គ្រូពេទ្យប្រាប់ថា អាហារដែលមានកូលេស្តេរ៉ូលខ្ពស់ ប្រថុយនឹងការកើតជំងឺបេះដូង និងជំងឺស្ទះសរសៃឈាមខួរក្បាល គួរចៀសវាងសាច់សត្វជាប់ខ្លាញ់ អាហារដែលមានខ្លាញ់ និងអាហារចៀនបំពង។ សង្កត់ធ្ងន់លើអាហារដែលធ្វើអំពីបន្លែ ឬសាច់សត្វដែលមានជាតិខ្លាញ់តិច ដូចជា ត្រី និងចម្អិនអាហារបែបស្ងោរ ចំហុយ ឬញ៉ាំជំនួសឱ្យការប្រើខ្លាញ់ច្រើន ដើម្បីសុខភាពដែលល្អ និងឃ្លាតឆ្ងាយពីជំងឺចង្រៃ។
កូលេស្តេរ៉ូល គឺអ្វី?
លោកវេជ្ជបណ្ឌិតជំនាញខាងអាហារ និងសុខភាពបានរៀបរាប់ថា កូលេស្តេរ៉ូល គឺខ្លាញ់មួយប្រភេទដែលចាំបាច់ចំពោះរាងកាយ ដើម្បីនាំទៅប្រើប្រាស់ក្នុងកម្មវីធីផលិតកោសិកាផ្សេងៗ តែបើសិនមានកម្រិតកូលេស្តេរ៉ូលច្រើនជ្រុលពេក នឹងមានភាពប្រថុយប្រថាន ធ្វើឱ្យកើតជំងឺ ព្រោះកូលេស្តេរ៉ូលនឹងទៅតោងជាប់នៅតាមបរិវេណជញ្ជាំងសរសៃឈាម ធ្វើឱ្យឈាមហូរមិនបានស្រួល ហុចផលឱ្យឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់ ប្រថុយនឹងការកើតជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាល។
អាហារដែលមានកូលេស្តេរ៉ូលខ្ពស់
សម្រាប់អាហារដែលមានកូលេស្តេរ៉ូលខ្ពស់ នឹងប្រទះឃើញនៅក្នុងសាច់សត្វជាប់ខ្លាញ់ របស់ចៀនបំពង បង្អែមដែលមានចំណែកផ្សំពីម្សៅគ្រីម ប៊័រ និងឈីស ជាដើម ដូច្នេះទើបគួរចៀសវាងទទួលទានអាហារដែលមានកូលេស្តេរ៉ូលទាំងនេះ ដោយសង្កត់លើការទទួលទានអាហារដែលធ្វើពីបន្លែ ឬសាច់សត្វដែលមានជាតិខ្លាញ់ទាប ដូចជា ត្រី និងញ៉ាំអាហារប្រភេទស្ងោរ ចំហុយ ញាំ ជំនួសឱ្យការប្រើខ្លាញ់ច្រើន(ចៀនបំពង)ដើម្បីសុខភាពដែលល្អចៀសឆ្ងាយពីរោគចង្រៃ។
គ្រោះថ្នាក់បណ្ដាលពីកូលេស្តេរ៉ូលក្នុងឈាម
ខ្ពស់វេជ្ជបណ្ឌិតជំនាញខាងលើបានបន្ថែមថា ការទទួលទានអាហារដេលមានកូលេស្តេរ៉ូលខ្ពស់ ធ្វើឱ្យមានគ្រោះថ្នាក់ខ្លាំងជាងមនុស្សយើងគិតទៅទៀត។ សភាវកូលេស្តេរ៉ូលក្នុងឈាមខ្ពស់ អាចមានគ្រោះថ្នាក់ដល់ប្រព័ន្ធបេះដូង និងសរសៃឈាម ដូចជា ជំងឺស្ទះសរសៃឈាមខួរក្បាល ជំងឺបេះដូងខ្វះឈាម និងជំងឺរឹងសរសៃឈាមក្រហម ដែលជាប្រក្រតី មិនគួរទទួលទានអាហារដែលមានកូលេស្តេរ៉ូលច្រើនជាង 300មីល្លីក្រាមឡើយក្នុង1ថ្ងៃ។
វិធីបញ្ចុះកូលេស្តេរ៉ូលក្នុងរាងកាយ
1.បន្ថយការទទួលទានសាច់ជាប់ខ្លាញ់ អាហារអាំង អាហារសមុទ្រ អាហារចៀនបំពង នំបេឃើរី បង្អែម មិនគួរទទួលទានច្រើនលើសភាពចាំបាច់ឡើយ។
2.គួរហាត់ប្រាណ ដូចជា រត់ ហែលទឹក ធាក់កង់ យ៉ាងតិច30នាទីក្នុង1ថ្ងៃ។3.មិនគួរញ៉ាំភេសជ្ជៈដែលមានជាតិអាល់កុលច្រើនជ្រុលពេក ដែលក្រៅពីបំផ្លាញ់ថ្លើមហើយ នៅហុចផលដល់កម្រិតកូលេស្តេរ៉ូលបានទៀតផង។
4.តមជក់បារី ព្រោះសារធាតុគីមីពីបារីជាកត្តាសំខាន់ដែលចូលទៅរាំងស្ទះការធ្វើការរបស់កូលេស្តេរ៉ូលប្រភេទល្អ ធ្វើឱ្យចំណែកកូលេស្តេរ៉ូលដែលលើសមិនអាចដឹកជញ្ជូនឆ្ពោះទៅរកថ្លើមបាន ជាមូលហេតុធ្វើឱ្យសរសៃឈាមត្បៀតតូចដោយសារតែការប្រមូលសន្សំរបស់កូលេស្តេរ៉ូលនៅលើជញ្ជាំងសរសៃឈាម និងក្លាយជាជំងឺរឹងសរសៃឈាមក្រហមនៅទីបំផុត៕