នៅក្នុងកម្មវិធី បើកពិព័រណ៍ផលិតផលអាហារជប៉ុន2019 កាលពីថ្ងៃទី11 ខែតុលា ឆ្នាំ2019 នៅរាជធានីភ្នំពេញ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ផលិតផលអាហារជប៉ុន គឺជាការជំរុញសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង2 ហើយការរីកចម្រើនរបស់កម្ពុជាកន្លងទៅ និងនាពេលបច្ចុប្បន្ន មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់មិត្តជប៉ុនបានឡើយ។
ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំង2 ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុននៅឆ្នាំ2018 មានទំហំទឹកប្រាក់ប្រមាណជាង 1,588លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាទៅជប៉ុន មានទំហំទឹកប្រាក់ប្រមាណ 1,079លានដុល្លារអាមេរិក និងការនាំចូលពីជប៉ុនមកកម្ពុជា គិតជាទំហំទឹកប្រាក់មានប្រមាណ 509លានដុល្លារ អាមេរិក។
ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះតាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជាផងដែរ។
ឯកឧត្ដមរដ្ឋមន្ត្រី បន្តទៀតថា ដើម្បីដោះស្រាយបញ្ហាជូនអ្នកវិនិយោគនៅកម្ពុជា កាលពីថ្ងៃទី5 ខែកញ្ញា 2019 ក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញពាណិជ្ជកម្មរវាងភាគីទាំង2 (កម្ពុជា-ជប៉ុន) ដូចជាៈ 1- ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និង2- លើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនឯកជនជប៉ុនឱ្យធ្វើអាជីវកម្មនៅកម្ពុជា។
ឯកឧត្ដមរដ្ឋមន្ត្រី បានកត់សម្គាល់ថា វិនិយោគដោយផ្ទាល់ពីប្រទេសជប៉ុនក៏មានការរីកចម្រើនផងដែរ ដោយគិតពីឆ្នាំ1994 រហូតដល់ត្រីមាសទី1 ឆ្នាំ2019 មានគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន 137គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ 2.5ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងផ្គុំ អគ្គិសនី និងអេឡិចត្រូនិក គ្រឿងផ្គុំរថយន្ត និងសម្ភារបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។
ជាមួយនោះដែរ ឯកឧត្ដមក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន វិនិយោគបន្ថែមកាន់តែច្រើនទៀតលើគ្រប់វិស័យ ជាពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេស ចរណ៍ ឧស្សាហកម្ម តភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុក និងក្នុងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្ម ជាដើម។
ក្រោមកិច្ចសហប្រតិបត្តិការនេះ ឯកឧត្ដមសង្ឃឹមថា សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់តម្លៃបន្ថែម និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរជូនដល់កម្មករ និយោជិតកម្ពុជា ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសការងារសមរម្យ ការរក្សាកំណើនសេដ្ឋកិច្ច និងការធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្មកម្ពុជា៕