ដំណាំម្នាស់ ពិសេសម្នាស់ទឹកឃ្មុំ ដោយសារតែវាអាចរស់បាននៅក្នុងតំបន់ដែលមានសីតុណ្ហភាពមធ្យមពី 26 ទៅ 28អង្សាសេ ធ្វើឱ្យម្នាស់ក្លាយជាដំណាំហូបផ្លែមួយប្រភេទដែលងាយស្រួលដាំ ដោយសារវាលូតលាស់លឿន និងឆាប់ឱ្យផល ដែលបច្ចុប្បន្ន ខ្មែរយើងមានបច្ចេកទេសដាំម្នាស់តែក្នុងរយៈពេល 6ខែ ទៅ 7ខែប៉ុណ្ណោះនឹងទទួលបានផល ហើយដំណាំនេះកំពុងត្រូវបានប្រជាពលរដ្ឋនាំគ្នាដាំនៅគ្រប់ខេត្ត-ក្រុងនៅក្នុងប្រទេសកម្ពុជា និងដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារដែលកំពុងត្រូវការច្រើនផងដែរ។
កសិករដាំម្នាស់ទឹកឃ្មុំ នៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក សាយ ពន្លឺករុណា បានផ្តល់បទសម្ភាសប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖ “គ្រួសារខ្ញុំ ចាប់ផ្តើមប្រកបរបរដាំម្នាស់អស់រយៈពេល 10ឆ្នាំមកហើយ ដោយបានដាំដុះនៅលើផ្ទៃដីចំនួន 15ហិកតា ប៉ុន្តែបច្ចុប្បន្ននៅសល់តែ 2ហិកតាប៉ុណ្ណោះ ដោយសារខ្ញុំបានបង្វិលទុនធ្វើសិប្បកម្ម ផលិតភេសជ្ជៈទឹកផ្លែម្នាស់វិញ”។
ថ្វីដ្បិតតែកសិករដាំម្នាស់រូបនេះបានភ្ជាប់ខ្លួនទៅនឹងការងារសិប្បកម្មផលិតទឹកផ្លែម្នាស់ក៏ដោយ ក៏លោកនៅតែអាចប្រាប់ពីបច្ចេកទេសដាំដុះម្នាស់ ដែលលោកធ្លាប់មានបទពិសោធច្រើនបង្គួរពីដំណាំផ្លែឈើមួយនេះដែរ។ លោកថា៖“ម្នាស់ 1ហិកតា ខ្ញុំអាចដាំបានចន្លោះពី 36,000កូន ទៅ50,000កូន តែបច្ចុប្បន្នខ្ញុំដាំបានត្រឹមតែ 40.000កូនប៉ុណ្ណោះ (នៅតំបន់ខ្លះមានដង់ស៊ីតេដាំប្រមាណជា 55,000កូនក្នុង 1ហិកតា)ដោយលើកជារងចន្លោះពី 1.2ម៉ែត្រ ទៅ1.5ម៉ែត្រពីគ្នា ហើយដាំឃ្លាតគ្នាពី 1ដើមទៅ 1ដើមចម្ងាយពី 2.5តឹកទៅ 3តឹក។
ក្នុងម្នាស់មួយដើមផ្តល់ផលតែ 1ផ្លែប៉ុណ្ណោះដែលមានទម្ងន់ចាប់ពី 1គីឡូ ទៅដល់3គីឡូក្រាម ទៅតាមផ្លែតូច ឬផ្លែធំ ហើយលក់ក្នុងតម្លៃបោះដុំបាន 3,500រៀល តែអ្នកប្រមូលទិញអាចយកទៅលក់នៅក្នុងទីផ្សារបាន 5,000រៀលទៅ 6,000ក្នុង 1គីឡូក្រាម។
លោក ករុណា បានមានប្រសាសន៍ថា៖“ដើមម្នាស់គេអាចបណ្តុះដោយគ្រាប់(គ្រាប់ម្នាស់នៅក្នុងភ្នែកម្នាស់) រួចយកកូនទៅដាក់ដាំ ឬអាចដាំដោយដើមម្នាស់ដែលនៅខាងចុងផ្លែ ឬខ្នែងដែលនៅលើដើមម្នាស់ក៏បាន។ បច្ចេកទេសដាំម្នាស់បច្ចុប្បន្ន គេប្រើរយៈពេលតែ 6ខែទៅ 7ខែប៉ុណ្ណោះ គឺអាចឱ្យវាចេញផ្លែ(ក្ដិប)បានហើយ និងបន្តពីនោះត្រឹមតែ 2-3ខែទៀតផ្លែម្នាស់នឹងទុំ និងអាចប្រមូលផលបានហើយ។ ខុសពីមុនដែលចាប់ពីពេលដាក់ដាំលើកដំបូងរហូតដល់ពេលប្រមូលផលត្រូវចំណាយពេល 12ខែ”។
លោកថា កន្លងមកទីផ្សារលក់ចេញ គឺម្នាស់មិនមានការលំបាកនោះទេ ដោយលោកបានដាក់លក់ឱ្យអ្នកទេសចរ ដែលធ្វើដំណើរទៅលេងខេត្តរតនគីរី និងខេត្តស្ទឹងត្រែង ក៏អាចលក់អស់ប្រមាណជា 70% ទៅ 80%ដែរ និងមួយចំនួនទៀត យើងផ្គត់ផ្គង់ទៅឱ្យទីផ្សារបន្លែធម្មជាតិនៅក្នុងទីក្រុងភ្នំពេញ។
ដំណាំម្នាស់គេអាចដាំបានគ្រប់រដូវ មិនថារដូវវស្សា ឬរដូវប្រាំងនោះទេ សំខាន់ឱ្យតែមានទឹកស្រោចប៉ុន្តែកសិករខាងលើបានអះអាងថា ដើម្បីឱ្យដើមម្នាស់លូតលាស់បានល្អ គេច្រើនដាំនៅរដូវប្រាំង ហើយស្រោចទឹកជាប់ជាប្រចាំ ព្រោះដើមនឹងលូតលាស់បានល្អជាងដាំនៅរដូវវស្សា ព្រោះថា រដូវវស្សាភ្លៀងធ្លាក់ច្រើនពេក ម្នាស់មិនសូវលូតលាស់ល្អទេ ដូច្នេះធ្វើឱ្យដំណាំនេះក៏មិនសូវជាស្រួលក្នុងការថែទាំប៉ុន្មានដែរ ទាល់តែមានបទពិសោធទើបអាចដាំបានផលល្អ និងអាស្រ័យលើប្រភេទពូជ និងបច្ចេកទេសដាំដុះទៀតផង។ នេះបើតាមអ្នកមានបទពិសោធរូបនេះបានបញ្ជាក់។
លោក ករុណា បានឱ្យដឹងទៀតថា លោកនៅសល់ចម្ការម្នាស់ទឹកឃ្មុំ នៅលើផ្ទៃដីប្រមាណជា 2ហិកតា(1ហិកតាស្មើនឹងជាង 40,000ដើម) ឬសរុបទៅ ប្រមាណជាជាង 80,000ដើម ដែលបច្ចុប្បន្នផ្ទៃដីដាំម្នាស់របស់លោកប៉ុនហ្នឹង មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់សម្រាប់សិប្បកម្មរបស់លោកទេ ព្រោះសិប្បកមរបស់លោកត្រូវការម្នាស់ប្រមាណជា 3តោនទៅ 5តោនក្នុង 1ថ្ងៃ។
ដោយឡែករឿងតម្លៃទឹកផ្លែម្នាស់នៅលើទីផ្សារវិញ លោកករុណា បានប្រាប់កាសែតឡារ៉ែន ពាណិជ្ជថា៖ “សិប្បកម្មទឹកផ្លែម្នាស់ទឹកឃ្មុំរបស់ខ្ញុំ អាចទទួលផលិតបាន 2,500លីត្រក្នុង 1ថ្ងៃ ហើយក្នុង 1ខែសិប្បកម្មខ្ញុំផលិតបានចំនួន 150,000ដប។ ឯតម្លៃលក់បោះដុំ គឺក្នុង1ដប 4,000រៀល ឯអ្នកលក់រាយអាចលក់បានតម្លៃ 5,000 – 6,000រៀលក្នុង1ដប”។
លោក សាយ ពន្លឺករុណា បានបញ្ជាក់ទៀតថា៖“សិប្បកម្មទឹកផ្លែម្នាស់ទឹកឃ្មុំរបស់ខ្ញុំកំពុងដំណើរការចុះបញ្ជីហើយ ដោយមានការជំរុញគាំទ្រពីមន្ទីរពាណិជ្ជកម្មខេត្ត និងក្រសួងឧស្សហកម្ម និងសិប្បកម្ម ព្រោះការផលិតរបស់ខ្ញុំ ធ្វើឡើងតាមបច្ចេកទេសមានស្តង់ដាសុវត្ថិភាព ហើយផ្លែម្នាស់ជាវត្ថុធាតុដើមដែលយកមកប្រើ ក៏ត្រូវចម្រាញ់ និងជាផ្លែម្នាស់ដែលដាំតាមបច្ចេកទេសដែរ ទើបមានការទទួលស្គាល់ពីក្រសួងមន្ទីរ”។
លោក ករុណា បានបញ្ជាក់ទៀតថា៖ “បច្ចុប្បន្នភេសជ្ជៈម្នាស់ទឹកឃ្មុំរបស់ខ្ញុំ ត្រូវបានផ្គត់ផ្គង់ទៅឱ្យទីផ្សារនៅភ្នំពេញ និងតាមបណ្តាខេត្តមានដូចជា សៀមរាប បន្ទាយមានជ័យ និងប៉ោយប៉ែត និងដោយសារតែវាមានតម្រូវការច្រើន ទើបយើងត្រូវការផលិតបន្ថែម ព្រោះយើងក៏លក់តាមអនឡាញដែរ ហើយក៏មានអ្នកបញ្ជាទិញ និងនិយមចូលចិត្តទទួលទានច្រើនហើយដែរ”។
លោកបានប្រាប់កាសែត ឡារ៉ែន ពាណិជ្ជ ទៀតថា៖“ខ្ញុំ ក៏មានគោលបំណងពង្រីកការដាំដុះបន្ថែមទៀតដែរ ជាពិសេសម្នាស់ទឹកឃ្មុំនេះតែម្ដង ដើម្បីផ្គត់ផ្គង់ដល់សិប្បកម្មភេសជ្ជៈរបស់ខ្ញុំដែលកំពុងមានតម្រូវការខ្លាំង បច្ចុប្បន្នខ្ញុំកំពុងពង្រីកការដាំដំណាំម្នាស់ទឹកឃ្មុំនេះឱ្យបាន 5ហិកតាបន្ថែមទៀត ដែលវានឹងហុចផលនៅពេលខាងមុខ”៕