មហាជនជាច្រើននាក់ធ្លាប់បានទស្សនាវីដេអូស្ពតពាណិជ្ជកម្ម វីអូចម្រៀង ភាពយន្ដខ្លីៗ និងវីដេអូឯកសារខ្លីៗល្អៗ ដែលបានកោតសរសើរពីស្នាដៃអ្នកផលិតវីដេអូ។ ជាក់ស្ដែងតាមរយៈស្ពត និងភាពយន្តខ្លីៗ និយាយជាភាសាអង់គ្លេស និងសម្ដែងដោយជនបរទេស ដូចជាក្នុងរឿង”Boy” រឿង”Evoking ឬ ដាស់វិញ្ញាណ” និងរឿងជាច្រើនទៀត ទាំងនោះសុទ្ធសឹងតែជាស្នាដៃរបស់ផលិករឈ្មោះ Tim Pek (ធីម បុិក) ម្ចាស់ពានរង្វាន់ ពីការផលិតភាពយន្តរឿង”វិញ្ញាណក្រហម ឬ The Red Sense” នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០០៦ គេស្មានតែផលិតកររូបនេះគឺជាជនបរទេស។
យ៉ាងណាមិញ ម្នាក់ៗមិនបានចាប់អារម្មណ៍ថា អ្នកផលិតវីដេអូនោះជាកូនខ្មែរនោះតេ នៅពេលដឹងថា លោក គឺជាជនជាតិខ្មែរ ហើយលោកមានស្នាដៃរាប់មិនអស់ក្នុងការផលិតភាពយន្តខ្លីៗ ស្ពត និងជំនាញកាត់តជាដើម ដែលអាចនិយាយបានស្នាដៃដែលលោករំលេចឡើងគឺមិនចាញ់ផលិតករបរទេស។ ក្នុងកិច្ចសម្ភាសន៏តាមសារអេឡិចត្រូនិចពីប្រទេសអូស្ត្រាលី លោក ធីម បុិក ផលិតករជនជាតិខ្មែររស់នៅក្នុងប្រទេសអូស្ត្រាលីបានថ្លែងបញ្ជាក់ថា ដោយសារតែលោកបានទទួលការបណ្ដុះបណ្ដាលក្នុងជំនាញផលិតភាពយន្តទាំងការផលិតស្ពត វីដេអូឯកសារ ជាអ្នកកាត់ត និង ចាក់ពណ៌វីដេអូ នៅក្នុងប្រទេសអូស្ត្រាលី ទើបលោករមែងផលិតភាពយន្តខ្លីៗ ជាពិសេសរឿងខ្លីរន្ធត់ៗ និងព្រឺព្រួច ហើយដាក់បង្ហោះនៅលើយូធូប។ មកទល់ពេលនេះលោកផលិតបានច្រើនរឿងហើយ ដោយភាពយន្តខ្លីនីមួយៗ លោកក៏នឹងមានគំនិតបន្លាយជាភាពយន្តខ្នាតធំ ប្រសិនបើមានដៃគូសហការបោះទុន ចង់ឱ្យលោកផលិត។ កាលពីខែ៩កន្លងទៅ ក្នុងពេលលោកមកលេងនៅកម្ពុជា លោកក៏បានផលិតស្ពតខ្លីក្រោមចំណងជើងថា«Cambodia’s Wonderland» ដែលឆ្លុះបញ្ចាំងពីអច្ឆរិយៈនៃកម្ពុជា។ ពេលកន្លងមកលោកក៍ចុះមកផលិតស្ពត និងរឿងខ្លីៗជាច្រើនលើទឹកដីខ្មែររាប់មិនអស់ផងដែរ។
ផលិតកររូបនេះបានបន្ដទៀតថា ខ្លួនទទួលបានការទទួលស្គាល់លើជំនាញផលិតប្លង់រឿង សំឡេង និងបច្ចេកទេសថត ជាយូរមកហើយ ទើបនៅក្នុងប្រទេសអូស្ត្រាលីលោកទទួលជោគជ័យក្នុងការបើកក្រុមហ៑ុនផលិតស្ពត ផលិតវីដេអូឯកសារ ជំនាញកាត់ត ចាក់ពណ៌កុន និង Sound ជាដើម នៅក្នុងប្រទេសអូស្ត្រាលី ដោយក្នុងពេលដ៏ខ្លី លោកក៏នឹងគ្រោងចុះមកផលិតភាពយន្តដោយជ្រើសយកជនជាតិខ្មែរនៅលើទឹកដីកម្ពុជា អោយសម្ដែងផងដែរ។ លោកថា ភាពយន្តខ្លីៗដែលលោកផលិតឡើងកន្លងមក បើទោះជានិយាយភាសាបរទេស និងមើលរសជាតិដូចជាភាពយន្តបរទេស ប៉ុន្តែមិនមានស្នាដៃណាមួយ ដែលគ្មានការចូលរួមសម្ដែងពីជនជាតិខ្មែរ នោះទេ។ ជាក់ស្ដែងក្នុងរឿង ”Boy” ដែលមានការចាប់អារម្មណ៍ក្រោយការបង្ហោះនោះ តួអង្គក្មេងប្រុសគឺជាជនជាតិកម្ពុជា ខណៈដែលតួអង្គស្រីជាជនជាតិហ្វីលីពីន និងមានជនជាតិអូស្ត្រាលីចូលរួមសម្ដែងដែរ។ លោកប្រកាសថាចង់ឱ្យអន្តរជាតិដឹងថា ជនជាតិកម្ពុជាក៏មានលទ្ធភាពផលិតភាពយន្តកម្រិតបរទេសមិនចាញ់គ្នា ទើបលោកតែងផលិតរឿងខ្លីថ្មីៗ ដាក់បង្ហោះជារឿយៗ។
ខាងក្រោមនេះជាស្នាដៃខ្លះៗ របស់លោក ដែលស្ទើរតែមើលមិនដឹងថាជាការផលិតដោយជនជាតិកម្ពុជា៖