កាលពីថ្ងៃទី6 ខែតុលា ឆ្នាំ2019 ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់បានបញ្ចេញបញ្ជីឈ្មោះកីឡាករចំនួន 23រូបចុងក្រោយ សម្រាប់ត្រៀមប្រកួតវគ្គជម្រុះ FIFA WORLD CUP 2020 ជាមួយនឹងកម្ពុជានៅថ្ងៃទី10 ខែតុលា ឆ្នាំ2019 នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់។
គួរឱ្យដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ គឺជាក្រុមដែលខ្លាំងជាងគេបង្អស់ប្រចាំទ្វីបអាស៊ី ដែលបច្ចុប្បន្នកំពុងតែឈរលើលេខ1 ប្រចាំទ្វីបមួយនេះ ដោយសារសម្បូរទៅដោយកីឡាករដែលមានទេពកោសល្យខ្ពស់ ជាពិសេសកីឡាករដែលលេងនៅក្នុងលីកកំពូលៗនៃទ្វីបអឺរ៉ុប។ ក្នុងនោះដែរ កីឡាករម្នាក់ គឺ Alireza Jahanbakhsh ដែលលេងឱ្យក្រុម Brighton & Hove Albion នៅក្របខ័ណ្ឌលីកកំពូលរបស់អង់គ្លេសបែរជាត្រូវរងរបួសជង្គង់ធ្វើឱ្យរូបគេត្រូវបានដកចេញពីបញ្ជីឈ្មោះកីឡាករជម្រើសជាតិភ្លាមៗតែម្ដង។
កីឡាករចំនួន 23រូបដែលស្ថិតក្រោមការដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប៊ែលហ្ស៊ិក លោក Marc Robert Wilmots ក្នុងនោះរួមមានអ្នកចាំទី 3នាក់ ខ្សែការពារ 8នាក់ ខ្សែបម្រើ 8នាក់ និងខ្សែប្រយុទ្ធ 4នាក់ ហើយក្នុងចំណោម 23នាក់នេះ មាន 9នាក់ប្រកបអាជីពជាកីឡាករបាល់ទាត់ក្រៅប្រទេសអ៊ីរ៉ង់ ដូចជានៅកាតា ប៊ែលហ្ស៊ិក ព័រទុយហ្គាល់ និងរុស្ស៊ីជាដើម៕