ក្លិប West Bromwich Albion បានបំពេញការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jay Rodriguez មកពីក្លិប Southampton ជាផ្លូវការក្នុងតម្លៃខ្លួន12លានផោន (ស្មើនឹង15.5លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធវ័យ27ឆ្នាំរូបនេះ បានជួបភាពត្រដាបត្រដួសដោយសារតែរបួសក្នុងពេលចំណាយពេល5ឆ្នាំរបស់គេនៅឯក្លិប Southampton ដោយបានស៊ុតបាល់បញ្ចូលទី32គ្រាប់ ក្នុងការបង្ហាញខ្លួន126លើក។ រដូវកាលដ៏ជោគជ័យរបស់គេ គឺនៅក្នុងឆ្នាំ2013-2014 ដែលនៅពេលនោះរូបគេបានស៊ុតបាល់បញ្ចូលទី15គ្រាប់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League និងបានធ្វើឲ្យគេបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេសជាលើកដំបូងទៀតផង។ Rodriguez ដែលស្ថិតក្នុងគោលដៅរបស់លោក Tony Pulis ដែលជាគ្រូបង្វឹកយូរមកហើយនោះ បានឲ្យដឹងថា៖ «ក្រោយពីស្ទើរតែអវត្តមានទាំងស្រុងអស់រយៈពេល2រដូវកាល ខ្ញុំពិតជាស្រេកឃ្លានក្នុងការមកទីនេះខ្លាំងណាស់»។ ខ្សែប្រយុទ្ធរូបនេះបានបន្ថែមទៀតថា៖ «រឿងដ៏សំខាន់បំផុតសម្រាប់រាល់កីឡាករទាំងអស់ គឺការត្រូវការពីក្លិបផ្សេង ហើយលោក Tony Pulis និង West Brom បានបញ្ជាក់យ៉ាងច្បាស់ពីកម្រិតដែលពួកគេចង់ឲ្យខ្ញុំចូលរួមជាមួយ។ នោះគឺជាភាពអស្ចារ្យសម្រាប់កីឡាករបាល់ទាត់ទាំងអស់»។
Rodriguez បានអវត្តមានក្នុងរដូវកាលឆ្នាំ2014-2015ទាំងមូល ក្រោយពីរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ ហើយបន្ទាប់មកបានរងរបួសកជើងកាលពីខែវិច្ឆិកា ឆ្នាំ2015 ដោយបានបង្ហាញខ្លួនត្រឹមតែ16លើកប៉ុណ្ណោះនៅរដូវកាលនោះនៅមុនពេលស៊ុតបាល់បញ្ចូលទីបាន6គ្រាប់ក្នុងការបង្ហាញខ្លួន34លើកកាលពីរដូវកាលមុន៕
ប្រភពព័ត៌មាន៖ BBC