នៅដើមសប្ដាហ៍ទីពីរ ខែកក្កដា ខាងមុខនេះអ្នកដែលគាំទ្រOriginal Song របស់ផលិតកម្ម Galaxy ពិសេសអ្នកនិយមបទ«ឱ្យតែគិត ចេះតែចង់យំ» នឹងបានទស្សនាMV បទនេះយ៉ាងរីករាយហើយ ខណៈបទនេះត្រូវបានចំណាយទុនពីម្ចាស់ផលិតកម្មអស់ 7 ពាន់ដុល្លារអាមេរិក។
លោក ឡេង ណាវ៉ាត់ត្រា ចាងហ្វាងផលិតកម្មGalaxyបានលើកឡើងថា បន្ទាប់ពីចំណាយពេលវេលា និងថវិកាដ៏ច្រើនក្នុងការផលិតបទចម្រៀងសំណព្វចិត្ដខ្លួនហើយ លោកគ្រោងនឹងចេញបទនេះ នៅដើមសប្ដាហ៍ទីពីរ ខែកក្កដាខាងមុខ។ លោកបន្ដថា មុននឹងចេញMVបទ«ឱ្យតែគិត ចេះតែចង់យំ»នេះលោកបានធ្វើការយ៉ាងសម្រិតសម្រាំងជាមួយក្រុមការងារ ពិសេសពិនិត្យលើSound ដើម្បីទទួលបានការគាំទ្រពីសាធារណជន។
ចាងហ្វាងផលិតកម្មរូបនេះបានបញ្ជាក់ថា មូលហេតុបទនេះត្រូវចំណាយថវិកាច្រើនក្នុងការផលិត ព្រោះលោកចង់បានផលិតផលល្អដែលធ្វើឡើងដោយការសម្រិតសម្រាំងទាំងការចាប់យករូបភាពល្អៗ និងការប្រើសម្ភារទំនើបៗ។ ក្នុងបទនេះក៏បានផ្ដិតយករូបភាពពីតំបន់ពិសេសនៅក្នុងទីក្រុងភ្នំពេញ និងតំបន់មួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកបន្ដថា៖«ខ្ញុំធ្វើបែបនេះគ្មានគោលបំណងចង់បានប្រាក់ចំណេញទេ គឺខ្ញុំគ្រាន់តែចង់សាកល្បងថា តើគុណភាពដែលខ្ញុំធ្វើចេញទៅអាចតម្រូវទៅតាមទីផ្សារបរទេសបានដែរឬទេ? ព្រោះខ្ញុំបានចាត់ទុកថាMVបទនេះថា គ្រាន់តែជាគ្រឹះក្នុងការចាប់ផ្ដើមការផលិតភាពយន្ដរបស់ខ្ញុំតែប៉ុណ្ណោះ ប្រសិនបើមានការគាំទ្រពីទីផ្សារបរទេសខ្ញុំនឹងអនុវត្តតាមស្ដង់ដារនេះតែម្តង»។
តារាចម្រៀងនៅក្នុងបទនេះបានបញ្ជាក់ទៀតថា កន្លងមកយើងសង្កេតឃើញថា គុណភាពខ្សែភាពយន្ដរបស់ខ្មែរយើងនៅមានកម្រិតនៅឡើយ ពុំទាន់អាចយកទៅបញ្ជ្រាបចូលទីផ្សារបរទេសបានទេ។ ប្រសិនបើយកទៅលក់បានក៏ពុំសូវមានការគាំទ្រដែរ។ យើងអាចនិយាយបានថា គុណភាពនៃភាពយន្ដរបស់យើងនៅដើរក្រោយគេច្រើនឆ្នាំណាស់។ ណាវ៉ាត់ត្រា បញ្ជាក់បន្ថែមថា៖ «អ៊ីចឹងហើយទើបខ្ញុំចង់ធ្វើឱ្យភាពយន្ដក្រោយៗប្រកបដោយគុណភាពល្អ ប្រសិនបើទៅអនាគតខ្ញុំមានលុយច្រើន ខ្ញុំនឹងដកយក20%ពីអ្វីដែលខ្ញុំមានមកវិនិយោគលើឧស្សហកម្មភាពយន្ដ ធ្វើយ៉ាងណាឱ្យខ្សែភាពយន្ដរបស់យើងមានគុណភាពល្អ»៕