អតីតប្រធានក្រុមក្លិប Chelsea និងក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស John Terry បានចូលរួមជាមួយនឹងក្លិប Aston Villa របស់ក្របខ័ណ្ឌ Championship ក្នុងកិច្ចសន្យារយៈពេលមួយឆ្នាំ។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃចន្ទ នៅលើគេហទំព័ររបស់ពួកគេ។
Terry បានប្រាប់គេហទំព័ររបស់ Aston Villa ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចូលរួមជាមួយនឹង Aston Villa។ វាជាក្លិបមួយដែលខ្ញុំបានកោតសរសើរអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ Terry បានប្រាប់បន្តថា៖ «វាមានហេដ្ឋរចនាសម្ព័ន្ធដ៏អស្ចារ្យនៅ Bodymoor Heath ខណៈដែល Villa Park ជាកីឡដ្ឋានមួយក្នុងចំណោមកីឡដ្ឋានដ៏ស្រស់ស្អាតបំផុតក្នុងប្រទេសនេះ ហើយវាមានកីឡាករឆ្នើមៗជាច្រើននៅទីនេះ រួមជាមួយនឹងអ្នកចាត់ការទូទៅប្រកបដោយបទពិសោធ និងជោគជ័យដូចជាលោក Steve Bruce»។ ខ្សែការពារវ័យ36ឆ្នាំរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជាចង់ចាប់ផ្តើមលេងនៅពេលនេះ និងសម្លឹងឆ្ពោះទៅកាន់ការជួយដល់ក្រុមនេះឲ្យសម្រេចបាននូវសមិទ្ធផលដ៏ពិសេសក្នុងរដូវកាលនេះ»។ Terry បានក្លាយជាកីឡាករមិនជាប់កិច្ចសន្យាលេងឲ្យក្លិបណាទាំងអស់កាលពីចុងសប្តាហ៍មុន ក្រោយពីបានចំណាយពេលអស់22ឆ្នាំនៅឯកីឡដ្ឋាន Stamford Bridge ជាកន្លែងដែលរូបគេបានលេងក្នុងអាជីពទាំងមូលរបស់គេក្នុងក្របខ័ណ្ឌ Premier League។
រូបគេបានធ្វើការបង្ហាញខ្លួនជាលើកចុងក្រោយរបស់គេសម្រាប់ក្រុមម្ចាស់ជើងឯក Chelsea កាលពីខែឧសភា មុននឹងត្រូវបានប្តូរចេញនៅនាទីទី26ក្នុងការប្រកួតនោះ ដើម្បីស្របទៅតាមលេខអាវរបស់គេ។ ប៉ុន្តែ បើទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លិប West Bromwich Albion, Stoke City និង Bournemouth ក៏ដោយ ប៉ុន្តែ Terry ត្រូវបានបញ្ចុះបញ្ចូលឲ្យទៅលេងក្នុងក្របខ័ណ្ឌលំដាប់ទី២ដោយលោក Bruce គ្រូបង្វឹករបស់ Aston Villa៕
ប្រភពពី៖ BBC