ក្រោយការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ជាពិសេសការរឹតបន្តឹងការប្រឡងមធ្យមសិក្សាទុតិយភូមិ គំនិតផ្តួចផ្តើមបង្កើតសាលាជំនាន់ថ្មីបានក្លាយជាគំនិតប្រកបដោយប្រសិទ្ធភាពមួយក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានសមត្ថភាពខ្ពស់ និងមានបរិក្ខារគ្រប់យ៉ាងមិនចាញ់សាលាឯកជននោះទេ។
នៅឆ្នាំសិក្សា 2018-2019 នេះ សាលារៀនជំនាន់ថ្មី ដែលជាគ្រឹះស្ថានសិក្សារដ្ឋ ចាប់ផ្តើមបើកសាកល្បងកាលពីឆ្នាំ2016 ត្រូវបានគេមើលឃើញថា ជាសាលាដែលទទួលបានលទ្ធផលល្អជាងគេបំផុតក្នុងចំណោមគ្រឹះស្ថានបណ្តុះបណ្តាលចំណេះដឹងទូទៅរដ្ឋ និងឯកជន។ បើតាមការបញ្ជាក់របស់ លោក សម្យ កំសាន្ត នាយករងវិទ្យាល័យស៊ីសុវត្ថិ ទទួលបន្ទុកសាលាជំនាន់ថ្មី បានបញ្ជាក់ថា សិស្សដែលចេញពីសាលាជំនាន់ថ្មីនៅឆ្នាំនេះ ទទួលបានជោគជ័យក្នុងការប្រឡងរហូតដល់ទៅ 94ភាគរយ ខណៈអ្នកដែលទទួលបាននិទ្ទេស A ក៏មានចំនួនច្រើនជាងគេផងដែរនៅទូទាំងប្រទេស។
លោក សម្យ កំសាន្ត បានលើកឡើងថា នេះជាឆ្នាំទី5 ហើយដែលគម្រោងសាលារៀនជំនាន់ថ្មីបានអនុវត្តនៅក្នុងប្រទេសកម្ពុជា។ គោលដៅសំខាន់នៃការបង្កើតសាលារៀនជំនាន់ថ្មីនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការទីផ្សារទាំងក្នុងប្រទេស និងក្នុងតំបន់។
សាលារៀនជំនាន់ថ្មីជាសាលាដែលបានបន្ថែមនូវកម្មវិធីសិក្សាថ្មីដោយសិក្សាយ៉ាងល្អិតល្អន់ពីវិធីសាស្ត្របង្រៀនដែលមានលក្ខណៈស្តង់ដាខ្ពស់មិនចាញ់ប្រទេសអភិវឌ្ឍន៍ធំៗនោះទេ ព្រោះយើងចង់ឱ្យសិស្សានុសិស្សរបស់យើងមានគុណភាពខ្លាំងសម្រាប់ការប្រកួតប្រជែង។ ជាលទ្ធផល សិស្សនៃសាលាជំនាន់ថ្មីបានចូលរួមប្រកួតប្រជែងទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដោយពួកគេអាចយកជ័យជម្នះលើការប្រឡងប្រជែងជាច្រើន ដោយក្នុងនោះមានទាំងមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធជារៀងរាល់ឆ្នាំ។
លោក សម្យ កំសាន្ត បាននិយាយថា៖ “សាលារៀនជំនាន់ថ្មី គឺជាសាលារដ្ឋ តែនៅក្នុងការអនុវត្តគម្រោងនេះ ក្រសួងបានដាក់បញ្ចូលនូវកម្មវិធីបង្រៀនស៊ីជម្រៅជាងសាលារដ្ឋធម្មតា មានន័យថា បើការបង្រៀនត្រូវពិសោធ សិស្សត្រូវតែទៅធ្វើការពិសោធជាក់ស្តែងតែម្តង។ សិស្សនៃសាលាជំនាន់ថ្មីមានការសិក្សាផង អនុវត្តផ្ទាល់ផង និងមានកិច្ចការស្រាវជ្រាវច្រើនជាងសិស្សទូទៅ”។
សាលារៀនជំនាន់ថ្មី ជាសាលាដែលបំពាក់នូវបរិក្ខារពិសោធន៍ និងបច្ចេកវិទ្យាគ្រប់យ៉ាង ដោយក្នុងនោះបានដាក់បញ្ចូលនូវកម្មវិធីសំខាន់ៗជាច្រើនដូចជាកម្មវិធីបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) កម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា ដូចជាការសរសេរកូដ និងកម្មវិធីឌីហ្សាញជាដើម។ បន្ថែមពីលើនេះ សាលារៀនជំនាន់ថ្មីក៏ជាសាលាដែលបញ្ចូលនូវគំនិតសហគ្រិនភាព និងជំនាញសំខាន់ៗជាច្រើនផ្សេងទៀតផងដែរដល់សិស្សានុសិស្សគ្រប់គ្នាឱ្យបានសិក្សាកាន់តែស៊ីជម្រៅ។ គំរូនៃសាលាជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងដាក់ឱ្យអនុវត្តនៅទូទាំងប្រទេសនៅថ្ងៃអនាគត។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ សាលារៀនជំនាន់ថ្មីមានកម្រិតបឋមសិក្សាចំនួន 4សាលា និងកម្រិតមធ្យមសិក្សាចំនួន 6សាលា។ ក្នុងនោះកម្រិតមធ្យមសិក្សាមានដូចជាវិទ្យាល័យស៊ីសុវត្ថិ វិទ្យាល័យហ៊ុនសែនកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យសម្តេចជាស៊ីមព្រែកអញ្ចាញ វិទ្យាល័យហ៊ុនសែនពាមជីកង និងអនុវិទ្យាល័យគោកព្រីង៕