នៅថ្ងៃទី ១៤ ខែតុលានេះ គេបានឃើញវត្តមានកំពូលតារាភាពយន្ដថៃ កញ្ញា Mint Chilida មកកាន់កម្ពុជា និងចូលរួមបង្ហាញឈុតគ្រឿងពេជ្រ ដែលមានតម្លៃជាងកន្លះលានដុល្លារសហរដ្ឋអាមេរិក ដែលដឹងថា គ្រឿងអលង្ការពេជ្រមួយឈុតនោះ រចនាម៉ូដដោយហាង Chateau Des Gems និងមានលក្ខណៈពិសេសគឺចិញ្ចៀនមួយវង់ជាត្បូង Paraiba មានអាយុកាលរាប់សិបឆ្នាំមកហើយ និងជាត្បូងលាក់បាំងក្នុងផែនដីដ៏កម្រ។
ជំនួបជាមួយអ្នកសារព័ត៌មានឡារ៉ែន កំពូលតារាសម្ដែងថៃ កញ្ញា Mint Chilida បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលបានគ្រងឈុតគ្រឿងពេជ្រដែលជាម៉ូតមានតែមួយលើលោក ប្រចាំហាង Chateau Des Gems។ កញ្ញាជាប់ចិត្តជាងគេគឺចិញ្ចៀនដែលនាងបានពាក់ ដោយសារតែចិញ្ចៀនមួយវង់នោះ ជាត្បូង Paraiba ដែលជាត្បូងពេជ្រដ៏មានតម្លៃលាក់ក្នុងស្រទាប់ផែនដី ដែលទើបត្រូវបានគេរកឃើញប្រមាណជា៤០ឆ្នាំចុងក្រោយ។
ទន្ទឹមគ្នានោះដែរ លោកស្រី ម៉ៅ ពោរពេញ អគ្គនាយិកាហាងពេជ្រ Chateau Des Gems បានអ្នកសារព័ត៌មានឡារ៉ែនថា នេះជាលើកទី៦ហើយ ដែលហាងពេជ្ររបស់អ្នកស្រីតាំងពិព័រណ៌គ្រឿងពេជ្រនៅកណ្ដាលរាជធានីភ្នំពេញ ដោយបានទាំងច្នៃឈុតពេជ្រដ៏អស្ចារ្យក្នុងពិភពពេជ្រ ដើម្បីបង្ហាញថាប្រទេសកម្ពុជា ក៏មានគ្រឿងពេជ្រដ៏អស្ចារ្យ មិនខុសពីបណ្ដាប្រទេសធំៗ។ អ្នកស្រីថា មួយឈុតពី ហាងពេជ្រ Chateau Des Gems ដែលតារាថៃ កញ្ញា Mint Chilida ពាក់ក្នុងពិធីបង្ហាញខ្លួននោះ មានតម្លៃជាងកន្លះលានដុល្លារ ដោយប្រភេទពេជ្រ ដែលយកមកច្នៃសម្រាប់មួយឈុតនេះ ក៏ច្នៃពីត្បូងពេជ្រដ៏កម្រក្នុងលោក នៅក្នុងវិស័យគ្រឿងពេជ្រ។
អ្នកស្រីបន្ដថា មួយឈុតនេះ ត្រូវបានចាត់ទុកថា ជាម៉ូតដែលមានតែមួយលើលោក ដោយសូម្បីតែការរចនាម៉ូត ក៏អាចនិយាយបានថាគ្មានពីរ ប្រចាំហាង Chateau Des Gems ផងដែរ។ ក្រៅពីឈុតគ្មានពីររបស់តារាថៃ Mint Chilida បណ្ដាឈុតដែលលក់បញ្ចុះតម្លៃនៅក្នុងពិព័រណ៌នោះ ក៏ត្រូវបានអ្នកស្រី បញ្ជាក់សុទ្ធស៉ឹងតែជាឈុតប្រចាំហាង Chateau Des Gems ដ៏ល្អឥតខ្ចោះ។ លោកស្រីថា តាំងពិព័រណ៌របស់ហាងពេជ្រ Chateau Des Gems មិនត្រឹមតែបង្ហាញពីសន្ទុះរីកចំរើននៃទីផ្សារពេជ្រនៅកម្ពុជា តែក៏ជាជំនួបរបស់អតិថិជន ដើម្បីបង្ហាញថាកម្ពុជា មានការរីកចំរើនក្នុងវិស័យគ្រឿងពេជ្រ។ ពិធីនេះធ្វើឡើង២ថ្ងៃនៅភោជនីយដ្ឋាន Topaz ដោយនៅថ្ងៃទី៦ តុលា ក៏មានវត្តមានកំពូលតារាថៃល្បីល្បាញគឺលោក Boy Pakorn បង្ហាញខ្លួន៕