ចំណុចសំខាន់ៗមួយចំនួនដែលជាប្រធានបទទាក់ទិននឹងអចលនទ្រព្យ ត្រូវបានក្លាយជា បទបង្ហាញរបស់ប្រតិភូនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA)ដែលបានលើកយកមកដើម្បីផ្សព្វផ្សាយអំពីសក្ដានុពលក្នុងប្រទេសកម្ពុជាក្នុងការអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍សន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ2019 នៅប្រទេសជប៉ុន ដើម្បីបង្កើនសក្តានុពលលើការវិនិយោគក្នុងវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)បានប្រាប់ឡារ៉ែន ពាណិជ្ជថា៖“ខ្ញុំបានត្រៀមធ្វើបទបង្ហាញផ្ដោតលើប្រទេសកម្ពុជាឱ្យអ្នកវិនិយោគបរទេសបានយល់ថា ហេតុអ្វីកម្ពុជាត្រូវការការវិនិយោគ និងក៏ដើម្បីបានចាត់ទុកថា ការចូលរួមនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យកម្ពុជា ដែលត្រូវរៀនសូត្រពីបណ្ដាប្រទេសរីកចម្រើនលើពិភពលោក ពិសេសម្ចាស់ផ្ទះជប៉ុន។ នេះគឺជាឱកាសដ៏ល្អ ដើម្បីទាក់ទាញការវិនិយោគបរទេសមកកាន់កម្ពុជា និងពីកម្ពុជាទៅប្រទេសក្នុងតំបន់អាស៊ាន”។
លោកបានបន្តទៀតថា តាមការចូលរួមនៅក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិនៅក្នុងប្រទេសជប៉ុននោះ អ្វីដែលយើងទទួលបានមកវិញគឺ៖ ទី1-បទពិសោធនៃបណ្តាប្រទេសទាំង8 នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងការចែករំលែកនូវអ្វីដែលពាក់ព័ន្ធនឹងការវិនិយោគ ជាពិសេសការវិនិយោគវិស័យអចលនទ្រព្យ និងបណ្តាប្រទេសនៅក្នុងតំបន់ផ្សេងៗទៀត។ ទី2-បរិបទ និងបែបផែននៅក្នុងការវិនិយោគពីប្រទេសយើងទៅកាន់ប្រទេសគេ និងពីប្រទេសគេមកកាន់ប្រទេសកម្ពុជាយើងវិញដែរ ដើម្បីណែនាំការវិនិយោគ ដែលនេះ គឺជាសក្តានុពលទាក់ទងនឹងការអភិវឌ្ឍ។ ទី3-ពាក់ព័ន្ធនឹងទំនាក់-ទំនងជាមួយអ្នកិវិនិយោគថា តើអ្នកវិនិយោគនាំមកនូវម៉ូដែល និងបច្ចេកវិទ្យាសំខាន់ៗមកក្នុងប្រទេសយើងជាមួយនឹងសក្តានុពលនៃការអភិវឌ្ឍបែបណានៅក្នុងប្រទេសរបស់យើង។
តាមការបញ្ជាក់របស់លោកសុខនីម បានឱ្យដឹងថា ៖“ការចូលរួមក្នុងសន្និសីទអន្តរជាតិនេះ ក្រុមប្រតិភូ CVEA បានទទួលនូវអ្វីជាសំខាន់នោះ គឺការរៀនពីម៉ូដែល នៃវិស័យអចលនទ្រព្យនៅក្នុង ប្រទេសនីមួយៗដែលបានចូលរួម។ តាមរយៈការធ្វើទស្សនកិច្ចតំបន់អចលនទ្រព្យប្រទេសជប៉ុន ដែលមានអគារកម្ពស់ 70-80ជាន់ដែលបំពាក់ឧបករណ៍ការពារការរញ្ជួយផែនដីផង តែក៏គេនៅតែអាចដឹកនាំការកសាងបាន”។
លោកប្រធានសមាគមបានមានប្រសាសន៍ឱ្យដឹងដែរថា៖“បើយើងប្រៀបធៀបសេដ្ឋកិច្ចក្នុងការវិនិយោគវិស័យអចលនទ្រព្យក្នុងពេលបច្ចុប្បន្ននេះ គឺយើងដើរនៅក្រោយគេឆ្ងាយណាស់ បើប្រៀបធៀបជាឆ្នាំ ប្រហែលជាក្រោយប្រទេសជប៉ុនប្រមាណ 25ឆ្នាំមុន។ គឺយើងនៅឆ្ងាយពីគេនៅឡើយ ព្រោះគេមានការអភិវឌ្ឍច្រើនជាងយើង មានបទពិសោធខ្លាំង និងល្អជាងយើង។ វិស័យអចលនទ្រព្យគេមានការ-គិតគូរបានល្អ និងការរៀបចំបានល្អ”។
ប៉ុន្តែលោកប្រធានសមាគម CVEA ក៏បានបញ្ជាក់ដែរថា៖“ប៉ុន្តែប្រទេសកម្ពុជាយើងមិនអន់នោះទេ យើងដើរលឿន ទោះជាយើងអភិវឌ្ឍក្រោយគេមែនតែយើងដើរលឿនសម្រាប់ការវិនិយោគវិស័យអចលនទ្រព្យនេះ។ ព្រោះបើតាមការព្យាករ ក្នុងរយៈពេលប្រហែលជា 15ឆ្នាំ ទៅមុខទៀត កម្ពុជាអាចនឹងឈានបានប្រហាក់ប្រហែលនឹងប្រទេសគេបានហើយ ទោះបីមិនដល់គេ ព្រោះពេលនោះគេអាចកែប្រែបន្ថែម តែក្នុងចន្លោះ15ឆ្នាំ យើងនឹងឃើញអគារខ្ពស់ៗច្រើននៅក្នុងរាជធានីភ្នំពេញ និងតំបន់ប៉ូលអភិវឌ្ឍន៍សំខាន់ៗមួយចំនួន”។
សូមបញ្ជាក់ថា ការចូលរួមសន្និសីទអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ2019 (International Real EstateConference 2019) IREC នៅប្រទេសជប៉ុន គឺក្នុងគោលបំណងបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសពង្រីកការវិនិយោគលើវិស័យឧស្សាហកម្មអចលនទ្រព្យ ឱ្យកាន់តែរីកចម្រើនថែមទៀត និងដើម្បីស្វែងយល់ ក៏ដូចជាផ្សព្វផ្សាយពីសក្ដានុពលទីផ្សារអចលនទ្រព្យ និងកៀងគរក្រុមអ្នកវិនិយោគអន្តរជាតិឱ្យចូលមកធ្វើការវិនិយោគនៅកម្ពុជា។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service ដែលបានចូលរួមក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិនៅប្រទេសជប៉ុននេះដែរ បានមានប្រសាសន៍ប្រាប់ឡារ៉ែនថា៖“ការចូលរួមក្នុងសន្និសីទនេះយើងបានទទួលបទពិសោធច្រើនដែរសម្រាប់យកមកអនុវត្តក្នុងវិស័យអចលនទ្រព្យនៅប្រទេសយើង។ ពោលគឺយើងបានរៀនសូត្រនូវអ្វីល្អៗពីគេ យើងមានណេតវើក (Network) និងការផ្លាស់ប្តូរយោបល់ គំនិតក្នុងវិស័យអចលនទ្រព្យក្នុងកម្រិតពិភពលោក”។
លោកស្រីនាយិកាបានបញ្ជាក់ដែរថា យើងក៏បានពិភាក្សាដេញដោលគ្នាពីបញ្ហាភ្នាក់ងារលក់ទិញអចលនទ្រព្យ ដោយលើកហេតុផលពីប្រទេសនីមួយៗថា យើងជួបប្រទះបញ្ហាអ្វីខ្លះ? កង្វះខាតអ្វីខ្លះដែលយើងមាន? ព្រោះគោលការណ៍ និងច្បាប់លក់ដូរ វាខុសៗគ្នាទៅតាមប្រទេសនីមួយៗ ហើយយើងអាចយកចំណុចសំខាន់ៗមកអនុវត្តដោយព្យាយាមកែប្រែ និងបំពេញនូវចំណុចខ្វះខាតដែលយើងមាន ដើម្បីធ្វើឱ្យមានការរីកចម្រើនវិស័យអចលនទ្រព្យក្នុងប្រទេសយើងឱ្យជឿនលឿនដូចគេដែរ។
លោកស្រី តាំង ហួរ ក៏បានបញ្ជាក់ទៀតថា៖“យើងក៏ទទួលបាននូវការធ្វើ Network យើងអាចដឹងពីព័ត៌មាននៃការលក់ដូរ។ ដូចជានៅប្រទេសមួយចំនួនដោយសារដីថ្លៃ គេច្រើនតែលក់ខុនដូវិញ ព្រោះវាមិនសូវស្មុគស្មាញ តែសម្រាប់យើងតម្លៃដីនៅថោក បើប្រៀបនឹងប្រទេសគេ ដូច្នេះយើងអាចលក់ទាំងដី ទាំងលំនៅឋាន ខុនដូ និងសំណង់អគារផ្សេង។ល។ ហើយសម្រាប់ប្រទេសយើង អចលនទ្រព្យស្រុកយើង មានអ្នកវិនិយោគបរទេសគេល្បីណាស់ ដោយសារយើងមានសក្តានុពលវិស័យនេះ។ តែទោះបីយើងមានសក្តានុពលវិស័យអចលនទ្រព្យនេះក៏ដោយ ក៏យើងត្រូវតែខំប្រឹងរៀនសូត្រពីគេ ដើម្បីការវិវឌ្ឍទៅមុខ បើយើងមិនរៀនសូត្រ យើងមិនអាចមានការរីកចម្រើនបានទេ”៕