ក្លិបទូកក្តោង Everton បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិអង់គ្លេស Michael Keane ពីក្លិប Burnley ក្នុងតម្លៃខ្លួនមួយដែលអាចនឹងកើនដល់ចំនួន30លានផោន (ស្មើនឹង38.8លានដុល្លារអាមេរិក)។
Keane វ័យ24ឆ្នាំ បានផ្ទេរទៅកាន់កីឡដ្ឋាន Goodison Park ក្រោយពីបានយល់ព្រមចុះហត្ថលេខារយៈពេល5ឆ្នាំ។ ខ្សែការពារអង់គ្លេសរូបនេះ គឺជាកីឡាករចំណូលថ្មីទី5របស់ក្លិប Everton នារដូវក្តៅនេះ ខណៈដែលខ្សែប្រយុទ្ធ Sandro Ramirez របស់ក្លិប Malalga ក៏បានចូលរួមមួយនឹងក្រុមទូក ក្តោងនេះផងដែរ ក្នុងតម្លៃខ្លួន5.2លានផោន។ ការចុះហត្ថលេខាជាមួយនឹងកីឡាករថ្មីទាំងនោះ ធ្វើឲ្យ Everton ចំណាយប្រាក់ក្នុងពេលបើកទីផ្សារដោះដូរកីឡាករមកទល់ពេលនេះ មានចំនួនច្រើនជាង90លានផោនហើយ ក្នុងនោះរាប់បញ្ចូលទាំងការនាំយកអ្នកចាំទី Jordan Pickford ក្នុងតម្លៃខ្លួន30លានផោនផងដែរ។ លោក Ronald Koeman គ្រូបង្វឹករបស់ក្លិប Everton បានឲ្យដឹងថា៖ «Michael មានកម្រិតលេងដ៏ខ្ពស់ក្នុងចំណោមកីឡាករដែលយើងចង់នាំយកមកកាន់ Everton នៅរដូវក្តៅនេះ ហើយខ្ញុំពិតជារីករាយណាស់ដែលរូបគេស្ថិតនៅទីនេះ»។ Kean បានបញ្ជាក់ថា ការពិភាក្សាជាមួយនឹងគ្រូបង្វឹករបស់ Everton គឺលោក Ronald Koeman ដែលធ្លាប់បានលេងឲ្យក្លិប Barcelona ក្នុងតំណែងខ្សែការពារដូចគ្នាដែរនោះ បានធ្វើឲ្យរូបគេមានការជឿជាក់ក្នុងការចូលរួម។
ខ្សែការពាររូបនេះបានឲ្យដឹងថា៖ «អ្នកតែងតែចង់លេងឲ្យអ្នកចាត់ការទូទៅម្នាក់ដែលជឿជាក់លើរូបអ្នក។ ខ្ញុំចង់ទៅកន្លែងណាដែលខ្ញុំបានស្ថិតក្រោមការចង់បានដោយបុគ្គលិក កីឡាករ និងអ្នកគាំទ្រ»៕
ប្រភពពី៖ BBC