសិក្សា និងឧត្តមសិក្សាបានបញ្ចូលនូវរបៀបអប់រំ និងបច្ចេកវិទ្យាជាច្រើន ដើម្បីធ្វើការឆ្លើយតបបន្តិចម្តងៗទៅនឹងបរិបទនៃការអប់រំ4.0 ដោយរំពឹងទុករយៈពេល 5ទៅ 10ឆ្នាំទៀត យើងអាចមានធនធានមនុស្សកាន់តែច្រើនដែលចេះប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការធ្វើការងារ ឬចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារសកល។ ឆ្លើយតបជាមួយនឹងបញ្ហានេះ សិស្សានុសិស្ស ឬនិស្សិតដែលជាយុវជន ក៏មានឱកាសច្រើនផងដែរក្នុងការសិក្សាឱ្យបានទូលំទូលាយពីបច្ចេកវិទ្យា ព្រោះយើងសុទ្ធតែមានធនធានគ្រប់គ្រាន់ផ្នែកបច្ចេកវិទ្យា ដោយស្ទើរគ្រប់គ្នាមានទូរស័ព្ទដៃស្មាតហ្វូន ព្រមទាំងមានប្រើប្រាស់ប្រព័ន្ធអុីនធើណិតនៅគ្រប់ទីកន្លែង។ ហេតុនេះវាជាឱកាសក្នុងការទាញយកចំណេះដឹងដែលមានជុំវិញពិភពលោកដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងប្រសិនបើពួកគេចេះបង្វែរពេលវេលាពីការប្រើប្រាស់បណ្តាញសង្គមច្រើនហួសហេតុ មកស្វែងរកប្រភពចំណេះដឹងជាមូលដ្ឋានសម្រាប់បន្តអភិវឌ្ឍន៍សមត្ថភាពក្នុងយុគសម័យឌីជីថលនេះ៕