វេទិកាសេដ្ឋកិច្ចពិភពលោក បានលើកឡើងថា វិធីសាស្ត្រអប់រំរបស់ជប៉ុនដែលគេហៅថា Kaizen មានន័យថា ការផ្លាស់ប្តូរដ៏ល្អ (good change) អាចនាំឱ្យមនុស្សទូទៅទទួលបានជោគជ័យក្នុងជីវិត ជាពិសេសការបណ្តុះបណ្តាលក្មេងតូច។
ការអប់រំតាមបែបជប៉ុន ត្រូវបានគេមើលឃើញថាវាជាការអប់រំឱ្យមានការអភិវឌ្ឍម្តងបន្តិចៗតែជាទៀងទាត់។ ដំណើរការនេះត្រូវបានគេមើលឃើញថា អាចបង្កើតបានជាការផ្លាស់ប្តូរដ៏ធំមួយ នៅពេលដែលយើងធ្វើឱ្យមានការអភិវឌ្ឍកាន់តែកើនច្រើនឡើងៗជាលំដាប់ជារៀងរាល់ថ្ងៃ។ លុះកន្លងទៅយូរថ្ងៃ យើងនឹងមើលឃើញពីភាពប្រែប្រួលជាវិជ្ជមាន ដោយមិនបាច់ខំប្រឹងយ៉ាងគំហុក ដែលមិនទទួលបានលទ្ធផលល្អ ឬមិនអាចដោះស្រាយបញ្ហាបាននោះឡើយ។ ការខិតខំបែបគំហុកពេក វានឹងធ្វើឱ្យយើងមានភាពនឿយហត់ ហើយអាចបោះបង់ចោលយ៉ាងងាយនូវការខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅណាមួយ។ ម្យ៉ាងវិញទៀត ទម្លាប់ដែលខិតខំប្រឹងប្រែងនៅពេលដំណាក់កាលទឹកដល់ច្រមុះ ហើយទុកការងារចោលនៅពេលការងារមិនទាន់បង្ខំ នឹងធ្វើឱ្យដំណើរនៃការអភិវឌ្ឍរបស់យើងឡើងចុះមិនទៀងទាត់ ហើយយើងម្នាក់ៗត្រូវធ្លាក់ក្នុងស្ថានភាពខ្ជីខ្ជាដដែលៗឥតឈប់ឈរ។
តាមការអប់រំបែបជប៉ុន មានការកើនឡើង 1% ជារៀងរាល់ថ្ងៃ គឺជាសញ្ញាណល្អបំផុតដែលអាចធ្វើឱ្យយើងទទួលបានការរីកចម្រើនជាង 300% នៅក្នុង 1ឆ្នាំ។ ដើម្បីសម្រេចបាននូវផ្នត់គំនិត និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព មនុស្សមិនអាចធ្វើតាមចិត្តចង់ ដែលត្រូវលោតផ្លោះលឿនពេក បន្ទាប់មកក៏ឈប់ធ្វើនៅពេលនឿយហត់ និងបាត់ចំណង់នោះទេ តែវាត្រូវការភាពអំណត់ និងសង្កេតដោយយកចិត្តទុកដាក់ពីការសន្សំទម្លាប់ល្អបន្តិចម្តងៗជារៀងរាល់ថ្ងៃ។
ផ្នត់គំនិតអប់រំ Kaizen បានអប់រំឱ្យមនុស្សចាប់ផ្តើមធ្វើកំណត់សម្គាល់ និងយកចិត្តទុកដាក់ពីរបស់តូចៗដើម្បីយកវាទៅអភិវឌ្ឍ ប្រៀបដូចជាការរើសគ្រាប់ធញ្ញជាតិថ្មី ទៅបណ្តុះឱ្យធំបន្តិចម្តងៗរហូតទទួលបានផ្លែផ្កាដូច្នោះដែរ។ ការចាប់ផ្តើមពីចំណុចតូចៗ នឹងធ្វើឱ្យយើងក្លាយជាមនុស្សហ្មត់ចត់ និងមិនមើលរំលង ឬមើលងាយស្ថានការណ៍គ្រប់យ៉ាងក្នុងជីវិតឡើយ។ យើងនឹងយល់ថា របស់ធំទាំងអស់កើតចេញពីរបស់តូចៗផ្គុំបញ្ចូលគ្នា ហើយការអភិវឌ្ឍពីមួយជំហានតូចៗ យូរទៅនឹងក្លាយជាធំជាក់ជាមិនខាន។
ហេតុនេះហើយ ទើបយើងមើលឃើញថា ក្រុមហ៊ុន ឬស្ថាប័នរបស់ជប៉ុនភាគច្រើនមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព ជាមួយនឹងអាយុកាលរាប់រយឆ្នាំ។
ស្ថាប័នទាំងអស់នោះអាចដោះស្រាយបញ្ហាបានយ៉ាងរលូន បើទោះបីជាពិភពលោកមានរឿងអ្វីក៏ដោយ ព្រោះគេស្គាល់ច្បាស់ពីគ្រប់ស្ថានការណ៍ល្អិតល្អន់នៅជុំវិញខ្លួនគេ ហើយបន្តដោះស្រាយ និងអភិវឌ្ឍបន្តិចម្តងៗ រហូតអភិវឌ្ឍបានខ្លាំងក្លាដូចពេលបច្ចុប្បន្ន។ គំនិតសំខាន់ម្យ៉ាងទៀតនៃការអប់រំបែបជប៉ុន (Kaizen) គឺយកចិត្តទុកដាក់ខ្ពស់បំផុតពីពេលវេលា។
ជាធម្មតា មនុស្សតែងតែបណ្តោយឱ្យខ្លួនឯងខាតបង់ពេលវេលាច្រើនជាមួយនឹងការកម្សាន្ត ឬភាពខ្ជះខ្ជាយដែលកើតចេញពីកង្វះការគ្រប់គ្រង។ ហេតុនេះអ្វីដែលពួកគេអប់រំ គឺត្រូវរកឱ្យឃើញពីមូលហេតុដែលនាំឱ្យខ្ជះខ្ជាយពេលវេលា បន្ទាប់មកដោះស្រាយវាឱ្យបាន ដើម្បីទុកពេលសម្រាប់អភិវឌ្ឍ ព្រោះការអភិវឌ្ឍដែលជប៉ុនអប់រំមនុស្ស គឺធ្វើឡើងបន្តិចម្តងៗទៅតាមពេលវេលា កាលណាគេមានពេលវេលាកាន់តែច្រើន ការអភិវឌ្ឍនឹងកាន់តែប្រសើរដូចគ្នា។
ការអប់រំបែបជប៉ុន(Kaizen) ក៏ជំរុញផងដែរឱ្យមនុស្សពិចារណាក្នុងការសាកល្បង ឬស្វែងរកវិធីសាស្ត្រកាន់តែប្រសើរឡើង ដោយការមើលឡើងវិញពីការងារដែលបានធ្វើហើយ ថាតើវិធីសាស្ត្រណាខ្លះគួរបន្តធ្វើ ឬអនុវត្តបានល្អ ហើយវិធីសាស្ត្រណាខ្លះដែលគួរបោះបង់ចោល។ មនុស្សគ្រប់គ្នាគួរចំណាយពេលវេលាប្រចាំសប្តាហ៍ ឬយ៉ាងហោចណាស់ 1សប្តាហ៍ម្តងដើម្បីពិនិត្យមើលឡើងវិញលើអ្វីដែលខ្លួនបានធ្វើ ដើម្បីជួសជុលចំណុចខ្វះខាត ហើយអភិវឌ្ឍផ្នែកខ្លាំងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងទៀត។
វេទិកាសេដ្ឋកិច្ចពិភពលោក បានរកឃើញទៀតថា ដោយសារតែការបណ្តុះបណ្តាលរបស់ Kaizan នេះហើយ ដែលធ្វើឱ្យឧស្សាហកម្មគ្រឿងយន្តរបស់ជប៉ុនមានភាពល្បីល្បាញផ្នែកប្រសិទ្ធភាពខ្ពស់ និងអភិវឌ្ឍជាលំដាប់ ព្រោះអ្នកធ្វើការងារទាំងអស់ត្រូវបានគេជំរុញឱ្យចាប់ផ្តើមអភិវឌ្ឍពីចំណុចតូចៗតាមដំណើរឥតឈប់ឈរ។ ក្រៅពីនេះ ផ្នត់គំនិតនេះ ក៏បានជួយដល់ផ្នែកដទៃជាច្រើនទៀតក្នុងការបង្កើនប្រសិទ្ធភាព និងនិរន្តរភាពក្នុងស្ថាប័នដែរ៕