ធនាគារអភិវឌ្ឍន៍អាស៊ី Asian Development Bank (ADB) ថ្មីៗនេះបានចេញរបាយការណ៍ មួយដែលឱ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជានឹងនៅតែបន្តសម្រេចបានកំណើនរឹងមាំក្នុងឆ្នាំនេះ បើ ទោះបីជាផលិតកម្មកសិកម្មមានការកើនឡើងយឺតជាងការរំពឹងទុកក៏ដោយ។
ការធ្វើបច្ចុប្បន្នភាព របាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន អំពីសេដ្ឋកិច្ចដែលមានឈ្មោះថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី Asian Development Outlook(ADO) ឆ្នាំ2019 ADB បានរក្សាការព្យាករ របស់ខ្លួនអំពីកំណើនផលិតផលក្នុងស្រុកសរុប(ផ.ស.ស)សម្រាប់ប្រទេសកម្ពុជាកម្រិត7.0% សម្រាប់ឆ្នាំនេះ និង 6.8% សម្រាប់ឆ្នាំ2020។
លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសរបស់ធនាគារ ADB ទទួលបន្ទុកប្រទេសកម្ពុជាថ្លែងថា៖ “សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំដោយសារតែភាពខ្លាំងជាបន្តនៅក្នុងវិស័យទូទៅជាច្រើន ដូចជាវិស័យកាត់ដេរ ទេសចរណ៍ ពាណិជ្ជកម្ម និងសំណង់នៅតែបន្តមានភាពរឹងមាំ។ ទោះបីយ៉ាងនេះក្តី ADB បានឱ្យដឹងថា កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្ម ផលិតផលនាំចេញរបស់ខ្លួនក្រៅពីវិស័យដែលមានស្រាប់បច្ចុប្បន្ន”។
លោកស្រីបន្តថា៖“ជាមួយនឹងការកើនឡើងភាពមិនច្បាស់លាស់នៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក ព្រមទាំងផលប៉ះពាល់របស់វាមកលើវិស័យសេវាកម្ម ដូចជា ទេសចរណ៍កម្ពុជាត្រូវការយុទ្ធសាស្ត្រពិពិធកម្មមួយជាបន្ទាន់ ដែលផ្តោតលើអ្វីដែលមានភាពសមស្របសម្រាប់ខ្លួនឯង ព្រមទាំងផ្តោតលើផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន”។
លោកស្រីបន្តថា ការធ្វើបែបនេះតម្រូវឱ្យកាត់បន្ថយហានិភ័យ ដែលកើតឡើងពីការផ្តល់ឥណទានដល់វិស័យអចលនទ្រព្យ ដែលកំពុងតែមានការកើនឡើង ការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយជំនាញនិងមានផលិតភាពខ្ពស់ជាងមុន ដើម្បីរក្សាតុល្យភាពនឹងប្រាក់ឈ្នួល ដែលកំពុងកើនឡើង និងទាក់ទាញការវិនិយោគមូលធនប្រកបដោយគុណភាពខ្ពស់ ដែលទាំងអស់នេះត្រូវការឱ្យមានផងដែរនូវអភិបាលកិច្ចល្អ និងស្ថាប័នដែលរឹងមាំ។
របាយការណ៍នេះ បានកត់សម្គាល់អំពីហានិភ័យចំពោះផលិតកម្មដែលអាចរងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ គ្រោះរាំងស្ងួតដែលបានកើតឡើង នៅអំឡុងពាក់កណ្តាលឆ្នាំដំបូង បានធ្វើឱ្យផលិតកម្មកសិផល និងជលផលមានការធ្លាក់ចុះ ដោយបានកាត់បន្ថយកំណើនសេដ្ឋកិច្ច នៅក្នុងវិស័យកសិកម្ម មកត្រឹមប្រមាណ 1.1% សម្រាប់ឆ្នាំនេះ។ កំណើនវិស័យឧស្សាហកម្ម មាន ភាពរឹងមាំដោយសារកំណើនដ៏ឆាប់រហ័សនៃផលិតកម្មកាត់-ដេរសម្លៀកបំពាក់ ស្បែកជើង ជាពិសេសទំនិញសម្រាប់ការធ្វើដំណើរដែលបាននាំឱ្យមានការដំឡើងការព្យាកររបស់ ADB ពី 10.1% កាល ពីខែមេសា ទៅជា 10.6% សម្រាប់វិស័យនេះ។
ដោយសារប្រេងឥន្ធនៈមានតម្លៃទាបជាងមុននិងតម្លៃស្បៀងអាហារមានការកើនឡើងតិចអតិផរណាមានកម្រិតទាបត្រឹម 1.4% នៅចុងខែមិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ2018 និងរំពឹងថា នឹងមានកម្រិត 2.2% ជាមធ្យម សម្រាប់ឆ្នាំ2019។
កំណើននៃការនាំចូលលឿនជាងការរំពឹងទុក បើទោះបីការនាំចេញទំនិញ និងការមកដល់នៃភ្ញៀវទេសចរមានការកើនឡើងយ៉ាងរឹងមាំក៏ដោយ។ ដូច្នេះឱនភាពគណនីចរន្ត (ដោយមិនរាប់បញ្ចូលជំនួយឥតសំណង) ត្រូវបានរំពឹងថា នឹងកើនឡើងនៅក្នុងរយៈពេលនៃការព្យាករនេះ។ ឱនភាពនេះទទួលបានហិរញ្ញប្បទានពីលំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស ដែលនឹងបន្តគរពូនទុនបម្រុងដុលអន្តរជាតិឱ្យឡើងដល់ប្រមាណ 12.3ពាន់លានដុល្លារត្រឹមដំណាច់ឆ្នាំនេះ ដែលអាចរ៉ាប់រងចំណាយសម្រាប់ការនាំចូលបានរយៈពេល 6ខែ។
ដោយឡែកមន្ត្រីជាន់ខ្ពស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund ឬIMF) ក៏បានកោតសសើរចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា និងចំណូលជាតិរឹងមាំខណៈមន្ត្រីរូបនេះចុះបំពេញបេសកកម្ម សម្រាប់រយៈពេល 2សប្តាហ៍នៅកម្ពុជា ដើម្បីសិក្សា និងវាយតម្លៃក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ។
លោក Jarkko Turunen ក្រុមការងារបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងយ៉ាងដូច្នេះនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយលោកបានមានប្រសាសន៍ថា បេសកកម្មរបស់ក្រុមការងារ Article IV មានគោលបំណង៖ 1-វាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសកល តំបន់ និងនយោបាយភូមិសាស្ត្រមកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។ 2- វាយតម្លៃ និងផ្តល់អនុសាសន៍គន្លឹះ សម្រាប់ពិចារណាលើវិធានការ គោលនយោបាយជាយុទ្ធសាស្ត្រ និងអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានកំពុងអនុវត្ត និងត្រៀមនឹងដាក់ចេញសម្រាប់ជំហានបន្ទាប់។ 3-ការប៉ាន់ស្មានតម្រូវការ និងប្រភពហិរញ្ញប្បទានក្នុងការគាំទ្រក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDGs) និង4-យុទ្ធសាស្ត្រអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជំនាញកម្ពុជា ដែលរួមមានជំនាញវិភាគ និងស្តង់ដារគ្រប់គ្រង និងផ្សព្វផ្សាយទិន្នន័យ ។
លោក Jarkko Turunen ប្រធានបេសកកម្ម បានវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលកំណើនសេដ្ឋកិច្ចខ្ពស់ និងចំណូលជាតិប្រកប ដោយភាពរឹងមាំ និងផ្លែផ្កា។
លោកបានថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបន្តរៀបចំផ្តល់កិច្ចសហការយ៉ាងសកម្ម សម្រាប់ក្រុមការងារបេសកកម្ម Article IV ក្នុងការវាយតម្លៃក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកដ្ឋាន / ស្ថាប័នពាក់ព័ន្ធក្នុងឱកាសបំពេញការងារបេសកកម្មនេះ។
ក្នុងឱកាសនោះដែរ លោក Jarkko Turunen ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាដោយឯកឧត្តមអគ្គទេសាភិបាលបានថ្លែងឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា មានសុខភាពល្អប្រសើរ និងបានរួមចំណែកគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបានពង្រឹងការត្រួតពិនិត្យ និងបទប្បញ្ញត្តិជាមួយនឹងការដាក់ចេញបន្តបន្ទាប់នូវគោលនយោបាយម៉ាក្រូប្រុងប្រយ័ត្ន ការបោះផ្សាយរបាយការណ៍ ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងបណ្តាញការពារស្ថិរភាពធនាគារឱ្យបានរឹងមាំស្របតាមស្តង់ដាអន្តរជាតិ។
សូមជម្រាបថា បេសកកម្ម Article IV ត្រូវបានមូលនិធិរូបិយវត្ថុអន្ដរជាតិធ្វើឡើងជារៀងរាល់ឆ្នាំ សម្រាប់ប្រទេសជាសមាជិក ដើម្បីពិនិត្យតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងផ្តល់អនុសាសន៍ សម្រាប់ការអនុវត្តគោលនយោបាយសេដ្ឋកិច្ច។
ឯកឧត្តមអគ្គទេសាភិបាលក៏បានជម្រាបជូនគណៈប្រតិភូពីការរីកចម្រើននៃសេដ្ឋកិច្ចនាពេលកន្លងមក ពិសេសនៅឆ្នាំ2018 ដែលកម្ពុជាសម្រេចបានក្នុងអត្រា7.5%។ ឆ្នាំ2019 រាជរដ្ឋាភិបាល រំពឹងថា កំណើននឹងបន្តកើនក្នុងរង្វង់ 7.1% ដែលជាកម្រិតខ្ពស់ក្នុងតំបន់។ ទន្ទឹមនេះស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពល្អប្រសើរ ដោយអតិផរណានៅឆមាសទី1 មានអត្រា1.9% ហើយរំពឹងថា មានកម្រិត2.2% សម្រាប់ឆ្នាំ2019៕