ក្នុងរយៈពេល 8ខែ ដើមឆ្នាំ2019 គម្រោងវិនិយោគនៅកម្ពុជាមានចំនួន 222គម្រោងដែលមានទុនវិនិយោគប្រមាណ 6ពាន់លានដុល្លារ ពោលគឺមានការកើនឡើងចំនួន 81គម្រោង និងមានទុនវិនិយោគប្រមាណ 1.88ពាន់លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ2018។ នេះបើតាមការលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាដោយលោកអគ្គលេខាធិការងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ជា វុទ្ធី អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា ទន្ទឹមនឹងកំណើនសកម្មភាពវិនិយោគជារួមដែលមានការកើនឡើងជាបន្តបន្ទាប់នេះ គិតចាប់តាំងពីឆ្នាំ2016 រហូតមកដល់ខែសីហា ឆ្នាំ2019 នេះ សកម្មភាពវិនិយោគតាមវិស័យ ដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍មានប្រមាណជា47% វិស័យហេដ្ឋារចនាសម្ព័ន្ធមាន24% វិស័យឧស្សាហកម្ម និងកម្មន្តសាល មាន23% និងវិស័យកសិ-ឧស្សាហកម្មមានប្រមាណ 6% នៃទំហំវិនិយោគសរុប។
ពោលគឺ ពី1ឆ្នាំទៅ1ឆ្នាំ សកម្មភាពវិនិយោគមានការកើនឡើងជាលំដាប់ រៀងគ្នាទាំងចំនួនគម្រោង ទាំងទុនវិនិយោគ។ ជាក់ស្តែងនៅឆ្នាំ2016 លើគម្រោងវិនិយោគចំនួន 171គម្រោងដែលមានទុនវិនិយោគប្រមាណ 3.6ពាន់លានដុល្លារអាមេរិក។ 183គម្រោងដែលមានទុនវិនិយោគ 6.3 ពាន់លានដុល្លារអាមេរិកនៅឆ្នាំ2017 និង 255គម្រោងដែលមានទុនវិនិយោគ 6.4ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2018។
លោក ជា វុទ្ធី បានបន្ថែមថា នៅក្នុងរយៈពេលដូចគ្នានេះដែរ សកម្មភាពវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស ក៏មានការកើនឡើងជាបន្តបន្ទាប់ផងដែរ ដោយក្នុងឆ្នាំ2016 គម្រោងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន 42គម្រោង ដែលមានទុនវិនិយោគប្រមាណ 283លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ2017 មាន 47គម្រោង ដែលមានទុនវិនិយោគ 444លានដុល្លារអាមេរិក និងនៅឆ្នាំ2018 មាន 79គម្រោង ដែលមានទុនវិយោគ 552លានដុល្លារអាមេរិក។
គិតត្រឹមខែសីហា ឆ្នាំ2019 នេះ តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងមានប្រតិបត្តិការមានចំនួន23តំបន់ ក្នុងនោះមានគម្រោងវិនិយោគចំនួន 482គម្រោង ដែលមានទុនវិនិយោគប្រមាណ 3.6ពាន់លានដុល្លារអាមេរិក ហើយទំហំនៃការនាំចេញដែលមានប្រភពចេញពីតំបន់សេដ្ឋកិច្ចពិសេសមានប្រមាណ15% នៃទំហំនៃការនាំចេញសរុបរបស់កម្ពុជានៅក្នុងឆ្នាំ2018។
ជាមួយគ្នានេះ ក្នុងរយៈពេល 8ខែ ដើមឆ្នាំ2019 ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាលមានការកើនឡើងខ្លាំង ខណៈទុនវិនិយោគក្នុងវិស័យទេសចរណ៍មានការកើនឡើងយ៉ាងគំហុក ប្រមាណជាង94% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018។ ដោយឡែក តួលេខវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានការថយចុះ។
រាជរដ្ឋាភិបាលស្វាគមន៍ចំពោះអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ រួមទាំងអ្នកវិនិយោគក្នុងស្រុកផងដែរ។ ច្បាប់វិនិយោគរបស់កម្ពុជា ពុំមានការរើសអើងសម្រាប់ការវិនិយោគនៅកម្ពុជា និងផ្តល់នូវប្រព្រឹត្តកម្មដូចគ្នាទាំងអស់។ កត្តាទាំងនេះហើយដែលបណ្តាលឱ្យកម្ពុជាមានភាពទាក់ទាញ ទទួលបានគម្រោងវិនិយោគមកពីបណ្តាប្រទេសជាច្រើន ក្នុងនោះការវិនិយោគចិនមានភាពលេចធ្លោជាងគេនៅក្នុងរយៈពេល 5ឆ្នាំចុងក្រោយនេះ ជាពិសេសចាប់ពីឆ្នាំ2016 រហូតមកដល់ខែសីហា ឆ្នាំ2019 ដែលការវិនិយោគទាំងនេះពុំផ្តោតតែលើឧស្សាហកម្មកាត់ដេរ ស្បែកជើង និងកាបូបនោះទេ។ នេះបើតាមលោក ជា វុទ្ធី បានបញ្ជាក់។
លោក ជា វុទ្ធី អគ្គលេខាធិការរង CDC បានបញ្ជាក់បន្ថែមថា៖«បើពិនិត្យទៅលើសកម្មភាពវិនិយោគបរទេសតាមប្រទេសនីមួយៗ ចាប់ពីឆ្នាំ2016 ដល់ខែសីហា ឆ្នាំ2019 សកម្មភាពវិនិយោគរបស់អ្នកវិនិយោគផ្ទាល់ពីបរទេស មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបានចូលរួមចំណែកប្រមាណ 56% នៃទុនវិនិយោគសរុប ក្នុងនោះប្រទេសចិនឈរនៅលំដាប់ទី1 ដែលមានទុនវិនិយោគប្រមាណ 7.9ពាន់លានដុល្លារ ស្មើនឹង 35%នៃទុនវិនិយោគសរុប បន្ទាប់មកគឺប្រទេសជប៉ុន ដែលមានប្រមាណ 8%។ ដោយឡែកទុនវិនិយោគក្នុងស្រុក បានបន្តឈរនៅលំដាប់លេខ1 ដែលមានទុនវិនិយោគប្រមាណ 10ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ 44,7% នៃទុនវិនិយោគសរុប៕