មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាដៃគូជាមួយអង្គការ ជេម៉ាស់(JMAS)របស់ជប៉ុនលើគម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីនដែលមានថវិកាគាំទ្រគម្រោងជាង 40ម៉ឺនដុល្លារអាមេរិកសម្រាប់រយៈពេល1ឆ្នាំ។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ មានការចូលរួមពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ និងលោក SUENAGA Noriyoshi ប្រធានអង្គការជេម៉ាស់ ប្រចាំប្រទេសកម្ពុជា នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នារសៀលថ្ងៃទី7 ខែតុលា ឆ្នាំ2019នេះ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍តាមរយៈការបោសសម្អាតមីនដែលមានថវិកាគាំទ្រគម្រោងចំនួន 401,650.27ដុល្លារសម្រាប់រយៈពេល1ឆ្នាំ គិតពីថ្ងៃទី8 ខែតុលា ឆ្នាំ2019 ដល់ថ្ងៃទី7 ខែតុលា ឆ្នាំ2020។
លោកអគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ទៀតថា គម្រោងនេះស៊ីម៉ាក់ផ្តោតសំខាន់ទៅលើស្រុកគោលដៅចំនួន2 គឺស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ ដែលជាទីតាំងប្រតិបត្តិការរបស់គម្រោង។
ជំនួយឥតសំណងដែលរាជរដ្ឋាភិបាលជប៉ុនផ្ដល់ជូនដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុននៅកម្ពុជា គឺត្រូវបានផ្ដល់ឱ្យអង្គការសកម្មភាពកម្ចាត់មីនជប៉ុន អង្គការ JMAS សម្រាប់ «គម្រោងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ តាមរយៈការបោសសម្អាតមីន ក្នុងខេត្តបន្ទាយមានជ័យ» (ឆ្នាំទី3)។
នៅក្នុងគម្រោងនេះ JMAS នឹងធ្វើការអភិវឌ្ឍលើបច្ចេកទេសបោសសម្អាតមីនដោយប្រើម៉ាស៊ីនដោះមីននៅតំបន់ដែលពោរពេញទៅដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXOs) នៅលាយឡំគ្នា។
អង្គការនេះក៏នឹងផ្ទេរវិធីសាស្រ្តបោសសម្អាតមីនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ក្នុងគោលបំណងបង្កើនសមត្ថភាព និងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើឱ្យដីប្រទេសជាតិមានសុវត្ថិភាព៕