បេក្ខភាពបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០១៩ ទាំង 25 រូប បានធ្វើដំណើរទស្សនាកិច្ច និងស្វែងយល់បន្ថែមពីគ្រឿងសម្អាង និងការថែរក្សាស្បែកមុខ នៅក្រុមហ៊ុនហ្វាម៉ាស៊ី នៅថ្ងៃទី 7 ខែតុលា ម្សិលមិញនេះ ។ នៅក្នុងនោះ កញ្ញា រំដួលលិចទឹក បានប្រាប់សារព័ត៌មានឡារ៉ែនថា ក្នុងវគ្គប្រកួតនេះ តម្រូវឱ្យបេក្ខនារីទាំងអស់ប្រកួតពីការផាត់មុខ តែមិនមានការជម្រុះទេ និងគ្រាន់តែឱ្យស្វែងយល់ពីរបៀបរបបរបស់ស្ត្រី ដែលបានថែរក្សាខ្លួនឯងឱ្យស្រស់ស្អាតតាំងពីចុងក្បាល ដល់ចុងជើង។ កញ្ញាបានសង្កត់ធ្ងន់លើពាក្យមួយឃ្លាថា « បវរកញ្ញាមិនមែនស្អាតតែរូបសម្បត្តិនោះទេ កិរិយាមាយាទក៏ត្រូវតែស្អាតព្រមគ្នាដែរ !»។
កញ្ញា រំដួលលិចទឹក អគ្គនាយិកាបវរកញ្ញាភពផែនដីកម្ពុជាឆ្នាំ២០១៩ បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យបេក្ខនារីកាន់តែយល់ដឹងពីការប្រើប្រាស់គ្រឿងសម្អាង និងដើម្បីឱ្យស្អាតជាប្រចាំ ទើបកម្មវិធីតម្រូវឱ្យមានការប្រកួតប្រជែងគ្នាផាត់មុខ ដើម្បីស្វែងរកបេក្ខនារីឆ្នើមម្នាក់ ដែលយល់ដឹងពីរបៀបប្រើប្រាស់ផលិតផលគ្រឿងសម្អាងជាងគេ។ កញ្ញានិយាយថា«ដោយសារការប្រកួតបវរកញ្ញា កម្មវិធីតម្រូឱ្យស្អាតគ្រប់ពេល ដូច្នេះសំខាន់ខ្លាំងណាស់ សម្រាប់បេក្ខនារីមួយរូប ដែលចេះពីរបៀបផាត់មុខជួយខ្លួនឯង»។ យ៉ាងណាមិញកញ្ញាថា ដំណើរទស្សនកិច្ច និង ប្រកួតផាត់មុខនៅក្នុងក្រុមហ៊ុនអុឹមអុឹមហ្វាម៉ានោះ មិនមានការជម្រុះបេក្ខនារីនោះទេ គឺគ្រាន់តែចង់ស្វែងរកបេក្ខនារីដែលពូកែផាត់មុខដែលល្អជាងគេ ដើម្បីកត់សម្គាល់ប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ លោក សុឹម មាស អគ្គនាយកក្រុមហ៑ុន អុឹមអុឹមហ្វាម៉ា បានអះអាងថា ដោយសារការប្រកួតបវរកញ្ញា ជាការរៀបចំដោយជនជាតិកម្ពុជា ទើបលោកសម្រេចជ្រោមជ្រែង ដោយបានទាំងត្រៀមគ្រឿងសម្អាងជាច្រើន ដើម្បីចូលរួមឧបត្ថម្ភ។ ក្នុងដំណើរទស្សនកិច្ចនោះ គេឃើញបេក្ខនារីទាំង25រូប បានបញ្ចេញអស់សមត្ថភាពក្នុងការ Make Up ខ្លួនឯងអោយមើលទៅឃើញស្រស់ស្អាត ខណៈដែលបេក្ខនារីមួយរូប ក៏ត្រូវបានវាយតម្លៃថា ផាត់មុខបានល្អក្រោយបញ្ចប់ប្រកួតប្រជែង៕