ការអប់រំជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ហើយនៅកម្ពុជាប្រព័ន្ធអប់រំបានក្លាយជាផ្នែកមួយដ៏សំខាន់ដែលគ្រប់ភាគីទាំងអស់ក្នុងសង្គមកំពុងយកចិត្តទុកដាក់។
ទោះបីជាមានការកែទម្រង់ ហើយភាពវិជ្ជមានក៏កំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់វិស័យអប់រំនៅកម្ពុជាយ៉ាងណាក៏ដោយ តែវិសមភាពនៃការផ្តល់ឱ្យនូវចំណេះដឹង ជាពិសេសនៅតាមតំបន់ជនបទក៏នៅតែមានបញ្ហាប្រឈមជាច្រើនដែលធ្វើឱ្យវាក្លាយជាឧបសគ្គដែលរាំងស្ទះដល់ដំណើរការនៃការកសាងធនធានមនុស្ស។
អង្គការ UNICEF បានបង្ហាញក្នុងបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ប្រព័ន្ធអប់រំនៅកម្ពុជា ជាពិសេសគុណភាពអប់រំនៅមានកម្រិត ដែលជាមូលហេតុនាំឱ្យមានការរៀនត្រួតថ្នាក់ និងការបោះបង់ចោលការសិក្សានៅមានអត្រាខ្ពស់នៅឡើយ។
តែទោះជាយ៉ាងណាក៏ដោយក្រសួងអប់រំ ដោយមានការគាំទ្រពីសហភាពអឺរ៉ុប និងទីភ្នាក់ងារស៊ុយអែតដើម្បីអភិវឌ្ឍន៍អន្តរជាតិ រួមជាមួយអង្គការ UNICEF បានបង្កើតគម្រោងមួយឈ្មោះថា មូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាពវិស័យអប់រំ ដើម្បីដោះស្រាយបញ្ហាទាំងអស់ខាងលើនោះ។
យោងតាម ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារក្រសួងអប់រំថា បច្ចុប្បន្នការបោះបង់ការសិក្សានៅថ្នាក់បឋមសិក្សាមានការថយចុះ តែសម្រាប់សិស្សនៅកម្រិតមធ្យមសិក្សា គឺនៅមានចំនួនច្រើននៅឡើយ ព្រោះពួកគេស្ថិតក្នុងវ័យដែលត្រូវចេញទៅរកប្រាក់ចំណូលជួយគ្រួសារ៕