ធ្លាក់ហៅមិត្តភក្ដិខ្លាំងយ៉ាងណាក៏ដោយ ក៏មិត្តអ្នកមិនបានឮសំឡេងរបស់អ្នកនិយាយ ហើយបែរជាងាកមកសួរអ្នកម្ដងហើយម្ដងទៀតទេ? យើងតែងតែបង្អាប់ចំអន់គ្នាលេងថា “ថ្លង់ មិនទាន់កាយអាចម៍ត្រចៀកចេញទេដឹង!” ជាដើម។ ក៏ប៉ុន្ដែ យោងតាមការស្រាវជ្រាវថ្មីបានបង្ហាញថា សំឡេងទាំងនេះបានបង្កការរំខានច្រើន ដែលអាចធ្វើឱ្យមនុស្សជាច្រើននាក់ប្រែទៅជា “ថ្លង់” និងបង្កើនហានិភ័យនៃជំងឺផ្សេងៗ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ អង្គការសុខភាពពិភពលោក ក៏បានអះអាងឱ្យដឹងដែរថា ការបំពុលដោយសំឡេង ជាផ្នែកមួយដែលគំរាមកំហែងខ្លាំងបំផុតចំពោះសុខភាពសាធារណៈ បន្ទាប់មកគឺការបំពុលខ្យល់ ចំណែកលក្ខខណ្ឌនៃការធុញថប់ និងបញ្ហាតំណេក គឺជាបញ្ហាមួយនាំឱ្យកើតជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយថែមទាំងធ្វើឱ្យទៅជាធាត់តែម្ដង។
មូលហេតុដែលបណ្ដាលឱ្យថ្លង់
ថ្លង់ពីកំណើត : ទារកអាចថ្លង់ពីកំណើត ប្រសិនបើម្ដាយជួបប្រទះបញ្ហាមួយចំនួនក្នុងអំឡុងពេលមានផ្ទៃពោះ ដូចជា៖
– ម្តាយមានការបង្ករោគដូចជា ជំងឺស្វាយ ឬស្អូចជាដើម។
– ខ្វះអុកស៊ីហ្សែ៊នពេលសម្រាលកូន។
– ការប្រើថ្នាំមិនត្រឹមត្រូវ។
– កើតជំងឺខាន់លឿនពេលមានផ្ទៃពោះជាដើម។
ថ្លង់ដោយសារវ័យ និងបញ្ហាសុខភាព : ចំពោះករណីផ្សេងដែលមិនមែនជាការថ្លង់ពីកំណើត តែអាចធ្វើឱ្យមនុស្សគ្រប់គ្នាប្រឈមនឹងការថ្លង់នៅថ្ងៃអនាគត គឺនៅពេលដែលអ្នកឈានចូលដល់វ័យកាន់តែចាស់ ឬបញ្ហាសុខភាពមួយចំនួន រួមមាន៖
– បម្រែបម្រួលរចនាសម្ពន្ធត្រចៀកផ្នែកខាងក្នុងតាមវ័យ។
– មានជំងឺរលាកស្រោមខួរក្បាល កញ្ច្រិល និងស្រឡទែន។
– មានការបង្ករោគនៅក្នុងត្រចៀករ៉ាំរ៉ៃ។
– ការប្រើថ្នាំព្យាបាលគ្រុនចាញ់ ឬមហារីកអង់ទីប៊ីយ៉ូទិក មួយចំនួន និងពពួកថ្នាំជំនួយផ្លូវភេទ។
– មានរបួសនៅក្បាល ឬនៅត្រចៀក។
– ធ្វើការ ឬនៅកន្លែងប្រឈមនឹងសំឡេងខ្លាំងជាប្រចាំ។
– តំណពូជ ឬកត្តាហ្សែ៊នរបស់អ្នកអាចធ្វើឱ្យមានផលប៉ះពាល់ដល់ត្រចៀក។
វិធីសង្កេតរោគសញ្ញាអាការ “ថ្លង់” ដោយខ្លួនឯង
ព្យាយាមស្តាប់ការនិយាយខ្សឹបដែលមានប្រវែង10សង់ទីម៉ែត្រ ឬលើកដៃរបស់អ្នកឡើងជិតនឹងត្រចៀកប្រហែល1អុីញ។ ប្រើចង្អុលដៃ និងមេដៃរបស់អ្នកត្រដុសគ្នាថ្នមៗ រហូតទាល់តែសំឡេងស្រាលៗកើតឡើង។ កម្រិតសំឡេងនេះគឺប្រហែល30ដេស៊ីបែល មានន័យថា ត្រចៀករបស់អ្នកនៅសភាពធម្មតា។ ប៉ុន្តែប្រសិនបើអ្នកមិនស្តាប់ឮសំឡេងស្រាលនោះទេ យើងអាចសង្កេតបានថា ត្រចៀករបស់អ្នកកំពុងប្រឈមនឹងអាការថ្លង់។ ប្រសិនបើនរណាម្នាក់មិនប្រាកដថា ខ្លួនមានអាការថ្លង់ ឬអត់នោះ ឬក៏មានរោគសញ្ញាមិនប្រក្រតីដែលរំខានដល់ជីវិតប្រចាំថ្ងៃដោយសំឡេងណាមួយ អ្នកគួរតែប្រញាប់ទៅពិនិត្យសុខភាពត្រចៀក ជាមួយគ្រូពេទ្យឯកទេសខាងបំពង់ក ត្រចៀក និងច្រមុះ។
វិធីកាត់បន្ថយហានិភ័យបញ្ហាថ្លង់
– ការពារត្រចៀករបស់អ្នក ដោយកំណត់រយៈពេលសមស្របក្នុងការប៉ះផ្ទាល់នឹងសំឡេងខ្លាំង ឬបន្ថយសំឡេង។
– ករណីអ្នកធ្វើការងារនៅកន្លែងដែលមានសំឡេងខ្លាំង អ្នកអាចប្រើប្រាស់ផ្លាស្ទិកបិតរន្ធត្រចៀក ឬប្រើឧបករណ៍ការពារត្រចៀកជាដើម។
– គួរធ្វើតេស្តការស្តាប់ជាប្រចាំ បើអ្នកធ្វើការដែលប្រឈមនឹងសំឡេងខ្លាំងៗជាអចិន្ត្រៃយ៍។
– ចំពោះស្ត្រីមានផ្ទៃពោះត្រូវពិនិត្យគភ៌ ថែរក្សាសុខភាព និងប្រឹក្សាជាមួយគ្រូពេទ្យមុនពេលប្រើថ្នាំណាមួយ។ប្រសិនបើអ្នកបាត់បង់សមត្ថភាពក្នុងការស្តាប់ ឬស្តាប់លែងឮភ្លាមៗ ទោះត្រឹមម្ខាងក៏ដោយ អ្នកត្រូវប្រញាប់ជួបជាមួយគ្រូពេទ្យឯកទេសផ្នែកត្រចៀក ច្រមុះ បំពង់ក ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍ជំនួយក្នុងការស្តាប់នឹងត្រូវបានណែនាំពីគ្រូពេទ្យ បើសិនជាការធ្វើរោគវិនិច្ឆ័យឃើញថា “អ្នកថ្លង់”៕