អ្នកដឹកនាំរឿងជនជាតិអូស្ដា្រលីមានឈ្មោះថា Rodd Rathjen បានដកស្រង់បទពិសោធន៍ជីវិតក្នុងការធ្វើការស្រាវជ្រាវអំពីជីវិតពលករដែលត្រូវបានលក់ និងជួញដូរឱ្យទៅធ្វើការចំណាកស្រុកនៅប្រទេសថៃ ។ លោកបានអះអាងថា ភាពយន្ដ « រសាត់អណ្ដែត » ត្រូវបានសរសេរឡើងយ៉ាងចាក់ដោតនៅក្នុងបេះដូងរបស់លោក ហើយក៏ជាភាពយន្ដអប់រំមួយសម្រាប់ប្រជាជនខ្មែរ មុននឹងសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅស៊ីឈ្នួលនៅក្រៅស្រុក។
រឿង « រសាត់អណ្ដែត » ត្រូវបានសរសេរឡើងដោយផ្អែកលើព្រឹត្តិការណ៍ពិតនៃទាសភាពបច្ចុប្បន្ន។ ភាពយន្ដនេះ គឺជាភាពយន្ដបែបសោទនាកម្មដែលត្រូវបានថតស្ទើរតែទាំងស្រុងនៅលើសមុទ្រក្នុងប្រទេសកម្ពុជា ដែលរៀបរាប់អំពីក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់ឈ្មោះ « ចក្រា » ជាជនជាតិខ្មែរ បានចាកចេញពីផ្ទះនិងស្រុកកំណើតរបស់ខ្លួន ដើម្បីស្វែករកជិវិតដែលប្រសើរជាងមុន ប៉ុន្ដែបែរជាធ្លាក់ខ្លួនជាទាសករនេសាទតាមទូកទៅវិត។ ចក្រា ទទួលរងការជិះជាន់កម្លាំងការងារពីថៅកែទូកជនជាតិថៃដែលមានចិត្ដឃោរឃៅ និងបំពានសិទ្ធកុមារ។
តួឯកប្រុស ហេង សំ មានវ័យ 16 ឆ្នាំ បានប្រាប់សារព័ត៌មានឡារ៉ែនថា លោកគឺជាក្មេងកំព្រាតាំងពីកុមារ មករស់នៅក្នុងអង្គការមួយ។ លោកបានទទួលឱកាសជាតួសម្ដែងរឿង « រសាត់អណ្ដែត » នេះ ដោយមូលហេតុពីពេលកន្លងទៅលោកបានចូលរួមជ្រើសរើសសម្ដែងក្នុងរឿង « ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ » របស់អ្នកស្រី អេនជីឡាណាជូលី។ ផលលំបាកនៃការសម្ដែងភាពយន្ដនេះលោកថា គឺលោកត្រូវសម្ដែងនៅលើទូកនេសាទអស់រយៈពេលច្រើនថ្ងៃនៅលើទឹកសមុទ្រ និងកោះរុងសន្លឹម ដែលលោកថា លោកជាមនុស្សចាញ់ទឹករលក។ លោកបន្ដថា លោកមានអារម្មណ៍តាណតឹងបំផុតនៅពេលបញ្ចេញទឹកមុខនៅមុខកាមេរ៉ាធំៗ ដែលធ្វើឱ្យការប្រមូលស្មារតីរបស់លោកពិបាកក្នុងការបែងចែកអារម្មណ៍សម្ដែង។
សូមជម្រាបផងដែរថា ភាពយន្ដដែលនិយាយភាសាខ្មែរ-ថៃនេះ ត្រូវបានជ្រើសរើសជាបេក្ខភាពរបស់ប្រទេសអូស្ត្រាលីសម្រាប់ខ្សែភាពយន្ដខ្នាតវែងអន្ដរជាតិល្អបំភុតនៅឯពានរង្វាន់ OSCARS Academy Awards លើកទី92។ ខ្សែភាពយន្ដនេះ ត្រូវបានថតនៅប្រទេសកម្ពុជា ហើយចាក់បញ្ចាំងគ្រប់រោងភាពយន្ដទាំងអស់នៅថ្ងៃទី 18 ខែតុលា ឆ្នាំ 2019 នេះតទៅ ដែលចំថ្ងៃទិវាប្រឆាំងទាសភាពអន្ដរជាតិ៕