«Gemini Man » គឺជាភាពយន្ដវាយតប់បាញ់ប្រហារដែលសម្តែងកំពូលតារាសម្ដែងហូលីវូត ដោយ វីលស្មីត ( Will Smith )ជាតួអង្គ Henry Brogan ឃាតករដ៏ប៉ិនប្រសប់។ លោកបានក្លាយជាគោលដៅដ៏ធំក្នុងការចាប់ខ្លួនពីមន្រ្តីប្រតិបត្តិការសម្ងាត់។ អ្នកដឹកនាំរឿងបានធ្វើការច្នៃប្រឌិតខ្ពស់ក្នុងការផលិត ដែលតម្រូវឱ្យមួយរឿងនេះ វីលស្មីត សម្ដែងជាតួអង្គមនុស្សក្លូន ដែលមើលទៅហាក់បីដូចជាមនុស្សភ្លោះ តែវ័យខុសគ្នា 30 ឆ្នាំ។
ភាពយន្ដនេះត្រូវបានដឹកនាំសម្ដែងដោយម្ចាស់ពានរង្វាន់អូស្ការជាច្រើនរឿងគឺលោក Ang Lee សហការផលិតជាមួយផលិតករភាពយន្ដធំទៀតដូចជា Gerry Bruckheimer, David Ellison, Dana Goldberg and Don Granger។ បើយោងតាមសារព័ត៌មានកម្សាន្ដបរទេស លោក Ang Lee បានប្រាប់ឱ្យដឹងថា ភាពយន្ដមួយប្រភេទគឺមិនមែនជារឿងដែលងាយស្រួលក្នុងការផលិតជាភាពយន្ដនោះទេ។ យ៉ាងណាក៏ដោយ យើងត្រូវអរគុណចំពោះបច្ចេកវិទ្យាសម័យថ្មី ដែលអាចធ្វើឱ្យយើងអាចបង្កើត ឬក្លូនតួអង្គ Will Smith បានជាច្រើននាក់ ដោយមានភាពស្រដៀងគ្នា ក៏ប៉ុន្ដែមិនដូចគ្នាទេ។ នេះយើងចាត់ទុកថា មិនមែនជាភាពងាយស្រួលក្នុងការក្លូន Will Smith ឱ្យក្លាយជាមនុស្សពីរផ្សេងគ្នា ហើយសម្ដែងក្នុងឈុតឆាកវាយតប់ក្នុងប្លង់តែមួយ។
យ៉ាងណាមិញ កំពូលតារាសម្ដែងអន្ដរជាតិ Will Smith ក៏បានបង្ហើបប្រាប់សារព័ត៌មានបរទេសដែរថា «ធ្វើការងារនៅក្នុងខ្សែភាពយន្តនេះ គឺជាបញ្ហាប្រឈមទាំងផ្នែករាងកាយនិងផ្លូវចិត្ត។ ព្រោះថា នោះគឺជាអ្វីដែលខ្ញុំចង់បានបំផុតនៅក្នុងអាជីពជាតារាសម្ដែងរបស់ខ្ញុំ។ អ្នកដឹកនាំរឿង Ang Lee បានធ្វើឱ្យអ្នកទស្សនាដកនូវបទពិសោធន៍ថ្មីសន្លាងនៅក្នុងរោងកុន ដែលខុសប្លែកពីភាពយន្ដដ៏ទៃ។ ខ្សែភាពយន្តនេះមិនមែនគ្រាន់តែជាខ្សែភាពយន្តវាយតប់បាញ់ប្រហារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការស្វែងរកឯកលក្ខណៈថ្មីនៃភាពយន្ដផងដែរ។ ជាក់ស្ដែង ខ្ញុំត្រូវអ្នកដឹកនាំតម្រូវឱ្យសម្ដែងជា មនុស្សវ័យ ៥០ ឆ្នាំផង និងជាកំឡោះអាយុ ២៣ ឆ្នាំផង។ បច្ចេកទេសទាំងការ Make Up បិទបាំង និងបច្ចេកវិទ្យាកាត់ទំនើបផង បានក្លូនតួអង្គខ្ញុំជាមនុស្សពីរផ្សេងគ្នា ដែលមើលទៅហាក់បីដូចជា មនុស្សពីរនាក់មកសម្ដែងពិតៗ»។
កាន់តែជាក់ច្បាស់ពីសាច់រឿងល្អមើល «Gemini Man » ប្រហោងពោះដល់កម្រិតណានោះ សូមកុំភ្លេចទៅទស្សនានៅរោងភាពយន្ដ Major Cineplex By Smart គ្រប់សាខាពីថ្ងៃទី 10 ខែតុលា ឆ្នាំ 2019 នេះតទៅហើយ!!៕