បច្ចេកវិទ្យា ជាផ្នែកដ៏មានសារៈសំខាន់សម្រាប់ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត ព្រោះក្នុងយុគសម័យថ្មីនេះ បច្ចេកវិទ្យាត្រូវបានគេមើលឃើញថា កំពុងមានការប្រកួតប្រជែង និងមានតម្រូវការខ្ពស់លើគ្រប់ផ្នែកទាំងអស់។
លោក ធុល រិទ្ធី ស្ថាបនិក Koompi បានលើកឡើងថា បច្ចេកវិទ្យាជាច្រកដ៏សំខាន់ និងជាក្តីសង្ឃឹមមួយដែលអាចធ្វើឱ្យប្រជាជនខ្មែរប្រកួតឈ្នះបណ្តាប្រទេសនានាក្នុងតំបន់ ព្រោះបច្ចុប្បន្ននេះ បើមើលលើចរន្តនៃការសិក្សាបច្ចេកវិទ្យា គ្រប់គ្នាសុទ្ធតែអាចសិក្សាបានដូចគ្នា។ មានន័យថា យើងមានឧបករណ៍ជាមូលដ្ឋានដូចគ្នា បច្ចេកវិទ្យាគេមានអ្វី យើងក៏មានហ្នឹងដូចគ្នា ហេតុនេះអ្វីដែលយើងអាចផ្តោតការយកចិត្តទុកដាក់បានគឺ យើងប្រើប្រាស់ឧបករណ៍ទាំងអស់នោះដើម្បីអប់រំមនុស្សបានល្អប៉ុនណាតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ភាគច្រើនគេសិក្សាចំណេះជំនាញ ហើយបន្ថែមភាសាបរទេស ដូចជាភាសាអង់គ្លេស ភាសាបារាំង ឬភាសាចិនជាដើម ដើម្បីទទួលបានការងារល្អធ្វើ តែបន្តិចទៀត គ្រប់គ្នានឹងចាំបាច់ត្រូវចេះភាសាកូដ ព្រោះកូដនឹងក្លាយជាភាសាសកលលោកដែលគ្រប់គ្នាចាំបាច់ត្រូវតែដឹង។
លោក ធុល រិទ្ធី បាននិយាយថា៖ “ចរន្តនៃបច្ចេកវិទ្យាអនាគតនឹងចូលមកដល់ មិនអាចគេចផុតបានទេ ហេតុនេះប្រសិនបើប្រជាជនខ្មែរចាប់អារម្មណ៍ឱ្យកូនសិក្សាពីការសរសេរកូដ និងពីបច្ចេកវិទ្យាឱ្យបានទូលំទូលាយពីពេលបច្ចុប្បន្នទៅ នោះអនាគតយើងនឹងអាចមានឱកាសឈ្នះគេទាំងការធ្វើការងារ និងការធ្វើអាជីវកម្មនាពេលអនាគត”។
អ្នកជំនាញបច្ចេកវិទ្យាខាងលើ បានលើកឡើងផងដែរថា របកគំហើញថ្មីៗនៃបច្ចេកវិទ្យាមានតម្លៃខ្លាំងណាស់សម្រាប់អនាគត ព្រោះបច្ចុប្បន្ននេះយើងមើលឃើញថា អ្នកណាមានលុយច្រើនជាង មានធនធានច្រើនអាចបង្កើតអាជីវកម្ម អ្នកនោះនឹងមានថាមពល ឬមានឥទ្ធិពលធំជាង តែពេលអនាគត មិនប្រាកដថា វាស្ថិតក្នុងស្ថានភាពដដែលបែបនេះទេ។ អ្នកដែលមានឥទ្ធិពល និងមានសក្តានុពលខ្លាំង គឺភាគច្រើនជាអ្នកដែលមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាខ្លាំង។ បច្ចេកវិទ្យា នឹងផ្លាស់ប្តូរការរស់នៅរបស់មនុស្សឱ្យកាន់តែឆ្លាតវៃ ហើយវាក៏ធ្វើឱ្យយើងប្រើប្រាស់អស់ពីសក្តានុពលនៃរបស់របរដែលយើងកំពុងប្រើបច្ចុប្បន្នផងដែរ។ ជាក់ស្តែង យើងឃើញហើយថា យើងគ្រប់គ្នាមានទូរស័ព្ទ មានកុំព្យូទ័រ ហើយមានឧបករណ៍ផ្ទុកទិន្នន័យធំៗ និងបច្ចេកវិទ្យាខ្ពស់ៗ តែយើងខ្ជះខ្ជាយរបស់ទាំងអស់នោះ។ ប្រសិនបើយើងមានចំណេះដឹងផ្នែកបច្ចេកវិទ្យាច្បាស់ នោះយើងអាចប្រើប្រាស់វាអស់ពីលទ្ធភាព ហើយនៅពេលនោះយើងនឹងឃើញថា អ្វីក៏អាចធ្វើឱ្យយើងទទួលចំណូលបានដែរ។ សូម្បីតែទំហំ Hard disk ដែលយើងប្រើមិនអស់ ក៏យើងអាចលក់បានដែរ នៅថ្ងៃខាងមុខ។
កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញបច្ចេកវិទ្យា និងជាសហស្ថាបនិកបង្កើតកង្ហារឆ្លាតវៃដែលជាប់ពានរង្វាន់អន្តរជាតិជាច្រើន បានបញ្ជាក់ថា តាមពិតទៅកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសមិទ្ធផលបច្ចេកវិទ្យាជាមួយបណ្តាប្រទេសដទៃ គ្រាន់តែយើងត្រូវការផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនដែលរាំងស្ទះដល់ការអភិវឌ្ឍសមត្ថភាពរបស់យុវជន។ បច្ចុប្បន្ននេះ ដោយសារតែប្រជាជនយើងមួយចំនួន ជាពិសេសគ្រួសាររបស់និស្សិតមិនយល់ពីបច្ចេកវិទ្យា ទើបមុខវិជ្ជានេះមិនសូវត្រូវបានអាណាព្យាបាលណែនាំឱ្យសិក្សា ឬចាប់ជាអាជីពនោះទេ។ ម្យ៉ាងវិញទៀត មនុស្សមួយចំនួនយល់ឃើញថា ទោះបីជាយើងបង្កើតផលិតផលនានាបានហើយ ក៏យើងគ្មានសមត្ថភាពបង្កើតជារោងចក្រផលិតបានដែរ ហេតុនេះយើងនៅតែមិនអាចប្រកួតប្រជែងជាមួយគេបាន បើទោះបីជាខ្លាំងប៉ុនណាក៏ដោយ។ ការគិតបែបនេះ មិនប្រាកដថាត្រឹមត្រូវនោះទេ ព្រោះបច្ចេកវិទ្យាទូលំទូលាយណាស់ តាមពិតឱ្យតែមានចំណេះដឹង និងគំនិតច្នៃប្រឌិត យើងអាចមានមធ្យោបាយច្រើនណាស់ដើម្បីធ្វើវាឱ្យជោគជ័យ។
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖“ខ្ញុំលើកទឹកចិត្តឱ្យយុវជន ជាពិសេសស្ត្រី ហ៊ានចាប់យកឱកាស ប្រសិនបើយើងពិតជាស្រឡាញ់បច្ចេកវិទ្យាមែន ព្រោះវាជាផ្នែកដែលអាចអភិវឌ្ឍបានលឿន។ជាមួយនឹងបច្ចេកវិទ្យា យើងអាចខ្លាំងជាងយុវជនមកពីបណ្តាប្រទេសដទៃ ប្រសិនបើយើងមានភាពឆ្លាតវៃក្នុងការបំបែក ឬរិះរកវិធីបង្កើតថ្មីនានាដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួនយើង”។
កញ្ញា សុវណ្ណមុនីនុត បានបន្ថែមទៀតថា ប្រសិនបើយើងមានធនធានកាន់តែច្រើនផ្នែកបច្ចេកវិទ្យា ហើយមានស្ថាប័នច្រើនគាំទ្រដល់ស្នាដៃបច្ចេកវិទ្យារបស់យុវជនតាមរយៈការផ្តល់ការប្រកួតប្រជែង ឬការផ្តល់ឱកាសសម្រាប់អាហារូបករណ៍ជាដើម នោះយើងនឹងមើលឃើញកាន់តែច្បាស់ថា យុវជនរបស់យើងមានសមត្ថភាពខ្ពស់ច្រើន។ វាក៏អាចជាគំរូបន្តបន្ទាប់ដើម្បីទាក់ទាញ យុវជនជំនាន់ក្រោយៗទៀតដើម្បីចាប់យកមុខវិជ្ជាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីសិក្សាផងដែរ៕