សហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (The Federation of Association of Small and Medium Enterprises of Cambodia ឬ Fasmec) កំពុងអំពាវនាវសុំការគាំទ្រពីរដ្ឋាភិបាលដើម្បីផ្តល់ការលើកទឹកចិត្តលើពន្ធ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនការប្រកួតប្រជែងទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យម (SME)។ នេះបើតាមការថ្លែងរបស់ប្រធាន FASMAC នៅក្នុងសិក្ខាសាលានៅទីស្នាក់ការគយ និងរដ្ឋាករ។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Fasmec)បានថ្លែងថា សមាគមនៅតែបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យមដែលប្រើប្រាស់វត្ថុធាតុដើមកសិកម្មក្នុងស្រុក រួមទាំងបង្កើនសមត្ថភាពរបស់ពួកគេ។
លោកបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងនៃផលិតផលក្នុងស្រុក ជាពិសេសនៅពេលប្រៀបធៀបនឹងផលិតផលនាំចូល។ ដោយសមាគមគ្រោងនឹងជួបពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ អំពីបញ្ហាដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈម និងស្នើសុំជំនួយ ដើម្បីកែលម្អអាជីវកម្មដែលធ្វើការជាមួយវត្ថុធាតុដើមកសិកម្ម។
លោកឧកញ៉ាបានមានប្រសាសន៍ថា៖“យើងចង់ជំរុញអាជីវកម្មដែលប្រើប្រាស់វត្ថុធាតុដើមកសិកម្ម ដើម្បីផលិតផលិតផលអាហារ ដូច្នេះយើងធ្វើការជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធដើម្បីរកវិធីកាត់បន្ថយថ្លៃដើមផលិតកម្ម ពេលវេលា និងការចំណាយដើម្បីជំរុញផលិតផលក្នុងស្រុក”។
លោកបានបន្ថែមថា៖“បច្ចុប្បន្នផលិតផលក្នុងស្រុក ពាក់ព័ន្ធនឹងថ្លៃដើមផលិតកម្មខ្ពស់បើប្រៀបធៀបនឹងផលិតផលសម្រេចនាំចូល ដូច្នេះយើងព្យាយាមកាត់បន្ថយថ្លៃដើមផលិតកម្មដើម្បីធ្វើឱ្យផលិតផលរបស់យើងកាន់តែមានភាពងាយស្រួលក្នុងការប្រកួតប្រជែង”។
លោកបានមានប្រសាសន៍ទៀតថា ធនាគារ SME នឹងអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យមក្នុងស្រុកបន្ថែមទៀតដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន។ ធនាគារសម្រាប់សគ្រាសធុនតូច និងមធ្យម ជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលបានមូលនិធិសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមក្នុងស្រុកដែលនឹងអាចរកបាននៅចុងឆ្នាំនេះ។
ក្រៅពីគយ និងរដ្ឋាករ បញ្ហាផ្សេងទៀតដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈមនោះ រួមមានថ្លៃអគ្គិសនី និងកម្លាំងពលកម្មនឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាល – ឯកជនស្តីពីសហគ្រាសធុនតូច និងមធ្យមដែលគ្រោងធ្វើឡើងនៅខែក្រោយ។
យោងតាម FASMAC ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមចំនួនជាង 500,000 សហគ្រាស ក្នុងនោះមានសហគ្រាសធុនតូច និងមធ្យមចំនួន 150,000សហគ្រាសកំពុងកែច្នៃវត្ថុ ធាតុដើមកសិកម្មទៅជាផលិតផលម្ហូបអាហារ។ សមាគមបានឱ្យដឹងថា តាមការប៉ាន់ស្មាន មាន 10% នៃសហគ្រាសធុនតូច និងមធ្យមចំនួន 150,000កន្លែងនោះបាននាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារបរទេស។
ថ្លែងនៅក្នុងសិក្ខាសាលាដែលបានធ្វើឡើង ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមដើម្បីពិភាក្សាអំពីការលើកទឹកចិត្តលើពន្ធគយ និងសម្រាប់សហគ្រាសធុនតូច និងមធ្យម។ឯកឧត្តមបានមានប្រសាសន៍ថា៖“សហគ្រាសធុនតូច និងមធ្យមគឺជាឆ្អឹងខ្នងស្នូលនៃសេដ្ឋកិច្ចរបស់ប្រទេស ហើយកំពុងជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ”។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ប្រាប់ឡារ៉ែនថា៖“ការលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ជាប្រការសំខាន់ណាស់ក្នុងការជំរុញ និងលើកស្ទួយវិស័យSME។ រដ្ឋាភិបាលគួរផ្តល់ការលើកទឹកចិត្តលើពន្ធ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនការប្រកួតប្រជែងទីផ្សាររបស់ពួកគេ។ ជាការឆ្លុះបញ្ចាំងលើការងារនេះ តំបន់SMEពិសេស គួរតែត្រូវបានបង្កើតឡើង ដូចតំបន់សេដ្ឋកិច្ចពិសេសដែរ”។
លោកឧកញ៉ាបានបញ្ជាក់ថា៖“បញ្ហាដែលសហគ្រាសធុនតូច និងមធ្យមកំពុងប្រឈម រួមមានថ្លៃអគ្គិសនី និងកម្លាំងពលកម្ម នឹងត្រូវលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមការងាររដ្ឋាភិបាល – ឯកជនស្តីពីសហគ្រាសធុនតូចនិងមធ្យមដែលគ្រោងធ្វើនាពេលខាងមុខ យើងសង្ឃឹមថានឹងទទួលបានការសម្របសម្រួលនូវការដោះស្រាយបញ្ហាសំខាន់ៗពាក់ព័ន្ធនឹងថ្លៃដើមផលិតកម្មខ្ពស់ ជាដើម”។
លោកឧកញ៉ា លឹម ហេងក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា៖“ប្រសិនបើមានការគាំពារពីរដ្ឋច្រើន សភាពាណិជ្ជកម្មក៏នឹងជំរុញបញ្ហានេះឱ្យដំណើរការ ព្រោះវាដូចជាការធ្វើទំនើបកម្មដែរ ដោយយើងយកបច្ចេកវិទ្យាមកផលិត ដើម្បីឱ្យថ្លៃដើមទាប ព្រោះការប្រើមនុស្ស បច្ចុប្បន្នប្រាក់ខែគោលឡើងដល់ 190$ហើយ ដូច្នេះថ្លៃដើមការផលិតក៏ឡើងតាមហ្នឹងដែរ តែនៅថ្ងៃអនាគតសហព័ន្ធមួយសម្រាប់ SME ក៏នឹងត្រូវបង្កើតឡើងដើម្បីការរីកចម្រើនរបស់វិស័យនេះដែរ”។
ក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កាលពីខែសីហាកន្លងទៅ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ដែរថា៖“តាមវេទិការាជរដ្ឋាភិបាល វិស័យសហគ្រាសធុនតូចនិងមធ្យម ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលមានតួនាទីយ៉ាងសំខាន់ ដើម្បីជួយវិស័យនេះ អាចធ្វើទំនើបកម្ម នឹងដើរឱ្យទាន់ចង្វាក់ផលិតកម្មពិភពលោក ព្រោះវិស័យ SME គឺជាផ្នែកមួយជួយដល់ផលិតផលសរុប ក្នុងស្រុកមានកំណើនល្អ ជាពិសេសជួយបង្កើនដល់កំណើនសេដ្ឋកិច្ចជាតិប្រមាណជាង32.8% នៅឆ្នាំ2018 ពោលគឺលឿនជាងផែនការរហូតដល់ទៅ 5ឆ្នាំ។
ដូច្នេះរាជរដ្ឋាភិបាលបានរៀបចំវិធាន និងនីតិវិធីលម្អិតដើម្បីអនុវត្ត តាមដានវឌ្ឍនភាព និងវាយតម្លៃប្រសិទ្ធភាព នៃការអនុវត្ត និងរៀបចំស្នើនូវវិធានការបន្ថែមក្នុងករណីចាំបាច់ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យនេះ”។
ឯកឧត្តម ហេង សុខគង់ បញ្ជាក់ថា៖“ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៏ដូចជាវិស័យឌីជីថល ស្របទៅនឹងការរីកចម្រើនរបស់បដិវត្តន៍ឧស្សាហកម្មជំនាន់ទី4 កម្ពុជាក៏គ្រោងប្រើប្រាស់ផ្កាយរណបដោយខ្លួនឯងនៅក្នុងអំឡុងឆ្នាំ2022 ហើយក៏គ្រោងនឹងប្រើប្រាស់ឌីជីថល ខេមបូឌា នៅក្នុងអំឡុងឆ្នាំ2023 ខាងមុខនេះផងដែរ”៕