ទទួលបាននិទ្ទេស A គឺជាមោទកភាពដ៏ធំមួយសម្រាប់សិស្សានុសិស្សដែលបានខិតខំសិក្សាអស់រយៈពេលជាច្រើនឆ្នាំនៅកម្រិតមធ្យមសិក្សា។ ហើយវាជាចំណុចដ៏សំខាន់ដែលបង្ហាញពីចំណុចចាប់ផ្តើមដ៏វិជ្ជមានសម្រាប់ការអភិវឌ្ឍសមត្ថភាពជាមួយនឹងឱកាសយ៉ាងច្រើនសម្រាប់អនាគត។
ដើម្បីទទួលបាននិទ្ទេស A សិស្សឆ្នើមជាច្រើនបានបង្ហាញវិធីសាស្ត្រប្លែកៗពីគ្នាទៅតាមស្ថានភាពជាក់ស្តែងនៃការរស់នៅ ទេពកោសល្យផ្ទាល់ខ្លួន និងបរិស្ថាននៃការអប់រំ។ នៅក្នុងចំណោមវិធីសាស្ត្រល្អៗជាច្រើនដែលសិស្សនិទ្ទេសA បានលើកឡើង មានចំណុចរួមមួយដែលពួកគេសុទ្ធតែមាននៅក្នុងខ្លួន គឺការតាំងចិត្ត និងការគ្រប់គ្រងខ្លួនឯងបាន។
យុវសិស្ស ហុង រស្មីមរកត សិស្សឆ្នើមនិទ្ទេស A ឆ្នាំសិក្សា 2018-2019 មកពីសាលារៀនវេស្ទឡាញន៍ បានលើកឡើងថា ប្រសិនបើចង់ទទួលបាននិទ្ទេសល្អប្រសើរក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ បេក្ខជនទាំងអស់ចាំបាច់ត្រូវដឹងខ្លួនឯងឱ្យច្បាស់ថា និទ្ទេសអ្វីដែលយើងចង់ឃើញនៅក្នុងពេលប្រកាសលទ្ធផល។ គ្រាន់តែចាប់ផ្តើមឆ្នាំសិក្សាចូលថ្នាក់ទី12 ភ្លាម យើងត្រូវតាំងចិត្តឱ្យបានមុតមាំភ្លាមថា យើងត្រូវតែយកនិទ្ទេសល្អឱ្យបាន។ កន្លងមកមានសិស្សជាច្រើនមិនហ៊ានដាក់គោលដៅយកនិទ្ទេស A នោះទេ ព្រោះពួកគេយល់ឃើញថា វាជារឿងធំខ្លាំងពេកសម្រាប់ទៅឱ្យដល់ តែតាមពិតទៅ ប្រសិនបើយើងខិតខំប្រឹងប្រែងពេញ 1ឆ្នាំ យើងអាចយកបាន…។
យុវតី ហុង រស្មីមរកត បាននិយាយថា៖ “ការតាំងចិត្តជារឿងសំខាន់បំផុតដែលយើងត្រូវមាននៅក្នុងជីវិត។ ប្រសិនបើចង់បាននិទ្ទេស A វាមិនមែនជារឿងងាយស្រួលពេកនោះទេ តែវាក៏មិនលំបាកខ្លាំងរហូតដល់យកមិនបានដែរ ឱ្យតែមានការតស៊ូ និងមានវិន័យច្បាស់លាស់ នោះយើងនឹងអាចជម្នះឧបសគ្គនានាដើម្បីសម្រេចបាននូវនិទ្ទេសដែលយើងប្រាថ្នាមិនខាន”។
សិស្សឆ្នើមនិទ្ទេស A ខាងលើបានលើកឡើងផងដែរថា នៅពេលដែលយើងមានការតាំងចិត្តខ្ពស់ នោះយើងនឹងមានឆន្ទៈធំក្នុងការខិតខំប្រឹងប្រែង។
ឆន្ទៈ និងក្តីស្រមៃនេះហើយដែលជំរុញទឹកចិត្តយើងឱ្យឈ្នះការអូសទាញនៃភាពខ្ជីខ្ជា និងភាពខ្ជិលច្រអូស ដែលនេះជាបច្ច័យដ៏សំខាន់នាំឱ្យទទួលបានជោគជ័យក្នុងការសិក្សា។ យុវតី រស្មីមរកត បានបន្ថែមទៀតថា ដើម្បីរក្សាឱ្យគំនិតស្រឡះល្អ និងទទួលបានជោគជ័យដោយភាពរីករាយ សិស្សានុសិស្សគួរកុំដាក់សម្ពាធខ្លាំងពេកក្នុងការសិក្សា។ សិស្សគួរកុំផ្តោតតែលើការប្រឡងបាក់ឌុប ហើយគិតថា វាលំបាកខ្លាំង និងងប់ងុលជាមួយនឹងការបង្ខំខ្លួនឯងឱ្យខំរៀនជ្រុលហួសហេតុពេក។ អ្វីដែលយើងអាចធ្វើបាន គឺព្យយាមកាត់បន្ថយស្ត្រេស និងតាមដានអារម្មណ៍របស់ខ្លួនឯងផងដែរ។ នៅពេលយើងធ្វើលំហាត់លំបាកខ្លាំង ឬនៅពេលស្ត្រេសពេក យើងមិនគួរបង្ខំខ្លួនឯងឱ្យខំហួសពីសមត្ថភាពនោះទេ អ្វីដែលគួរធ្វើ គឺកត់លំហាត់ដែលពិបាកនោះទុកយកទៅសួរគ្រូ ឬស្រាវជ្រាវនៅពេលក្រោយ ហើយអាចបង្វែរអារម្មណ៍ទៅធ្វើអ្វីផ្សេងដែលចិត្តយើងចង់ធ្វើវិញប្រសើរជាង។ ប្រសិនបើយើងចង់មើលកុន ឬចង់ចេញទៅក្រៅ យើងអាចបណ្តោយឱ្យអារម្មណ៍រីករាយខ្លះបាន ព្រោះជោគជ័យដែលកើតចេញពីសម្ពាធខ្លាំងពេកមិនល្អប៉ុន្មាននោះទេសម្រាប់ជីវិត តែត្រូវចាំផងដែរថា យើងក៏មិនអាចបណ្តែតបណ្តោយខ្លាំងពេកបានដែរ ព្រោះបើយើងធូររលុងខ្លាំងពេក យើងអាចនឹងបរាជ័យក្នុងការសិក្សាក៏អាចថាបានដែរ។
យុវជន តៅ វិល្លៀម សិស្សពូកែនិទ្ទេស A ក្នុងឆ្នាំសិក្សាដូចគ្នានេះដែរបានលើកឡើងថា គាត់ធ្លាប់ជាសិស្សខ្ជិល ហើយញៀនជាមួយការលេងទូរស័ព្ទ និងហ្គេមម្នាក់ មុននឹងក្លាយជាសិស្សនិទ្ទេស A។ ដោយសារតែការតាំងចិត្ត និងមហិច្ឆតាដែលបានកំណត់សម្រាប់ខ្លួនឯង យុវសិស្សរូបនេះអាចអូសទាញខ្លួនឯងបន្តិចម្តងៗពីភាពញៀនលេងទូរស័ព្ទ មកសម្រេចក្តីស្រមៃបាន ព្រោះខ្លួនបានដាក់គោលដៅថា ចង់បាននិទ្ទេសA ឬ B។ ដំបូងឡើយ ការកំណត់គោលដៅយកនិទ្ទេសA នេះ បានបង្កើតជាសម្ពាធដ៏ច្រើន ព្រោះគ្រប់គ្នាគិតថា វាជារឿងធំពេក តែទោះជាយ៉ាងណាក្តី សិស្សឆ្នើមរូបនេះនៅតែគិតថា គាត់អាចទៅរួច!។
សិស្សឆ្នើម តៅ វិល្លៀម និយាយថា៖ “មនុស្សខ្លះគិតថា និទ្ទេស A មិនសំខាន់ពេកទេសម្រាប់ថ្នាក់សាកលវិទ្យាល័យ តែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា វាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះខ្ញុំចាត់ទុកថា វាជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងតាំងពីតូចរបស់ខ្ញុំ ហើយការទទួលបាននិទ្ទេស A ក៏ជាមោទកភាពមួយផងដែរចំពោះខ្លួនខ្ញុំផ្ទាល់ គ្រួសារ សាលា និងសង្គម”។
សិស្សឆ្នើមខាងលើបានបន្ថែមទៀតថា ក្រោយពេលកំណត់គោលដៅច្បាស់លាស់ហើយ រូបគេបានប្រើប្រាស់ឆន្ទៈនៃគោលដៅនោះធ្វើជាវិធីដើម្បីជម្នះខ្លួនឯង។ គាត់ដឹងច្បាស់ថា ប្រសិនបើនៅតែជក់ជាមួយនឹងទូរស័ព្ទខ្លាំងទៀត ក្តីស្រមៃរបស់គេនឹងមិនអាចក្លាយជាការពិតបានឡើយ ហេតុនេះរូបគេក៏បង្កើតវិន័យលើខ្លួនឯងឡើង ដោយនឹងមិនប៉ះទូរស័ព្ទឡើយ រហូតទាល់តែធ្វើលំហាត់ ឬមើលមេរៀនចប់គ្រប់ចំនួនតាមដែលខ្លួនគេបានកំណត់។ ម្យ៉ាងវិញទៀត នៅពេលខ្ជិលម្តងៗ យុវសិស្សខាងលើបានប្រើប្រាស់អារម្មណ៍នឹកដល់ទឹកចិត្តគ្រូដែលខំចំណាយកម្លាំងងើបមកបង្រៀនតាំងពីព្រលឹម ដើម្បីដុសខាត់សមត្ថភាពសិស្សមុនពេលប្រឡង ហេតុនេះខ្លួនគេត្រូវតែខំដើម្បីឱ្យស្មើនឹងអ្វីដែលជាតម្លៃនៃការលះបង់ និងខិតខំរបស់គ្រូរបស់ខ្លួនដែរ។ បន្ថែមពីលើនេះ យុវសិស្សខាងលើបានបន្ថែមទៀតថា បន្ទាប់ពីអភិវឌ្ឍសមត្ថភាពបានហើយ អ្វីដែលត្រូវគ្រប់គ្រងខ្លួនឯងឱ្យបាន គឺកុំក្អេងក្អាង និងមើលងាយស្ថានការណ៍ឱ្យសោះ។ ហើយអ្វីដែលគួរពិចារណាផងដែរនោះគឺ មុនប្រឡង1ថ្ងៃ ចូរកុំឱ្យមានអ្វីជ្រុះ កុំឱ្យមានអ្វីបាក់ ឬកុំឱ្យមានបែករបស់របរអ្វីឱ្យសោះ ព្រោះពេលខ្លះជំនឿក៏អាចនាំឱ្យយើងមានជំនឿចិត្ត និងសំណាងល្អបានដូចគ្នាដែរ៕