មនុស្សគ្រប់គ្នាអ្នកណាក៏ចង់ស្អាតដែរ ប៉ុន្តែការដែលចំណងជើងសង្កត់ធ្ងន់ទៅលើកូនក្រមុំនោះគឺព្រោះតែវាជាថ្ងៃដ៏សំខាន់បំផុតនៅក្នុងជីវិតសម្រាប់ស្ត្រីយើងគ្រប់គ្នា ដូច្នេះទើបចង់ឱ្យគាត់កែខែភាពខ្វះខាតដែលធ្លាប់មាននោះឱ្យបានច្រើនបន្តិច ដើម្បីឱ្យថ្ងៃដ៏សំខាន់នេះកាន់តែមានភាពរីករាយ មានទំនុកចិត្ត និងមានសុភមង្គលឡើងថែមមួយកម្រិតទៀត។ ដូច្នេះដើម្បីឱ្យក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ ដែលមានស្បែករលោងភ្លឺថ្លា ស្រស់ស្អាតជានិច្ចនោះ សូមចាប់ផ្តើមថែរក្សាស្បែករបស់អ្នកតាំងពីពេលនេះតទៅ ហើយរឿងដែលអ្នកគួរធ្វើដើម្បីទទួលបាននូវភាពស្រស់ស្អាតនោះគឺមានរៀបរាប់ដូចខាងក្រោមនេះ៖
លាងសម្អាតស្បែកមុខ
ការលាងសម្អាតផ្ទៃមុខ ដើម្បីកម្ចាត់ចោលនូវរាល់សារធាតុកខ្វក់ទាំងឡាយគឺជាមូលដ្ឋានគ្រឹះនៃការថែរក្សាស្បែក មិនថាជាស្បែកមុខ ឬស្បែកដងខ្លួននោះទេ។ សារធាតុកខ្វក់ទាំងឡាយនឹងសម្ងំលាក់ខ្លួននៅក្នុងស្រទាប់ស្បែកមិនព្រមចេញទៅណាឡើយ ប្រសិនបើអ្នកមិនព្រមកម្ចាត់វាចេញទេនោះ ធានាថាមិនយូរទេការបំផ្លាញស្បែក និងគ្រាប់មុនជាដើមពិតជាបង្ហាញឡើងជាក់ជាមិនខាន។ សូមលាងសម្អាតផ្ទៃមុខរបស់អ្នក ដោយផលិតផលសម្រាប់លាងសម្អាតផ្ទៃមុខ ក្នុងមួយថ្ងៃឱ្យបាន2ដង គឺនៅពេលព្រឹក និងនៅពេលយប់មុនពេលអ្នកចូលគេង ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។
ចិញ្ចឹមស្បែកការចិញ្ចឹមថែរក្សាស្បែក មិនមែនគ្រាន់តែធ្វើឡើងនៅផ្នែកខាងលើនៃស្បែកមុខនោះទេ ប៉ុន្តែវាត្រូវតែមានសមត្ថភាពថែបំប៉នតាំងពីផ្នែកខាងក្នុងមកផងដែរ។ មានផលិតផលជាច្រើនដែលផលិតឡើងសម្រាប់លេប ដើម្បីចិញ្ចឹមថែរក្សាស្បែកឱ្យបានស្អាត និងមានសុខភាពល្អ។ ស្វែងរកផលិតផលណាដែលស័ក្តិសមជាមួយនឹងស្បែករបស់អ្នក ហើយសូមស្វែងយល់ឱ្យបានច្បាស់អំពីរបៀបនៃការប្រើប្រាស់ផង ដើម្បីទទួលបាននូវលទ្ធផលគួរជាទីពេញចិត្ត។
ការពារស្បែកពីការបំផ្លាញនៃកម្ដៅថ្ងៃព្រះអាទិត្យទទួលបាននូវការងារដ៏សំខាន់មួយគឺ បញ្ចេញកម្តៅរបស់ខ្លួន ដើម្បីបំផ្លាញសម្រស់ស្បែករបស់មនុស្សគ្រប់គ្នាដែលមិនបានប្រុងប្រយ័ត្ន។ SPF ជាសារធាតុម្យ៉ាងដែលមានសមត្ថភាពក្នុងការការពារស្បែកមុខរបស់អ្នកពីការបំផ្លិចបំផ្លាញនៃកម្តៅថ្ងៃ ហេតុនេះនៅរាល់ពេលដែលចេញទៅខាងក្រៅ អ្នកត្រូវការពារស្បែកមុខរបស់អ្នកឱ្យបានល្អជាមួយនឹងឡេថែរក្សាស្បែកមុខដែលមានផ្ទុកនូវសារធាតុ SPF គ្រប់គ្រាន់។ ក្រៅពីសារធាតុ SPF ហើយនោះ អ្នកគួរតែបន្ថែមការការពារមួយជាន់ទៀតដោយការប្រើប្រាស់មួកកន្សែងគ្រប ឬខោអាវដែលអាចបិទបាំងស្បែកយ៉ាងជិតល្អជាដើម ដើម្បីការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃបានយ៉ាងមានប្រសិទ្ធភាព។
ប្រើក្រែមលាបស្បែកឱ្យត្រូវតាមពេលវេលាពេលយប់ និងពេលថ្ងៃតម្រូវឱ្យមានការថែរក្សាសម្រស់ផ្ទៃមុខ ឬស្បែកខុសពីគ្នា ហេតុនេះសូមកុំប្រើក្រែមសម្រាប់លាបពេលយប់មកលាបនៅពេលថ្ងៃ ឬប្រើក្រែមលាបពេលថ្ងៃមកលាបនៅពេលយប់ឱ្យសោះ ព្រោះទាំងក្រែមសម្រាប់ប្រើនាពេលថ្ងៃ និងសម្រាប់ប្រើនាពេលយប់គឺជាផលិតផលដែលផលិតឡើងដោយឡែកពីគ្នា និងមានប្រសិទ្ធភាពខុសគ្នាផងដែរ។
មានទម្លាប់ល្អសម្រាប់កូនក្រមុំ ក៏ដូចជាស្ត្រីគ្រប់គ្នាសុទ្ធតែអាចទទួលរងនូវការបំផ្លាញ ;ប្រសិនបើអ្នកមិនដែលមានទម្លាប់ល្អក្នុងការថែរក្សាស្បែកមុខទាល់តែសោះ។ ទម្លាប់ល្អៗមួយចំនួនត្រូវបានចាត់ទុកថា ជាជំនួយការដ៏ល្អក្នុងការថែរក្សាសម្រស់ផ្ទៃមុខ ក៏ដូចជាការពារស្បែកមុខមិនឱ្យកើតមុនផងដែរ។ សកម្មភាព និងទម្លាប់ល្អដែលអ្នកគួរតែបង្កើតឡើងនោះមានដូចជា ចៀសវាងការគេងផ្អៀង ព្រោះវាអាចធ្វើឱ្យអ្នកកើតមុន ប្រសិនបើខ្នើយរបស់អ្នកមានជាប់មេរោគ ហើយថ្ពាល់របស់អ្នកទៅប៉ះនឹងខ្នើយ ម៉្យាងវិញទៀតវាក៏អាចបង្កឱ្យមានស្នាមជ្រួញនៅលើផ្ទៃមុខរបស់អ្នកផងដែរ។ សូមចាំថា ការហាត់ប្រាណដើម្បីបញ្ចេញសារធាតុពុល ការទទួលទានអាហារល្អៗមានប្រយោជន៍ចំពោះសុខភាពស្បែក និងការធ្វើអារម្មណ៍ឱ្យសប្បាយៗជាដើមក្រៅពីជួយឱ្យមានសុខភាពល្អហើយនោះ វាក៏ជាទម្លាប់ដ៏ល្អដែលអាចជួយឱ្យផ្ទៃមុខរបស់អ្នកស្រស់ថ្លាបានដែរ។
បន្ទាប់ពីបានអនុវត្តយ៉ាងត្រឹមត្រូវទៀងទាត់ហើយនោះ អ្នកនឹងសង្កេតឃើញពីភាពខុសប្លែកគ្នារវាងពេលមុន និងក្រោយពេលអនុវត្ត។ ដូច្នេះមិនថាតែមុនពេលរៀបការ ឬក្រោយពេលរៀបការនោះទេ សូមចាប់ផ្តើម និងបន្តអនុវត្តរហូតទៅ ដើម្បីភាពស្រស់ស្អាតផូរផង់នៃស្បែកនឹងនៅជាប់ជាមួយអ្នកជារៀងរហូតទៅ៕